កង​ទ័ព​ទួរគី​ចែក​ចាយ​ជំនួយ​​នៅ​តាម​ទី​ជន​បទ​មួយ​ចំនួន​​​ក្នុង​​ទីក្រុង​​អាហ្វ្រីន​​របស់​ប្រទេស​ស៊ីរី

69

ស៊ីរី៖ ទួរគី​បាន​ចែក​ចាយ​ជំនួយ​​នៅ​ក្នុង​តំបន់​​អាប៊ូកេប ដែល​បាន​ដណ្ដើម​គ្រប់​គ្រង​ស្ថិត​នៅ​​ទី​ជនបទ​​​ ជាយ​ទីក្រុង​អាហ្វ្រីន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បន្ទាប់​ពី​​កង​កម្លាំង​ទួរគី​​ និង​កង​កម្លាំង​ដែល​គាំទ្រ​​ដោយ​ទួរគី​​បាន​រំដោះ​យក​​ទីក្រុង​មួយ ​ក្នុង​ពេល​វាយប្រហារ​​ប្រឆាំង​អ្នក​ប្រយុទ្ធ YPG ឃើត​រួច​មក​នោះ។

​​លោក អូមឺ អាក់បាស់ ​អ្នក​ចាត់​ចែង​​ការងារ​​នៅ​តំបន់​ហាតាយ ​​របស់​ទីភ្នាក់ងារ​​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​របស់​​ទួរគី​បាន​លើក​ឡើង​ថា ​ទី​ភ្នាក់ងារ​​ចែក​ចាយ​​អាហារ​ប្រហែល​ ១ពាន់​ប្រអប់​ក្នុង​រយៈ​ពេល​ ១ថ្ងៃ​​នៅ​ក្នុង​ទីក្រុង​មួយ​នេះ។ ​កង​ទ័ព​ទួរគី និង​ក្រុម​សម្ព័ន្ធមិត្ត​​​បាន​​វាយ​លុក​ទៅ​ក្នុង​ទីក្រុង​អាហ្វ្រីន​​ នា​ភាគ​ឦសាន​ប្រទេស​ស៊ីរី​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​​ ដែល​ជា​ការ​បញ្ចប់​យុទ្ធនាការ​រយៈ​ពេល ៨​សប្ដាហ៍​​ដើម្បី​វាយ​បណ្ដេញ​​ក្រុម​អ្នក​ប្រយុទ្ធ​ YPG ឃើត​ឲ្យ​ចេញ​ពី​តំបន់​មួយ​នេះ​។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ការ​បំផ្លិច​បំផ្លាញ​​ត្រូវ​បាន​គេ​មើល​ឃើញ​ នៅ​ទីក្រុង​ចាន​ដារីស​របស់​ប្រទេស​ស៊ីរី​​ ដែល​នៅ​ទី​នោះ​មាន​ការ​ប៉ះ​ទង្គិច​​គ្នា​យ៉ាង​ខ្លាំង​​ រវាង​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​​ស៊ីរី​សេរី​គាំទ្រ​ដោយ​ទួរគី និង​ក្រុម​កង​ជីវពល​ YPG ឃើត​ស៊ីរី។

​កង​ជីវពល YPG ​បាន​ក្លាយ​ជា​សម្ព័ន្ធមិត្ត​​​យ៉ាង​សំខាន់​របស់​ក្រុង​វ៉ាស៊ីនតោន ​​ប្រឆាំង​ពួក​រដ្ឋ​អ៊ីស្លាម​នៅ​ក្នុង​ប្រទេស​​ស៊ីរី ក្នុង​ភាព​ជា​ដៃគូ​​មួយ​​បាន​ធ្វើ​ឲ្យ​ទួរគី​ខឹង​​សម្បា​ ដែល​មើល​ឃើញ​​ថា កង​កម្លាំង​ឃើត​​ទាំង​នេះ​គឺ​​ជា​ផ្នែក​បន្ថែម​​កម្លាំង​ក្រុម​សកម្ម​ប្រយុទ្ធ​​​ ដែល​ធ្វើ​ការ​បះបោរ​អស់​​ពេល​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​​ហើយ​ នៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន​ផ្ទាល់​នា​ភាគ​អាគ្នេយ៍៕

អត្ថបទ៖ រិទ្ធី