បាល់ទាត់៖ លោក Ruud van Nistelrooy កីឡាករបាល់ទាត់សញ្ជាតិហូឡង់ នឹងធ្វើដំណើរមកកម្ពុជាក្នុងកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ២០១៨ ចាប់ពីថ្ងៃទី២-៤ មេសា ខាងមុខដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរ Heineken។ការមកកម្ពុជាលើកដំបូងនេះ ក្រៅពីជួបជាមួយអ្នកគាំទ្រខ្លួន អតីតកីឡាករដ៏ឆ្នើមរបស់សក្រុម Manchester United រូបនេះក៏នឹងមានការចែករំលែងបទពិសោធន៍បាល់ទាត់ ជាមួយកីឡាករកម្ពុជាមួយចំនួនផងដែរ។ គួររំលឹកថា កីឡាករជើងចាស់រូបនេះបានស៊ុតបញ្ចូលទីឲ្យក្រុម Manchester United បានចំនួន ១៥០គ្រាប់ក្នុង ២១៩ប្រកួត និងជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេ ក្នុងកំណត់ត្រាបាល់ទាត់អឺរ៉ុប។ ហើយលោក Ruud van Nistelrooy ជាកីឡាករស៊ុតបាល់បញ្ចូលទីច្រើនជាងគេ ៣សម័យកាល ដោយបង្ហាញខ្លួន ៨១លើកស៊ុតបញ្ចូលទីបាន ៦០គ្រាប់ក្នុងក្របខ័ណ្ឌ UEFA Champions League ។
សូមបញ្ជាក់ថា Van Nistelrooy ក៏មានតួនាទីជាទូតសុច្ឆន្ទៈ ដើម្បីផ្សព្វផ្សាយមហិច្ឆតាចំពោះការប្រកួតក្របខ័ណ្ឌ UEFA Champions League ជាមួយអ្នកគាំទ្របាល់ទាត់ទូទាំងពិភពលោក។ ហើយក្នុងពេល ១១ឆ្នាំ កម្មវិធីដំណើរទេសចរណ៍មួយនេះ បានទៅដល់ ២៦ប្រទេសនៅទូទាំងទ្វីបអាហ្វ្រិក អាស៊ី អាមេរិកខាងត្បូង និងអាមេរិកខាងជើង ហើយពេលនេះបានមកដល់កម្ពុជា៕