សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ទស្សនា​ភូមិ​អាហារ​នៃ​ក្ដី​ស្រឡាញ់​

205

សៀមរាប៖ ក្នុង​ឱកាស​អញ្ជើញ​ស្នាក់នៅ​ខេត្ត​សៀមរាប​នៅ​ល្ងាច​ថ្ងៃ​ទី​១៣​ ខែ​មេសា​នេះសម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា, ភរិយា​ដ៏​ឧត្ដុង្គឧត្ដម​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អម​ដោយ​លោកជំទាវ​ជា​ភរិយា​ថ្នាក់ដឹកនាំ មន្ត្រី​អ្នក​មុខ អ្នកការ បាន​អញ្ជើញ​ទស្សនា​ភូមិ​អាហារ​នៃ​ក្តី​ស្រលាញ់ ដែល​មាន​ទីតាំង​ស្ថិត​នៅមុខ​ប្រាសាទអង្គរវត្ត​។​

​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំនេះ​គឺជា​លើក​ទី​៦ ​ហើយ ដែល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សហការ​ជាមួយ​អាជ្ញាធរ-ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​រៀប​ចំ​ក្រោម​ប្រធានបទ​៖ «​សាទរ​មរតក​ដូនតា​»។​ ក្នុង​ឱកាស​នៃ​ការ​អញ្ជើញ​ដល់​ភូមិ​អាហារ​នៃ​ក្តី​ស្រលាញ់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​លោកជំទាវ ឯកឧត្ដម មន្ត្រី​អ្នក​មុខ អ្នកការ បាន​អញ្ជើញ​ទស្សនា​តាម​ស្តង់​ម្ហូបអាហារ​នានា ក្នុង​មនោសញ្ចេតនា​រីករាយ និង​ស្និទ្ធស្នាល​។​ កញ្ញា គឹម រ៉ាវី​នាដ អ្នក​សម្របសម្រួល​កម្ម​វិធី ​ភូមិ​អាហារ​នៃ​ក្តី​ស្រឡាញ់​បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ភូមិ​អាហារ​នៃ​ក្តី​ស្រឡាញ់​នេះ​គឺ​មាន​បង្អែម និង​ម្ហូបអាហារ​ជា​ច្រើន​មុខ ត្រូវ​បាន​យក​មក​បង្ហាញ​លក់​នៅ​ទី​នេះ​។​ ទាក់ទង​នឹង​ការ​មក​ដាក់​លក់បង្ហាញ​ចំណី​អាហារ​នេះ អ្នក​មីង​អ្នកលក់​កំពឹស​ចៀន​ម្នាក់​បាន​បង្ហាញ​ការ​រីក​រាយ ដែល​បាន​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​រីករាយ​នេះ​។​

ទាក់ទង​នឹង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នេះ តាម​របាយការណ៍ ឯកឧត្ដម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​អោយ​ដឹង​ថា កម្មវិធី​សង្ក្រាន្ត​ឆ្នាំនេះ មានកម្ម​វិធី និង​ទស្សនីយភាព​សំខាន់ ចំនួន​៣៣ រួមមាន៖
– កម្មវិធី​សាសនា​៖ ដូចជា ក្រុង​ពាលី​បើក​ការដ្ឋាន​! ពិធី​បួង​សួង​សុំ​សេចក្ដី​សុខ​! ពិធី​ទទួល​ទេវតា​! ពិធី​ទៅ​វត្ត និង​វា​លុក​ចេតីយ​! ពិធី​ដង្ហែ​ព្រះពុទ្ធ​បដិមា និង​ស្រង់​ព្រះ​។​
-​កម្មវិធី​សិល្បៈ វប្បធម៌​៖ ដូចជា កម្មវិធី ព្រៃ​ប្រសិទ្ធី​! ភូមិ​ខ្ញុំ​! របាំ​ប្រជាប្រិយ ប្រពៃណី និង​បុរាណ​! ក្បួន​ដង្ហែ​អង្គរ​សង្ក្រាន្ត​! ល្បែង​ប្រជាប្រិយ​! ភូមិ​បេតភ័ណ្ឌ​វប្បធម៌​! គុន​ល្បុក្កតោ​! ធ្នូ​បុរាណ​ខ្មែរ​! សហ​វិចិត្រ​វាយ​នោ​! គោម​បណ្ដែត​ទឹក​! មហោ​ស្រប​សិល្បៈ​វប្បធម៌​បុរាណ​! របាំ​មរតក​ដូនតា​! តន្ត្រី​សួស្ដី​ឆ្នាំ​ថ្មី​! តន្ត្រី​អង្គរ​សង្ក្រាន្ត​! ល្ខោន​បុរាណ​រឿង​មហា​ស្សន្តរ​ជាតក​! ល្ខោន​រឿង អច្ឆរិយ​អង្គរ​! ការ​ប្រណាំង​រទេះ​គោ និង​ក្របី​។​
-​កម្មវិធី​តាំង​ពិព័រណ៍​នានា​៖ រួមមាន ពិព័រណ៍​អង្គរ​សង្ក្រាន្ត​! ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ​។
-​កម្មវិធី​ពិសេស​ផ្សេងទៀត​មាន​ដូច​ជា តោះ​លេង​ទឹក​! អុកចត្រង្គ! ទាញព្រ័ត្រ​មិត្តភាព​អង្គរ​សង្ក្រាន្ត​! ភូមិ​អាហារ​នៃ​ក្តី​ស្រឡាញ់​! និង​សួន​ញញឹម​អង្គរ​៕

​អត្ថបទ​៖ មុត សុទ្ធ