មន្ត្រី​អប់រំ​លើក​ឡើងថា​ ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​នៅ​មិនទាន់​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​បច្ចុប្បន្ន​នៅឡើយ​

68

ភ្នំពេញ៖ មន្ត្រី​ពាក់ព័ន្ធ​របស់​ក្រសួង​អប់រំ​ បាន​ថ្លែង​នៅ​ក្នុង​សន្និបាត​បូកសរុប​ការងារ​អប់រំ​យុវជន​និង​កីឡា​ឆ្នាំ​២០១៦២០១៧​និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​២០១៧២០១៨​ថា​ទន្ទឹមនឹង​ការរីកចម្រើន​នៃ​វិស័យ​អប់រំ​នៅ​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​យ៉ាងណាក្តី​ក៏​ការរីកចម្រើន​នេះ​នៅ​មិនទាន់​ឆ្លើយតប​ទៅនឹង​ទីផ្សារការងារ​នៅឡើយ​ទេ​។​

រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ​ហង់​ជួនណា​រ៉ុង​បាន​ថ្លែង​នៅ​ថ្ងៃ​១៩​មីនា​ថា ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចិ​រ​ភាព​២០៣០​បាន ប្រទេស​កម្ពុជា​ត្រូវតែមាន​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​របស់ខ្លួន​ដើម្បី​ឆ្លើយតប​ទៅនឹង​ទីផ្សារ​បច្ចុប្បន្ន​។

​ជាក់ស្តែង​ប្រព័ន្ធ​អប់រំ​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​មិនទាន់​ឆ្លើយតប​ទៅនឹង​ទីផ្សារ​ហើយ​ការអនុវត្ត​កម្មវិធីសិក្សា​ក៏​នៅ​មិនទាន់​ឆ្លើយតប ចំណែកឯ​ការប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​នៅតាម​បណ្តា​សាលារៀន​ជាពិសេស​នៅ​តំបន់​ជនបទ​នៅមានកម្រិត​ថែមទៀត​។​

ឯកឧត្តម​បន្តថា​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ហេ​ដ្ឋា​រចនាសម្ព័ន​អប់រំ​របស់​កម្ពុជា​ក៏​មិនទាន់​ឈានដល់​កម្រិត​ប្រព័ន្ធ​អប់រំ​សតវត្ស​ទី​២១ នៅឡើយ​ផងដែរ​បើទោះបី​ការអប់រំ​កម្ពុជា​ស្ថិតនៅក្នុង​សតវត្ស​ទី​២១​ក៏ដោយ​។​

យ៉ាងនេះ​ក្ដី​ក៏​ឯកឧត្តម​ទទួលស្គាល់ថា​បើទោះបី​កម្ពុ​ជាមាន​ធនធាន​និង​ប្រព័ន្ធ​អប់រំ​នៅមានកម្រិត​ក៏ដោយ​ក៏​កម្ពុជា​មិន​អន់​ដែរ​គឺមាន​ពី ២០​ទៅ​៣០​ភាគរយ​នៃ​សាលា​ទូទាំងប្រទេស​គឺជា​សាលា​ឆ្នើម​ដែលមាន​គុណភាព​អប់រំ អាច​ទទួលយកបាន​។​

ឯកឧត្តម​បន្ថែមថា​ដើម្បី​សម្រេច​តាម​យុទ្ធសាស្ត្រ​អប់រំ​ជាតិ​និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​នោះបាន លុះត្រាតែ​មានការ​ចូលរួម​អោយបាន​ច្រើន​ពី​សំណាក់​គ្រប់​មជ្ឈដ្ឋាន​ទាំង​ថ្នាក់ដឹកនាំ​ក្រសួង​លោកគ្រូ​អ្នកគ្រូ​និង​ធ្វើយ៉ាងណា​អោយមាន​ការគ្រប់គ្រង​មួយ​ប្រកប ដោយ​ស្តង់ដារ ជាពិសេស​ឱ្យមាន​ការចូលរួម​ពី​សំណាក់​សហគមន៍​ទាំងមូល​ទើប​អាច​សម្រេចបាន​តាម​យុទ្ធសាស្ត្រ​អប់រំ​ជាតិ​។

​មួយវិញទៀត​យើង​ត្រូវតែមាន​ការកែលម្អ​កម្ម​វិធី​សិក្សា​អោយមាន​គុណភាព​ដោយ​ផ្តោតទៅលើ​ការបង្រៀន​ដោយ​គ្រូ​ម្នាក់ៗ​ត្រូវ​យកចិត្តទុកដាក់​បង្រៀន​សិស្ស​ប្រកបដោយ​គុណភាព​និង​គុរុ​កោសល្យ​។​បន្ថែម​ពីនេះ ត្រូវ​គ្រប់គ្រង​ហិរញ្ញវត្ថុ​អោយបាន​ត្រឹមត្រូវ​នៅតាម​សាលារៀន​របស់ខ្លួន​អោយ​ល្អ​និង​តម្លាភាព​ជាដើម​។​

មានប្រសាសន៍​ក្នុង​ពិធី​នោះដែរ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ប៊ិន​ឈិន​រដ្ឋមន្ត្រី​ស្តីទី ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ថ្លែងថា​ជាការ​ពិត​បើ​ទោះ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​សម្រេចបាន​សមិទ្ធិផល​ធំៗ​ជាច្រើន​គួរអោយកត់សម្គាល់​នាពេល​កន្លងមក​ក្ដី ក៏​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ត្រូវ​ដោះស្រាយ​ជា​បន្តបន្ទាប់​និង​ជាប្រចាំ​ដែរ ដើម្បី​ធានា​អោយ​ការអប់រំ​មានគុណ​ភាព​ប្រកបដោយ​សមធម៌​បរិ​យា​ប័ន​និង​លើកកម្ពស់​ឱកាស​ពេញ​មួយជីវិត​សម្រាប់​ទាំងអស់គ្នា​និង​ធានា​សក្តិ​សិទ្ធិ​ភាព នៃ​ភាពជា​អ្នកដឹកនាំ​និង​គ្រប់គ្រង​របស់​មន្ត្រី​អប់រំ​គ្រប់​លំដាប់ថ្នាក់​៕