អង់គ្លេស៖ អ្នកតវ៉ាប្រប្រឆាំងការវាយប្រហារតាមអាកាស ប្រហែល ២០០នាក់បានប្រមូលផ្ដុំគ្នា នៅខាងក្រៅសភាចក្រភពអង់គ្លេសកាលពីថ្ងៃច័ន្ទ តវ៉ាប្រឆាំងការសម្រេចចិត្តរបស់ចក្រភពអង់គ្លេស ដែលបានវាយប្រហារតាមអាកាសប្រឆាំងប្រទេសស៊ីរី។
ក្រុមដែលមានឈ្មោះថា បញ្ឈប់សង្គ្រាមចម្រុះ បានតវ៉ានៅទូទាំងប្រទេស ស្របពេលមានការជជែកដេញដោល បន្ទាន់ស្ដីពីការវាយប្រហារតាមអាកាសដែលកំពុងប្រព្រឹត្ត ទៅនៅក្នុងសភារបស់ចក្រភពអង់គ្លេស។ នៅខាងក្នុងសភាលោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស ធារ៉េសាមេ បានប្រាប់ក្រុមរដ្ឋមន្ត្រីថា ការធ្វើអន្តរាគមន៍នេះគឺជាអត្ថប្រយោជន៍ជាតិរបស់ប្រទេសនេះ និងមិនមែនជាលទ្ធផលនៃសម្ពាធពីប្រធានាធិបតីអាមេរិកលោក Donald Trump ឡើយ។ លោកស្រីថា កាលដែលលោកស្រីសម្រេចចិត្ត ដ៏ចាំបាច់យ៉ាងឆាប់រហ័សបែបនេះ ដើម្បីចូលរួមជាមួយអាមេរិក និងបារាំងក្នុងការវាយប្រហារតាមអាកាសកាលពីថ្ងៃសៅរ៍ ធ្វើឡើងជាការសងសឹកទៅនឹងការវាយប្រហារ ដែលសង្ស័យថាបានប្រើឧស្ម័នពុល។
លោកប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសប្រើកម្លាំងយោធា ពីសេតវិមានកាលពីល្ងាចថ្ងៃសុក្រ ខណៈដែលលោកថ្លែងថា ការផ្ទុះទាំងអស់បានធ្វើឲ្យកក្រើករដ្ឋធានីដាម៉ាស។ ការវាយប្រហារនានាគឺជាការធ្វើអន្តរាគមន៍ដ៏ធំបំផុត ដោយប្រទេសមហាអំណាចលោកខាងលិច ប្រឆាំងលោកប្រធានាធិបតីស៊ីរី បាសាអាល់ អាសាត ក្នុងសង្គ្រាមស៊ីវិលរយៈពេល ៧ឆ្នាំរបស់ប្រទេសមួយនេះ និងបានជំរុញឲ្យអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនប្រឆាំងប្រទេសរុស្ស៊ី ដែលបានចូលធ្វើអន្តរាគមន៍ក្នុងសង្គ្រាមនេះក្នុងឆ្នាំ២០១៥ ដើម្បីគាំទ្រលោក អាសាត។ ចំណែកនៅក្នុងទឹកដីសហរដ្ឋអាមេរិកឯណោះវិញ អ្នកតវ៉ាប្រឆាំងសង្គ្រាមរាប់រយនាក់ បានដើរក្បួននៅក្នុងទីក្រុង Los Angeles កាលពីថ្ងៃសៅរ៍ ប្រឆាំងនឹងចំណាត់ការយោធារបស់អាមេរិកក្នុងប្រទេសស៊ីរី។
សារព័ត៌មានក្នុងស្រុក NBC បាននិយាយថា ការតវ៉ានេះធ្វើឡើងនៅជុំវិញទីលានចតុរង្គ Persheng និងត្រូវបានរៀបចំដោយមជ្ឈមណ្ឌលសកម្មភាពអន្តរជាតិ។ រីឯនៅក្នុងប្រទេសស៊ីរីវិញ ក្រុមអ្នកគាំទ្រលោកប្រធានាធិបតី បាសាអាល់ អាសាត ជាច្រើននាក់បានដើរនៅតាមដងផ្លូវ នៃរដ្ឋធានីដាម៉ាសកាលពីព្រឹកថ្ងៃសៅរ៍ បន្ទាប់ពីអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបាញ់មីស៊ីលជាង ១០០គ្រាប់ទៅលើប្រទេសស៊ីរី៕
អត្ថបទ៖ សុខមាន