ក្រសួង​សេដ្ឋកិច្ច ប្រតិកម្ម​ នឹង​មន្ទីរជំនាញ​ខេត្តកោះកុង​ មិន​ធ្វើបញ្ជី​សារពើ​ភណ្ឌ​ទ្រព្យ​រដ្ឋ

59

កោះកុង ៖ ​មន្ត្រីជាន់ខ្ពស់ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រតិកម្ម​ទៅ​នឹង​ប្រធាន​មន្ទីរជំនាញ ​និង​រដ្ឋបាល​ស្រុក​មួយចំនួន​ ដែល ​បម្រើ​ការងារ​នៅ​ក្នុង​ខេត្តកោះកុង​ មិនបាន​ធ្វើបញ្ជី​បច្ចុប្បន្នភាព​គ្រប់គ្រង​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​ទាន់​ពេលវេលា ​កំណត់​ ទោះ​មាន​អនុក្រឹត្យ​ ស្តីពី​វិធាន និង​នីតិវិធី​របស់​រាជរដ្ឋាភិបាល​យ៉ាង​ណាក្តី​។

ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ផ្គូផ្គង​តារាង​ប្រៀបធៀប​ទ្រព្យសម្បត្តិ​រដ្ឋ​កើនឡើង​-​ថយចុះ​ ឆ្នាំ​២០១៧ ដើម្បី​ជំរុញ​ឱ្យមាន​ ការគ្រប់គ្រង​ត្រឹមត្រូវ​ច្បាស់លាស់​ទៅ​អនាគត ​ដែល​បាន​ធ្វើឡើង​ក្នុង​ខេត្តកោះកុង កាលពីថ្ងៃទី​២២ ខែមីនា ​ម្សិលមិញ លោក គុយ សៀ អនុប្រធាន​នាយកដ្ឋាន​សារពើ​ភណ្ឌ​ទ្រព្យ​សម្បត្តិ​រដ្ឋ បាន​ថ្លែងថា​ មន្ទីរ​មួយចំនួន រួមមាន មន្ទីរ​សុខាភិបាល កសិកម្ម ដែនដី ​និង​រដ្ឋបាល​ថ្នាក់ស្រុក​មួយចំនួន​ ហាក់បីដូចជា​ខ្វះ​ទំនួល​ខុសត្រូវ​ច្រើន​លើ​ការងារ​ និង​មើលស្រាល​ចំពោះ​ការធ្វើ​បញ្ជី​គ្រប់ គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ ​ដោយ​បណ្ដែតបណ្ដោយ​​អោយ​មាន​ភាព​យឺត​យ៉ាវ​ខ្លាំង​មិន​តាម​ពេលវេលា​កំណត់ ​រៀងរាល់​ត្រីមាស​ ទី​១ នៃ​ឆ្នាំ​បន្តបន្ទាប់​។

លោក​ បាន​បញ្ជាក់ថា ​ប្រសិនបើ​អង្គភាព មន្ទីរ ឬ​រដ្ឋបាល​ស្រុក ឃុំ សង្កាត់ ពុំបាន​បំពេញ​កាតព្វកិច្ច​ធ្វើបញ្ជី​ទ្រព្យ សម្បត្តិ​រដ្ឋ​ទាន់​ពេល​កំណត់​ទេ គឺ​នឹង​រង​ការ​ពិន័យ​ ដោយ​កាត់​កញ្ចប់​ថវិកា​ប្រមាណ​៣​ភាគរយ ​នៃ​ថវិកា​សរុប ​ដែល​រាជ រដ្ឋាភិបាល​ទម្លាក់​អោយ​ប្រើ​ប្រាស់​។

លោក ទេព វិ​ស្កុល ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ខេត្តកោះកុង ​បាន​ថ្លែងថា​ បញ្ហា​ខ្វះ​ចន្លោះ​ការអនុវត្ត​ការងារ ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​តាម​ស្ថាប័ន​អង្គភាព​កាន់កាប់ ​ដោយសារតែ​មន្ត្រី​ការិ​យាល័យ​រៀបចំ​បញ្ជី ​មានការ​ផ្លាស់ប្តូរ​ច្រើន ​ទើប​នាំ​ជួប​បញ្ហា​ប្រឈម​បែបនេះ​។​ ពិសេស ​បញ្ហា​ការចុះបញ្ជី​ប័ណ្ណកម្ម​សិទ្ធិ​ដីធ្លី​តែម្តង ​ខណៈ​មន្ទីរ​ជំនាញ​ជាច្រើន ពុំទាន់ ​មាន​ប្លន់​ត្រឹមត្រូវ​ជាង​១៥១​កន្លែង និង​ផ្ទៃដី​ដែល​មាន​២១៤​ទីតាំង​។

លោក ​បាន​ឲ្យ​ដឹងថា​ ជា​វិធានការ មន្ទីរ​សេដ្ឋកិច្ច​ខេត្ត ក៏​គ្រោង​ស្នើ​ទៅ​អភិបាលខេត្ត ​បង្កើត​ឱ្យមាន​គណៈកម្មការ​មួយ ​សម្រាប់​មន្ត្រីរាជការ ដែល​រស់នៅ​លើដី​រដ្ឋ ​ដើម្បី​ពិនិត្យមើល ថា​តើ​ផ្តល់​ភាព​ស្រប​ច្បាប់​ជូន​ដែរ ឬ​យ៉ាងណា ។

បើតាម​អនុក្រឹត្យ ស្តីពី វិធាន និង នីតិវិធី នៃ​ការគ្រប់គ្រង​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ ​មាត្រា​២៣ ចែងថា ​ទ្រព្យ សម្បត្តិ​រដ្ឋ ដែល​អាច​ធ្វើជា​កម្មវត្ថុ នៃ​ការចាត់ចែង​បាន ​លុះត្រាតែ​ទ្រព្យសម្បត្តិ​រដ្ឋ​នោះ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យ សម្បត្តិ​រដ្ឋ​។ ​ហើយ​ការចាត់ចែង​ទ្រព្យសម្បត្តិ​រដ្ឋ ​ដែល​មិនទាន់​ត្រូវ​បាន​ចុះបញ្ជី​សារពើ​ភណ្ឌ​ទ្រព្យ គឺជា​កម្មវត្ថុ នៃ​ការ​ផ្តន្ទាទោស​តាមច្បាប់​ និង​បទប្បញ្ញត្តិ​ជា​ធរមាន​។

ការធ្វើ​បញ្ជី​ទ្រព្យសម្បត្តិ​រដ្ឋ ត្រូវ​អនុវត្ត​ទៅតាម​បទដ្ឋាន​គតិយុត្តិ​អនុក្រឹត្យ ​ស្តីពី វិធាន​ និង​នីតិវិធី​របស់​រដ្ឋាភិបាល ជា​ធរមាន​៕