​ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា​-​ថៃ​សន្យា​រួមគ្នា​ថា​នឹងមិន​ឲ្យ​ព្រំដែន​ នៃ​ប្រទេស​ទាំងពីរ​មាន​បញ្ហា​អ្វី​កើតឡើង​នោះឡើយ

44

ភ្នំពេញ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា និង​នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​វីត វង្ស​សុវណ្ណ ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍​ បាន​សន្យា​រួមគ្នា​ថា​នឹងមិន​ឲ្យ​ព្រំដែន​នៃ​ប្រទេស ទាំងពីរ​មាន​បញ្ហា​អ្វី​កើតឡើង​នោះឡើយ​ហើយនឹង​ខិតខំ​ធ្វើយ៉ាងណា​ជម្រុញ​ឲ្យ​ប្រជាជន​ប្រទេស​ទាំងពីរ​មានការ​អភិវឌ្ឍ​និង​រីកចម្រើន​ឡើងលើ​គ្រប់​វិស័យ​ថែមទៀត​។​

ការសន្យា​របស់​ប្រមុខ​ការពារជាតិ​នៃ​ប្រទេស​ទាំងពីរ​នេះ​គឺ​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ​ដែល​ហៅ​កាត់​ថា​(GBC)​លើក​ទី​១៣ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ ដូ​សិត (Dusit ) ក្នុង​ទីក្រុង​បាងកក ព្រះរាជាណាចក្រ​ថៃ​នា​ថ្ងៃទី ២១ ខែ​មិនា ឆ្នាំ ២០១៨​កន្លងទៅនេះ​។​

ថ្លែង​បើក​កិច្ចប្រជុំ​នេះ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​វីត វង្ស​សុវណ្ណ បាន​លើកឡើងថា ដោយ​សម្ព័ន្ធមេត្រីភាព​ចំណងមិត្តភាព​និង​មនោសញ្ចេតនា​ស្មោះត្រង់ រវាង​កងទ័ព​ទាំងពីរ បានធ្វើ​ឲ្យ​កិច្ចប្រជុំ​លើក​នេះ​បានសម្រេច​ជោគជ័យ​ដូច​កិច្ចប្រជុំ​លើក​មុនៗ​កន្លងមក​ដែល អាច​ភ្ជាប់​កិច្ច​សហ​ប្រប​ត្តិ​ការ​ដែលមាន​ស្រាប់​ព្រមទាំង​ការអភិវឌ្ឍ​ឱ្យមាន​ការរីកចម្រើន​ឡើង​ថែមទៀត និង​ផ្ដល់​ផលប្រយោជន៍​ឱ្យដល់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​គឺជា​ព្រំដែន​សុខសន្តិភាព មិត្តភាព​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ពិតប្រាកដ​។

ជាមួយគ្នា​នោះ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ក៏បាន​សំដែង​នូវ​ក្តី​សោមនស្ស​រីករាយ ដោយបាន​ឃើញ​ភាព​រីកចម្រើន​យ៉ាង​ល្អប្រសើរ​ក្នុង​ទំនាក់ទំនង​និង​កិច្ច​សហ​ប្រប​ត្តិ​ការ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ថៃ​ដែល​ស្ដែង​ឲ្យ​ឃើញ​តាមរយៈ​ការបង្កើត​យន្តការ​ប្រជុំ​ប្រចាំ ឆ្នាំ​រវាង​អគ្គមេបញ្ជាការ​កងទ័ព​ការបង្កើន​តួនាទី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន ការចេញ​បញ្ជី​ឈ្មោះ​អ្នកទំនាក់ទំនង​បន្ទាន់​(Hotline) រវាង​អាជ្ញាធរ​.​សន្តិសុខ​នៅតាម​តំបន់​ព្រំដែន​គ្រប់លំដាប់​ថ្នាក់​និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​អង្គភាព​ពេទ្យ​យោធា ដែល​ទាំងអស់នេះ​ជា​ភស្តុតាង​បង្ហាញ​នូវ​ការវិវត្តន៍​ជា​វិជ្ជមាន​ក្នុង​ភាពជា​ដៃគូ​និង​ចំណងមិត្តភាព​ដ៏​ល្អ​ប្រពៃ​រវាង​ប្រទេស​យើង​ទាំងពីរ​សមស្រប​តាម​តួនាទី​ដ៏​សំខាន់​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​របស់​យើង លើ​វិស័យ​សន្តិសុខ សន្តិភាព និង​ការអភិវឌ្ឍ​ជាដើម​។​

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែង​ទៀតថា​«​ការប្រជុំ​ថ្ងៃនេះ​មិន​ត្រឹមតែ​ជា​វេទិកា​មួយ​ផ្ដល់ឱកាស​ឲ្យ​យើង សម្រាប់ធ្វើ​ការពិភាក្សា​និង​ផ្លាស់ប្តូរ​ទស្សនៈ​ដ៏​ល្អ​ជាមួយគ្នា​ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ​និង​តំបន់​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ចលករ​ជំរុញ​អោយ​ភាពជា​ដៃគូ​រវាង​យើង​កាន់តែ​ស៊ីជម្រៅ​និង​បង្កើន​ការកសាង​ទំនុកចិត្ត​ក្នុង​គោលបំណង​ធានា​ការប្ដេជ្ញាចិត្ត របស់​យើង​ក្នុងការ​ការពារ​សន្តិភាព​ប្រកបដោយ​និរន្តរភាព​ស្ថេរភាព​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍​តាម​មាគ៌ា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ថៃ កើត​ចំណងទាក់ទង​ល្អ​ភាពជា​ដៃគូ​ភាពជា​អ្នកជិតខាង​ល្អ​ប្រកបដោយ​មិត្តភាព​និង​ការគោរព​គ្នា​ទៅវិញទៅមក​លើ​គ្រប់​វិស័យ​ដោយ​អនុលោម​ទៅតាម​ផលប្រយោជន៍​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​បូជាសព​ទៅនឹង​ការរក្សា​សន្តិភាព​សន្តិសុខ​និង​សន្តិភាព​នៅក្នុង​តំបន់​ទាំងមូល​ផងដែរ​»៕​