ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​កំពុង​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន ​Facebook​ បន្ទាប់​ពី​មាន​របាយការណ៍​អំពី​ការ​លួច​ប្រមូល​ទិន្នន័យ​របស់​អ្នក​ប្រើ​ប្រាស់

84

អាមេរិក៖ ក្រុម​អ្នករក​សេវា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ កំពុង​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន Facebook ក្រោយការ​បរិហារ​ដែល​ថា ក្រុមហ៊ុន​វិភាគ​ទិន្នន័យ​ខាង​នយោបាយមួយ​ បានលួចប្រមូលទិន្នន័យលើ​បណ្ដាញ​សង្គម ​Facebook ពី​គណនី​របស់អ្នកប្រើប្រាស់​ចំនួន​ ៥០​លាន​នាក់​ក្នុង​ការ​លួច​ប្រមូល​ទិន្នន័យ​ដ៏​ធំ​។យោង​តាម​របាយការណ៍​ព័ត៌មាន ពីអង្គការ​ប្រព័ន្ធ​ផ្សព្វផ្សាយរបស់​ចក្រភព​អង់គ្លេស BBC ISBA គណៈកម្មាធិការ​​ពាណិជ្ជ​កម្ម​មួយ​ ដែល​តំណាង​ឲ្យ​ក្រុម​អ្នក​ផ្សព្វផ្សាយពាណិជ្ជកម្ម ​របស់​ចក្រភព​អង់គ្លេស​នឹង​ជួប​ក្រុមហ៊ុន​ Facebook​ នៅ​ចុង​សប្ដាហ៍​នេះ។​ ​ក្រុមហ៊ុន Internet​ ដែល​មាន​ឈ្មោះថា មូ​ហ្ស៊ី​ឡាខ​ប (Mozilla Corp) បាន​និយាយកាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​បានផ្អាក​ការ​ផ្សព្វផ្សាយពាណិជ្ជកម្ម​នៅ​លើបណ្ដាញ​សង្គម Facebook ដោយសារការ​បារម្ភ​អំពី​ទិន្នន័យ​សំងាត់​។​ ​ការ​សម្រេចចិត្ត​នេះកើតមានឡើង​ ក្រោយការ​ចោទ​ប្រកាន់​​នានា​ដែល​ថា ក្រុមហ៊ុន​វិភាគទិន្នន័យ Cambridge Analytica បាន​ប្រមូល​យកទិន្នន័យលើ​អ្នក​ប្រើ​ប្រាស់បណ្ដាញសង្គម Facebook​ ចំនួន ​៥០​លាន​នាក់ដើម្បីបង្កើត​ប្រូ​ហ្វា​ល (profiles) លើ​ក្រុម​អ្នក​បោះ​ឆ្នោតអាមេរិក ដែលក្រោយមក​ត្រូវ​គេ​ប្រើ​ដើម្បី​ជួយ​ឲ្យលោកប្រធានាធិបតី​អាមេរិក Donald Trump​ជាប់ឆ្នោត​ក្នុង​ឆ្នាំ2016​។

​កាលពី​ល្ងាច​ថ្ងៃ​ពុធ​អគ្គនាយក​ក្រុមហ៊ុន Facebook លោក Mark Zuckerberg បាន​សុំទោស​ជា​សាធារណៈ​ ចំពោះ​ចំណាត់​ការ​របស់​ក្រុមហ៊ុន​ ជុំវិញការ​សំងាត់​របស់​អ្នកប្រើប្រាស់​ ខណៈ​ដែល​លោក​សន្យា​ថា​ នឹង​ចាត់​វិធានការឲ្យ​បានតឹង​រឹងបន្ថែមទៀត​ ទៅលើ​ការ​ចូល​ទៅកាន់​ព័ត៌មាន​​បែបនេះ ​របស់ក្រុម​អ្នកបង្កើត​កម្មវិធី។ ថ្លែង​នៅ​ក្នុង​កម្មវិធី “The Today Programme”​ របស់​ស្ថានីយ​វិទ្យុ BBC Radio 4 ប្រធានក្រុមហ៊ុន Saatchi លោក​David Kershaw បាន​និយាយ​ថា ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្មជាច្រើន​គិត​ថាគ្រប់គ្រាន់​ហើយ៕
អត្ថបទ​៖ សុខ​មាន