Scolari៖ Ronaldo ធ្លាប់​សួរ​លោក​ពី​ជីវិត​នៅ​ចិន​ច្រើន​លើក​ហើយ​

112

បាល់ទាត់៖ ​អតីត​គ្រូ​បង្វឹក​ក្លឹប​ចិន Guangzhou Evergrande លោក Luis Felipe Scolari បាន​និយាយ​ថា Cristiano Ronaldo ធ្លាប់​សួរ​លោក​ពី​បញ្ហា​ជីវិត​នៅ​ប្រទេស​ចិន​ច្រើន​លើក​ហើយ ដែល​ហាក់ជា​ទំនោរ​មួយ​ដែល​កីឡាករ​ព័រទុយហ្កាល់រូប​នេះ ​មាន​កូន​ចិត្ត​ចង់​ផ្លាស់​ទៅ​ភ្លក់​ជីវិត​បាល់ទាត់​នៅ​ចិន​។

​​កីឡាករ​វ័យ 33ឆ្នាំ​រូប​នេះ​នៅ​តែ​មាន​ទំរង់​លេង​ល្អ​នៅឡើយ ​ថ្វីបើ​អាយុ​កើន​ច្រើន​បន្តិច​ដោយ​រក​បាន 37គ្រាប់​ក្នុងចំណោម 35ប្រកួត​រដូវ​កាល​នេះ​អោយ Real Madrid ខណៈ​ដែល​កំពុង​តាម​ពីក្រោយ Lionel Messi តែ​បី​គ្រាប់​ប៉ុណ្ណោះ ក្នុង​ការ​ប្រជែង​ស្បែកជើង​មាស​។ ​ធ្លាប់​មាន​ព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​ ពី​ការ​ចង់​ផ្លាស់​ទៅកាន់​ទឹកដី​ចិន​របស់ Cristiano Ronaldo ដោយ​កាលពី​ដើម​ឆ្នាំ​កន្លងទៅ​ ក្លឹប​អ្នកមាន​មួយ Tianjin Quanjian ត្រូវ​បាន​គេ​ចុះផ្សាយ​ថា​ មាន​ទំនាក់ទំនង​ជាមួយ​អតិ​ត​កីឡាករ​របស់ Manchester United រូប​នេះ មុន​ពេល​ដែល​សាមីខ្លួន​បាន​បញ្ជាក់​ថា ​ខ្លួន​ចង់​បន្ត​ស្នាក់នៅ Real Madrid​។

​​យ៉ាងណាក៏ដោយនិយាយ​ប្រាប់​សារ​ព័ត៌មាន Esporte Interativo របស់​ប្រេ​ស៊ី​ល​លោក Luis Felipe Scolari បាន​និយាយ​ថា ម្ចាស់​ជ័យ​លាភី Ballon D’Or ប្រាំ​លើក​រូប​នេះ​តែងតែ​សួរ​លោក​ពី​ជីវិត​បាល់ទាត់​នៅ​ចិន​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ