ឧ​ត្ត​ម​សេនីយ៍​ឯក ​ឌី វិជ្ជា​៖ ភ្នាក់ងារ​សន្តិសុខ​ឯកជន​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម

45

ភ្នំពេញ៖ ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា អគ្គ​ស្នងការ​រង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្ដិសុខ ​បាន​អះអាង​ថា ​ភ្នាក់ងារ​សន្តិសុខ​ឯកជន​បាន​ចូលរួមចំណែក​យ៉ាងសកម្ម ក្នុងការ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ហើយ​មិនតែប៉ុណ្ណោះ​ពួកគេ​មាន​តួនាទី​ជា​កម្លាំង​ជំនួយ ដ៏​សំខាន់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ផងដែរ​ ខណៈ​កងកម្លាំង​សមត្ថកិច្ច​មិនបាន​ដាក់​គ្រប់​ទីកន្លែង​នោះ​។​

ការ​លើកឡើង​របស់​ឧ​ត្ត​ម​សេនីយ៍​រូបនេះ ​គឺ​បាន​ធ្វើឡើង​នៅក្នុង​កម្មវិធី បិទ​វគ្គ​បណ្ដុះបណ្ដាល​បំប៉ន​ជំនាញ​ភ្នាក់ងារ​សន្តិសុខ​ឯកជន​លើក​ទី​២​នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៨​នេះ​នៅ​សណ្ឋាគារ​ឌី​វិត ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​ដោយមាន​តំណាង​ក្រុមហ៊ុន​សន្តិសុខ​ឯក​ប្រមាណ​ជិត​ពីរ​រយ​នាក់​ចូលរួម​។​

ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ​ឌី វិជ្ជា បាន​ថ្លែង​ថា​« ក្រុមហ៊ុន​សន្តិសុខ​ទាំងអស់​ត្រូវតែ​ជ្រាប់​គ្រប់គ្នា​ថា​សន្តិសុខ​ឯកជន​ពុំ​មែនមាន​តួ​នាទី​ត្រឹមតែ​ជា​អ្នកការពារ​ទ្រព្យសម្បត្តិ​ឯកជន ឬក៏​សហគ្រាស​គ្រឹះស្ថាន​ឯកជន​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​កាតព្វកិច្ច​ចូលរួម​ការពារ​សាធារណៈ​សន្តិសុខ សង្គម​និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ផង​ដែរ ជាពិសេស​មាន​តួនាទី​ជា​កម្លាំង​ជំនួយ​ដ៏​សំខាន់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​»​។​

ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ​បាន​បន្ត​ទៀតថា ព្រះរាជាណាចក្រ​កម្ពុ​ជា​មាន​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ក្រោម​ការដឹកនាំ​ក្រ​កប​ដោយ​កិត្តិ​បណ្ឌិត និង​បញ្ញាញាណ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ធ្វើ​ឲ្យ​ប្រទេសជាតិ​យើង​ទទួល​បាន​សុខសន្តិភាព​ស្ថេរភាព​សង្គម​។ ហេតុនេះ ​បានធ្វើ​ឲ្យ​ទាក់ទាញ​អ្នក​វិនិយោគ​ជាច្រើន មក​បណ្ដាក់​ទន់​ស្ទើរ​គ្រប់​វិស័យ​។ ក្នុងនោះ ​វិស័យ​សន្តិសុខ​ឯកជន​គឺជា​វិស័យ​ដ៏​សំខាន់​មួយ​ដែល​ត្រូវ​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ ទ្រព្យសម្បត្តិ សុវត្ថិភាព អាយុជីវិត ជូន​ប្រជាពលរដ្ឋ​អ្នកវិនិយោគ ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ផង​។​

ហេតុ​ដូច្នេះហើយ​ទើប​រាជរដ្ឋាភិបាល​ជាពិសេស​ក្រសួងមហាផ្ទៃ តែងតែ​យកចិត្តទុកដាក់​ជំរុញ​និង​លើកទឹកចិត្ត​ដល់​វិស័យ​សន្តិសុខ​ឯកជន នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​ទទួលបាន​ទំនុកចិត្ត​ក្នុងការ​ប្រកប​អាជីវកម្ម​របស់ខ្លួន​ដោយ​សុខ​ស្ថិរភាព និង​នីត្យានុកូលភាព​។ ជាក់​ស្តែក​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បង្កើត​នាយកដ្ឋាន​គ្រប់គរង​សន្តិសុខ​ឯកជន​កាលពី ឆ្នាំ​២០១៦​កន្លងទៅនេះ​គឺ​ដើម្បី​គ្រប់គ្រង គាំពារ​សហការ និង​ផ្តល់​នីត្យានុកូលភាព​ដល់​ក្រុមហ៊ុន​ផ្តល់​សេវា​សន្តិសុខ​ឯកជន និង​សហគ្រាស​គ្រឹះស្ថាន ដែល​ប្រើប្រាស់​សន្តិសុខ​ឯកជន​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​

ឯកឧត្តម ​បាន​បន្តទៀតថា​ ស្តែង​ចេញពី​ការយកចិត្តទុកដាក់​នេះហើយ ទើប​ធ្វើ​ឲ្យ​យើង​ទាំង​អ់​គ្នា​បាន​ជួបជុំគ្នា​នៅទីនេះ​ក្នុង​ពិធី​បើក​វគ្គ​បំប៉ន​ជំនាញ​ភ្នាក់ងារ​សន្តិសុខ​ឯកជន​នា​ឪ​កាស​នេះ​។ ដោយ​យោងតាម​ស្មារតី​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ និង​ពិនិត្យឃើញថា​ភ្នាក់ងារ​សន្តិសុខ​ឯកជន​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ ទ្រព្យសម្បត្តិ​សុវត្ថិភាព អាយុជីវិត ជូន​ប្រជា​ពក​រដ្ឋ អ្នកវិនិយោគ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​។​

ឯកឧត្តម​បាន​បន្តទៀតថា ការបើក​វគ្គ​បណ្តុះបណ្តាល​នេះ​គឺ​មិនមែន​មើលងាយ​សមត្ថភាព​ដល់​បងប្អូន​ដែលជា​សន្តិសុខ​ឯកជន​នោះទេ គឺធ្វើឡើង​ដើម្បី​បង្កើន​សមត្ថភាព​ដល់​ពួកគេ បន្ថែមទៀត​ទាំង​ជំនាញ​ការពារ​និង​គ្រប់គ្រង​ស្ថានភាព​ផ្សេង​ដែល​កើតឡើង​ដោយ​យក​ថា​ហេតុ ណាមួយ​។​

សូម​រំលឹកថា​សន្តិ​សន្តិសុខ​ឯកជន​ទាំងអស់​នៅ​ទូទាំងប្រទេស​កម្ពុជា​គឺមាន​ចំនួន​ជាង​បី ម៉ឺន​នាក់​មកពី​ក្រុមហ៊ុន​ប្រមាណ​ជាង​ពីរ​រយ​ក្រុមហ៊ុន​ហើយ​ពួកគេ នឹង​ទទួលបាន​វគ្គ​បណ្តុះបណ្តាល​ជា បន្តបន្ទាប់​ទៀត​ពី​អគ្គស្នងការ​នគរបាល​ជាតិ​ដើម្បី​ចូលរួម​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ជាមួយនិង​អគ្គស្នងការ​នគរបាល​នោះ​៕​