កំពត​សង្ក្រាន្ត​លើក​ដំបូង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ភ្ញៀវ​ទេសចរ​ជា​ខ្លាំង​​

2510

កំពត៖ ​កំពត​សង្ក្រាន្ត ក៏ដូចជា​ទូទាំង​ប្រទេស​បាន​បញ្ចប់​ហើយ ជាមួយ​នឹង​ភាព​ជោគ​ជ័យ​គួរ​ជា​ទី​មោទនៈ ស្រប​នឹង​បរិបទ​នៃ​ការ​រីក​ចម្រើន និង​សុខ​សន្តិភាព​របស់​ប្រទេស​។ កំពត​សង្ក្រាន្ត​ក្នុង​រយៈពេល​ ៣ថ្ងៃ​កន្លង​មកនេះ គឺ​ទទួល​បាន​ការចូលរួម​ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជាង​ ១៣ម៉ឺន​នាក់​កើន​ឡើង​ជាង​ ៤៥​ភាគ​រយ​បើប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុន​។ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត លោក សយ ស៊ី​ណុល បាន​ឲ្យ​ដឹង​ថា ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​២០១៨​ នេះ​មាន​ភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំមុន ដោយសារ​ឆ្នាំនេះ​រដ្ឋ​បាល​ខេត្ត​បាន​រៀប​ចំ​កំពត​សង្ក្រាន្ត ដែល​បាន​បង្កើត​កម្មវិធី​លេងល្បែង​កម្សាន្ត​តាម​បែប​ប្រពៃណី​ខ្មែរ​ជាច្រើន ដឹកនាំ​លេង​ដោយ​មន្ត្រី​មន្ទីរ​វប្បធម៌, មន្ត្រី​សាលាខេត្ត និង​ក្រុម​យុវជន​។ ម្យ៉ាងទៀត​ក្រុង​កំពត​ត្រូវ​បាន​តុបតែង​លម្អ រក្សា​អនាម័យបរិស្ថាន​ស្អាត និង​បំពាក់​ដោយ​បង្គោល​អំពូល​ភ្លើង LED តាម​ដង​ផ្លូវជុំវិញ​ផ្សារសួន​សាធារណៈ និង​តាម​ដង​ព្រែក​។ កត្តា​ទាំងនេះ​បាន​ធ្វើ​ឲ្យ​មាន​កំណើន​ភ្ញៀវ​ទេសចរ​។​ លោក​បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​សរុប​មាន​ចំនួន ១៣​ម៉ឺន​ ៤​ពាន់​ ៩៣០​នាក់ ក្នុង​នោះ​ភ្ញៀវ​ក្នុងស្រុក​ចំនួន​ ១៣​ម៉ឺន ​១​ពាន់ ​៨៥១​នាក់​កើន​ឡើង​ ៤៤.៦២​ភាគរយ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៣​ពាន់ ៧៩​នាក់កើន​ឡើង​ ៧៦.៦២​ភាគរយ​។ តែ​យ៉ាងណាក៏ដោយ​ទន្ទឹម​នឹង​វត្តមាន​ភ្ញៀវ​ទេសចរ​កើន​ឡើង​ច្រើន ការ​ចោល​សំរាម​នៅតែ​ជា​បញ្ហា​ប្រឈម ដែល​ត្រូវ​បន្ត​ជំរុញ​ធ្វើការ​អប់រំ​ឲ្យ​បាន​ខ្លាំងក្លា និង​ទូលំទូលាយ​។

កំពត​សង្ក្រាន្ត​លើកទី១ នេះអាច​ប្រព្រឹត្ត​ទៅ​បាន​ដោយ​រលូន អាស្រ័យ​ដោយមាន​ការ​យក​ចិត្ត​ទុកដាក់​ឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី និង​ថវិកា​ផ្ទាល់ខ្លួន​របស់​ឯកឧត្ដម ជាវ តា​យ និង​គ្រួសារ ហើយ​រយៈ​ពេល​ ៣ថ្ងៃនេះ​ឯកឧត្ដម បាន​ចូលរួម​គ្រប់​កម្មវិធី​តា​ម​បែប​សាសនា និង​ពិធី​កម្សាន្ត​នានា និង​បាន​ធ្វើ​ដំណើរ​ថ្មើរជើងសំណេះសំណាល​ជាមួយ​ពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ដែល​បាន​ចូលរួម​ក្នុង​សង្ក្រាន្ត​នេះ​៕

​អត្ថបទ​៖ អន សារឹម