រុស្ស៊ី​បញ្ចេញ​កំហឹង​ជុំវិញ​ការ​បណ្ដេញ​អ្នក​ការទូត​របស់​ខ្លួន​ដោយ​ហៅ​សកម្មភាព​នោះ​ថា​ជាឥរិយាបថ​ប្រឆាំង​រុស្ស៊ី

174

រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក Sergei Lavrov បាន​និយាយ​ថា ការ​បណ្ដេញអ្នក​ការទូត​ដ៏​ច្រើនរបស់​ប្រទេសរុស្ស៊ី គឺជា​អំពើ​គ្មានសីលធម៌ និងជា​ឥរិយាបថ​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី ខណៈអង្គការ​ណា​តូប្រកាស​ថា​ ខ្លួនក៏បានបណ្ដេញអ្នកការទូត​រុស្ស៊ី​ផង​ដែរ​ជាការ​ឆ្លើយ​តប ​ទៅ​នឹង​ការវាយប្រហារដោយ​ឧស្ម័ន​ពុលក្នុង​ចក្រភព​អង់គ្លេស។

​លោក​បាន​ហៅ​ការ​ស្ដីបន្ទោស​ទីក្រុងមូស្គូ សម្រាប់​ការវាយប្រហារដោយ​ឧស្ម័នពុល​លើ​ទឹកដី​អង់គ្លេស​ថា​ គឺជាការប្រមាថ​ទៅដល់ប្រព័ន្ធ​យុត្តិធម៌របស់​ចក្រភព​អង់គ្លេស​។ ប្រធានាធិបតីអាមេរិកបាន​បណ្ដេញអ្នកការទូត​រុស្ស៊ី​ជាង ៦០​នាក់កាលពី​ថ្ងៃ​ច័ន្ទ​ ដែល​ជា​វិធាន​ការតានតឹង​បំផុតប្រឆាំង​ទៅ​នឹង​ប្រទេស​រុស្ស៊ី។ ក្រុម​អ្នក​រិះគន់​លោក​ ត្រាំ​ បាន​ចោទប្រកាន់​លោកពី​បទ​ថា​មាន​ជំហរ​ទន់ជ្រាយ​លើ​ទីក្រុងមូស្គូ ជុំវិញ​ការចោទប្រកាន់​ដែល​ថា ​រុស្ស៊ី​បាន​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោតឆ្នាំ​២០១៦​។

​បណ្ដា​រដ្ឋាភិបាលក្នុង​ប្រទេសអូស្ត្រាលី, កាណាដា និង​ប្រទេស​ជាង ២០ទៀតបានរួមគ្នា​បណ្ដេញអ្នកការទូត​រុស្ស៊ីជាង ៥០​នាក់។ ទីក្រុងមូស្គូបាន​ច្រានចោល ការ​បំពុល​អតីតមន្ត្រី​ចារកិច្ច​រុស្ស៊ីក្នុងទីក្រុងស​ប្រ៊ីរបស់​ចក្រភព​អង់គ្លេស​។ អ​តីត​មន្ត្រី​ចារកិច្ចរុស្ស៊ីដែល​ត្រូវ​គេ​បំពុល លោក សើ​ហ្គេ ស្គ្រី​ផាល និង​កូនស្រីរបស់​លោក យូ​លៀ បច្ចុប្បន្ន​មាន​សភាព​ធ្ងន់ធ្ងរ​ដូច​មនុស្ស​រុក្ខជាតិ​។​ ការវាយប្រហារ​នេះ​បាន​ទាញ​ទម្លាក់ទំនាក់ទំនង​រវាង​ទីក្រុង​ឡុងដ៏ ​និង​ទីក្រុងមូស្គូឲ្យ​ធ្លាក់​ចូល​ក្នុងវិបត្តិ​ដ៏​អាក្រក់​បំផុត ចាប់​តាំង​ពី​សង្គ្រាម​ត្រជាក់​មក​។ ចំណែក​រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស លោក បូរី​ស ច​ន​ស៊ុន បាន​ច្រានចោលគំនិត​ដែល​ថា វិធានការ​នានាកំពុង​រុញច្រាន​ឆ្ពោះ​ទៅ​រក​សង្គ្រាមត្រជាក់ថ្មី និង​ពោ​ពេញដោយ​គ្រោះថ្នាក់​ជាមួយ​រុស្ស៊ី៕
អត្ថបទ៖ សុខ​មាន