វិស័យ​ឯកជន​ជំរុញ​ឲ្យ​មានការ​វិនិយោគ​ព្រលាន យន្តហោះ​ នៅ​ខេត្តស្ទឹងត្រែង

100

ស្ទឹងត្រែង ៖ ​ក្រុម​អ្នក​នៅ​ក្នុង​វិស័យ​ឯកជន ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​វិនិយោគ​ព្រលាន​យន្តហោះ​ខេត្តស្ទឹងត្រែង ​ឡើងវិញ​ ដើម្បី​ពង្រីក​សក្ដានុពល​សេដ្ឋកិច្ច និង​លំហូរ​ភ្ញៀវ​ទេសចរណ៍ ​នៅ​តំបន់​ភូមិភាគ​ឦសាន្ត​។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក​ ហូ វណ្ឌី​ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ នា​ព្រឹក​ថ្ងៃទី​២៣ ​មិនា​នេះ​ថា​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​សិក្សា​គំ ​រោង​រៀបចំ​ព្រលាន​យន្តហោះ​ខេត្តស្ទឹងត្រែង​ ជាថ្មី ​តាំងពី​ឆ្នាំ​២០១២ ប៉ុន្តែ​រហូត​មកទល់​ពេលនេះ​ យើង​មិនទាន់​ដឹង​រដ្ឋាភិបាល​សម្រេច ​បែប​ណា​នោះទេ​ ប៉ុន្តែ​វិស័យ​ឯកជន​ផ្នែក​ទេសចរណ៍ ​ចង់​ឲ្យ​មានការ​វិនិយោគ​ព្រលាន​យន្តហោះ​ ខេត្តស្ទឹងត្រែង​ ព្រោះ​ព្រលាន​នេះ​ មិន​ត្រឹមតែ​ភ្ជាប់​សក្ដានុពល​ក្នុងស្រុក​នោះទេ ​ប៉ុន្តែ​វា​ភ្ជាប់​ជាមួយ​ប៉ូល​សេដ្ឋកិច្ច ​ទេសចរណ៍​ទាំង​បួន​របស់​កម្ពុជា​។

លោក ​បន្តថា “​ប្រសិនជា​ព្រលាន​យន្តហោះ​នេះ រៀបចំឡើង​សម្រាប់​ខ្នាត​តំបន់​ ឬ​ អន្តរជាតិ ​យើង​អាច​ត​ភ្ជាប់​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ ដូចជា​ឡាវ ភូមា និង​ប្រទេស​ដទៃ​ផងដែរ​”​។​លោក ​បន្តថា “​នៅ​ពេល​ដែល​មាន​សេវាកម្ម​អាកាសចរណ៍ តម្រូវការ​ នឹង​កើតមាន​ច្រើន​នៅ​តំបន់​នេះ​”​។

នាយក​រមណីយដ្ឋាន​បក្សី​មេគង្គ ​លោក​ ថោង អូន ​បាន​ថ្លែង​ឲ្យ​ដឹង​ផង​ដែរ​ថា ​ការ​មាន​ព្រលាន​យន្តហោះ​នេះ ពិតជា​ប្រសើរ​ណាស់ ព្រោះ​វា​នឹង ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ​មកកាន់​តំបន់​ភូមិភាគ​ឦ​សាន្ត​កាន់​តែច្រើន ​ព្រោះ​ការ​ធ្វើដំណើរ​តាម​ផ្លូវអាកាស​ចំណាយ​ពេល​វេលា​តិច​ ជាង​ការ​ធ្វើដំណើរ​តាមផ្លូវ​គោក ​ដែល​ត្រូវ​ចំណាយ​ពេលវេលា​៦​ទៅ​៧​ម៉ោង​។​លោក ​បន្តថា​ ការ​មាន​ព្រលានយន្តហោះ នឹង​ធ្វើ​ឲ្យ​ភ្ញៀវ​កាន់តែ​ចំណាយពេល​តិច ​ហើយ​ពួកគេ​អាច​មក​កំសាន្ត​បាន​នៅ​តំបន់​នេះ​។

លោក​បន្តថា “​ខ្ញុំ​ជឿថា​ប្រសិន​ជាមាន​ព្រលានយន្តហោះ​ និង​មាន​ការតភ្ជាប់​ការហោះហើរ​រវាង​រាជធានី​ភ្នំពេញ ឬ​ ខេត្តសៀមរាប ​មក​ខេត្តស្ទឹងត្រែង ​នឹង​មាន​ការ​គាំទ្រ​ពី​ភ្ញៀវ​ជាតិ អន្តរជាតិ​”​។

អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល លោក​ ស៊ិន ចាន់​សិរី​វុត្ថា​ បាន​ថ្លែងថា ក្នុងចំណោម​បណ្តា​ខេត្ត​នៅ​ភូមិភាគ​ឦ​សាន្ត ​នៅសល់តែ​ព្រលានយន្តហោះ​ខេត្តស្ទឹងត្រែង ​ប៉ុណ្ណោះ ដែល​រដ្ឋាភិបាល​បាន​រក្សាទុក ​ហើយ​តាមរយៈ​ធនាគារ​អភិវឌ្ឍន៍អាស៊ី ​ដែល​បាន​សិក្សា​ពី​សក្តានុពល​តំបន់​នេះ ​។ លោក​ បន្តថា ព្រលាន​យន្តហោះ​ខេត្តស្ទឹងត្រែង​មាន​សក្តានុពល​អា​ចត​ភ្ជាប់ ​ជាមួយ​បណ្តា​ខេត្ត​នៅ​ភូមិភាគ​ឦ​សាន្ត ​និង​អាច​ភ្ជាប់​ជាមួយ​ឡាវ ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការអភិវឌ្ឍ​ មហា​អនុ​តំបន់​ទន្លេមេគង្គ​។

លោក​ បន្តថា “​ការរៀបចំ​ព្រលាន​យន្តហោះ​នេះ អាច​ចំណាយ​ប្រាក់​៣​ទៅ​៥​លាន​ដុល្លារ ​អាច​អនុញ្ញាត​ឲ្យ​យន្តហោះ​ខ្នាត​តូច​ចុះចត​បាន​ហើយ ​ប្រសិនជា​មានការ​វិនិយោគ​”៕