ឯកឧត្ដម​ ប៉ុល សារឿន ជំរុញ​មន្ត្រី​បក្ស​នៅ​ខេត្ត​ព្រះសីហនុ​បន្ត​ចុះ​អប់រំ​ប្រជាពលរដ្ឋ​បន្ថែម​ឲ្យ​យល់ដឹង​អំពី​តម្លៃ​សន្តិភាព​

80

ព្រះសីហនុ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ​ប៉ុល សារឿន ​ក្នុងនាម​ជា​សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណៈកម្មាធិការ​កណ្ដាល​ចុះជួយ​ខេត្ត​ព្រះសីហនុ​ បានធ្វើការ​អំពាវនាវ ដល់​សមាជិក​-​សមាជិក​គណបក្ស​ទាំងអស់​ត្រូវតែ​បន្ត​ចុះ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​យល់​ច្បាស់​បន្ថែមទៀត​នូវ​តម្លៃ​សុខសន្តិភាព ដែល​កំពុងមាន​នាពេល​បច្ចុប្បន្ននេះ​។​

ថ្លែង​នៅក្នុង​កម្មវិធី​សន្និបាត​បូកសរុប​សភាពការណ៍​ទូទៅ​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ព្រះសីហនុ​ប្រចាំឆ្នាំ​២០១៧ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០១៨​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៨​នេះ ឯកឧត្តម​បានលើកឡើង​ថា «​សមាជិក​បក្ស​ទាំងអស់​បន្ត​ចុះ​ពន្យល់ ប្រជាពលរដ្ឋ​ឱ្យ​យល់ដឹង​ពី​តម្លៃ​នៃ​សន្តិភាព និង​ចូលរួម​ថែរក្សា​សន្តិភាព ស្ថិរភាព សន្តិសុខ និង​សណ្ដាប់ធ្នាប់​សង្គម​ឱ្យបាន​កាន់តែ​រឹងមាំ ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​។ បន្ត​ពង្រឹង​និង​ពង្រីក សមាជិក​បក្ស​ឱ្យ​ជាប់​ជាប្រចាំ រហូតដល់​ថ្ងៃ​បោះឆ្នោត​សកល​។ បន្ត​កិច្ចការងារ​ត្រួតពិនិត្យ​និង​ក្តាប់​នូវ ទិន្នន័យ​ឱ្យ បាន​គ្រប់​ជ្រុងជ្រោយ​នៃ​សមាជិក​បក្ស​។

បន្ត​ចុះ​ដល់​អង្គ​បោះឆ្នោត មានន័យថា ចុះ​ជួប​ប្រជា ពលរដ្ឋ​ដល់​ខ្នង​ផ្ទះ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​នៅ​សេសសល់​នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ឱ្យ​កាន់តែ​លឿន​ជាង​មុន​»​។​

​​ជាមួយគ្នា​នោះដែរ ​ឯកឧត្តម ​បាន​ថ្លែង​កោតសរសើរ​ចំពោះ​សមិទ្ធផល​ជាច្រើន ដែល គណៈកម្មាធិការ​គណបក្ស​ខេត្ត សម្រេច​បាន​ក្នុង​ឆ្នាំ​២០១៧ និង​បាន​កោតសរសើរ​ខ្ពស់ ចំពោះ​ឯកឧត្តម អស់លោក លោកស្រី ជា​សមាជិក​បក្ស និង​ក្រុមការងារ​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​សហកា​រ​គ្នា យ៉ាង​ក្លៀវក្លា​ក្នុងការ​បំពេញភារកិច្ច​របស់ខ្លួន​យ៉ាងសកម្ម ក្រោម​ដំបូល​សន្តិភាព​៕