ស្អែក​នេះ​ ព្រឹទ្ធសភា ​នឹង​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ​ លើ​សេចក្តីព្រាង​ច្បាប់​ស្តីពី​អាជ្ញាប័ណ្ណ​បញ្ជា​សុខភាព​សាធារណៈ

379

ភ្នំពេញ ​៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍ ​នៃ​ព្រឹទ្ធសភា​ នៅ​ថ្ងៃទី ​១៧ ខែមេសា ​បាន​បើក​កិច្ចប្រជុំ​របស់​ខ្លួន​ក្រោយ​អធិបតីភាព ​សម្តេច​វិបុល​សេនា ​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ​ដោយ​បាន​កំណត់​យក​ថ្ងៃទី ១៨ មេសា ដើម្បី​ប្រជុំ​ពិនិត្យ ​និង​ឱ្យ​យោបល់​ លើ​សេចក្តីព្រាងច្បាប់​ស្តីពី​អាជ្ញាប័ណ្ណ​បញ្ជា​សម្រាប់​សុខភាព​សាធារណៈ​។

ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៅ​ព្រឹក​ថ្ងៃទី​១៧ ​ខែមេសា ​ព្រឹទ្ធសភា​បាន​កំណត់​យក​ថ្ងៃទី​១៨ ខែមេសា ស្អែកនេះ​ ដើម្បី​បើក​សម័យប្រជុំ​លើក​ទី​១១ ​នៃ​ព្រឹទ្ធសភា ​នីតិកាល​ទី​៣ ដើម្បី​ពិនិត្យ ​និង​ឱ្យយោបល់ ​សេចក្តីព្រាងច្បាប់​ស្តីពី​អាជ្ញាប័ណ្ណ​បញ្ជា​សម្រាប់​សុខភាព​សាធារណៈ​។

យោង​តាម​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា ​បានឱ្យដឹងថា​ កិច្ចប្រជុំ នៅ​ថ្ងៃស្អែក​នេះ ​នឹងធ្វើ​ឡើង​ក្រោម​អធិបតីភាព ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​កម្ពុជា​។

គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ព្រឹទ្ធសភា នៅ​ព្រឹក​ថ្ងៃទី​១៧ ​ខែមេសា បាន​បើក​កិច្ចប្រជុំ​របស់ខ្លួន​ពិភាក្សា​លើ​របៀបវារៈ​ចំនួន​២​រួមមាន​៖​ ១ ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​៨ ព្រឹទ្ធសភា ​ស្តីពី​ការ​សុំ​ដាក់​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​អាជ្ញាប័ណ្ណ​បញ្ជា​សម្រាប់​សុខភាព​សាធារណៈ ទៅ​ក្នុង​របៀបវារៈ នៃ​សម័យប្រជុំ​លើក​ទី​១១​ ព្រឹទ្ធសភា ​នីតិកាល​ទី​៣​។ ២​ កំណត់​របៀបវារៈ និង​កាលបរិច្ឆេទ​ បន្ត​សម័យប្រជុំ​លើក​ទី​១១ ​ព្រឹទ្ធសភា នីតិកាល​ទី​៣៕