ក្រុម​សកម្មជន​រ៉ូ​ហ៊ីង​យ៉ា​តវ៉ា​ប្រឆាំង​លោកស្រី Aung San Suu Kyi​ នៅ​ជំនួប​កំពូល​អាស៊ាន​ក្នុង​ប្រទេស​អូស្ត្រាលី

136

អូស្ត្រាលី៖ ក្រុម​សកម្មជន​ជាង ​១០០​នាក់​ប្រ​បូល​ផ្ដុំ​គ្នា​ក្នុងឧទ្យាន Hyde Park របស់ទីក្រុងស៊ីដនី ដើម្បីតវ៉ា​សកម្មភាព​របស់មី​យ៉ាន់​ម៉ាមក​លើជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ដោយ​រួមបញ្ចូល​ទាំង​ទីប្រឹក្សា​រដ្ឋ​លោកស្រី Aung San Suu Kyi ផង​ដែរ​នៅ​កិច្ចប្រជុំ​ពិសេសសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​។​​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជិត ៧​សែន​នាក់​បាន​ភៀសខ្លួន​ចេញពី​មី​យ៉ាន់​ម៉ា បន្ទាប់ពី​ការ​វាយប្រហារ​របស់​ពួក​សកម្ម​ប្រយុទ្ធ​ថ្ងៃ​ទី​២៥ ខែ​សីហា ដែល​នាំ​ឲ្យ​មានការ​បង្ក្រាប​ដឹកនាំ​ពី​កងកម្លាំងសន្តិសុខ​ ក្នុង​ភាគ​ខាងលិច​រដ្ឋ​រ៉ា​ក់​ឃី​ន ដែល​អង្គការសហប្រជាជាតិ​ និងសហរដ្ឋអាមេរិកលើក​ឡើង​ថា ​ជា​ការ​សម្លាប់​ផ្ដាច់​ពូជ​ជនជាតិភាគតិច​នេះ។​ មេដឹកនាំ​មី​យ៉ាន់​ម៉ាលោកស្រី Aung San Suu Kyi ទទួលបានការ​ស្វាគមន៍​ ដោយពិធី​ក្បួន​យោធាក្នុងទីក្រុងកង់​បេ​រ៉ានៅ​ថ្ងៃ​ច័ន្ទ​នេះ ជាទី​ដែល​លោកស្រីត្រូវ​បាន​ទទួលស្វាគមន៍ ​ដោយនាយករដ្ឋមន្ត្រី​អូស្ត្រាលី Malcolm Turnbull ដែល​បាន​និយាយ​ថា លោក​នឹង​លើក​យក​បញ្ហា​សិទ្ធិមនុស្ស​មក​ពិភាក្សា ​អំឡុង​ទស្សនកិច្ច​របស់​លោកស្រី​រយៈពេល ​៣​ថ្ងៃ។

ទស្សនកិច្ច​របស់​លោក​ស្រី Suu Kyi មាន​ឡើង បន្ទាប់ពី​លោកស្រី​ចូលរួមក្នុង​កិច្ចប្រជុំ​កំពូល​បណ្ដា​មេដឹកនាំ​អាស៊ាន ក្នុង​ទីក្រុងស៊ីដនីកាលពី​ចុង​សប្ដាហ៍​នេះ បាន​ធ្វើ​ឲ្យមានការ​តវ៉ានៅ​តាម​ដង​ផ្លូវកាលពី​ថ្ងៃ​សៅរ៍៕
អត្ថបទ​៖ សុខ​មាន