ខេត្ត​កោះកុង​ ទទួល​ភ្ញៀវ​ជាង​៣​ម៉ឺន​នាក់​ កំឡុង​បុណ្យ​ចូល​ឆ្នាំថ្មី​

97

កោះកុង​ ៖ ​រយៈពេល​៣​ថ្ងៃ ​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ ប្រពៃណី​ជាតិខ្មែរ ​ខេត្តកោះកុង បាន​ទទួល​ភ្ញៀវ​ទេសច​រ​សរុប​ជិត​៣​ម៉ឺន​៥​ពាន់​នាក់​ បើ​ធៀប​នឹង​ពេល​ដូចគ្នា​ឆ្នាំ​កន្លងទៅ ​គឺ​កើន​៥​ពាន់​នាក់​។

បី​ថ្ងៃ​នៃ​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​ ចាប់ពី​ថ្ងៃទី​១៤​ដល់​១៦​ ខែមេសា ​ខេត្តកោះកុង បាន​ទទួល ភ្ញៀវទេសចរ​ជាតិ ​និង​អន្តរជាតិ ​សរុប​ជិត​៣​ម៉ឺន​៥​ពាន់​នាក់​។ ​តួលេខ​នេះ ​បើ​ធៀប​នឹង​ឆ្នាំមុន ​គឺ​កើន​ជាង​៥​ពាន់​នាក់ ​ស្មើនឹង ១៥​ភាគរយ​។ ​ក្នុងនោះ ភ្ញៀវទេសច​ជាតិ​ មាន​ចំនួន​ម៉ឺន​៦​ពាន់ និង​ទេសចរ​បរទេស ​មាន​ចំនួន​ប្រមាណ​៨​ពាន់​៤​រយ​នាក់​។

លោក ប៊ុន បៀ​វ ប្រធាន​មន្ទីរ​ទេសចរណ៍ ​ខេត្តកោះកុង​ បាន​ឲ្យ​ដឹងថា ​តំបន់​រមណីយដ្ឋាន​ដែល​ជា​ទិសដៅ​របស់​ទេសចរ ​មានដូចជា​ ឆ្នេរសមុទ្រ​ប៉ាក់​ខ្លង ​រមណីយដ្ឋាន​ទេសចរ​ធម្មជាតិ​ពាម​ក្រសោប ចេតិយ​ឃុ​ង​ឆាង ​ឃុន​ផែន​ ច្រកព្រំដែន​ចាំ ​យាម និង​ទឹកជ្រោះ​តា​តៃ​។​ ក្រៅពី​ទៅលេង​កម្សាន្ត​តំបន់​រមណីយដ្ឋាន​សំខាន់​របស់​ខេត្ត ​ពលរដ្ឋ និង​អ្នកទេសចរ​ ក៏​ឆ្លៀត ចូល​លេង​កម្សាន្ត​ល្បែង​ប្រជាប្រិយ និង​រាំ លេង​ផងដែរ​។ ​ចំពោះ​បញ្ហា​អនាម័យ​បរិស្ថាន​វិញ ​មាន​រៀបចំ​​ទុកដាក់​ធុង សំរាម​ត្រឹមត្រូវ​ល្អ​។

លោក​ បាន​បាន​វាយ​តម្លៃថា​ កំឡុងពេល​បុណ្យចូលឆ្នាំ​បី​ថ្ងៃ មាន​សេវា​ដឹក​អ្នកដំណើរ ​ភោជនីយដ្ឋាន អាហារដ្ឋាន ​ផ្ទះសំណាក់ ​សណ្ឋាគារ​មួយ ​ចំនួន​បាន​ដំឡើងថ្លៃ ​និង​មួយ​ចំនួនទៀត​មិន​ឡើងថ្លៃ​ទេ​។ ផ្ទះសំណាក់​ និង​សណ្ឋាគារ​ដំឡើង ​ថ្លៃ​ចន្លោះ​ពី​៧០​ភាគរយ​ទៅ​១១០​ភាគរយ​ ទោះបីជា​មន្ទីរ​ និង​អាជ្ញាធរ​ពាក់ព័ន្ធ ​បាន​ស្នើ​សុំ​មិន​ឲ្យ​មានការ​ឡើងថ្លៃ​ក៏ដោយ​។

លោក សរ សារ៉ាត់ ស្នង​ការរង​នគរបាល​ខេត្តកោះកុង ​បានឱ្យដឹង​ដែរ​ថា ​សន្តិសុខ​សុវត្ថិភាព ​និង​សណ្តាប់ធ្នាប់ ​សាធារណៈ​នៅ​គ្រប់​តំបន់​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី ​គឺ​គ្មាន​ឧបសគ្គ​អ្វី​ឡើយ ​ពុំមាន​បទល្មើស​ឧក្រិដ្ឋ​ព្រហ្មទណ្ឌ ​គ្រោះ​អគ្គិភ័យ និង​គ្រោះថ្នាក់​ចរាចរណ៍​ទេ​។ ជាក់ស្តែង ​ការលេង​ល្បែង​ជះ​ទឹក​ដាក់គ្នា​តាមផ្លូវ​សាធារណៈ ​ក៏​សមត្ថកិច្ច​តាមដាន និង​គ្រប់គ្រង​ស្ថានការណ៍​បាន​ល្អ​ប្រសើរ​ណាស់​។ ​ពិសេស ថ្ងៃ​ឆ្លង​ពិធីបុណ្យ​ឆ្នាំ​ថ្មី ​ក្រោយ​ស្រង់​ព្រះ​រួចរាល់ ​សមត្ថកិច្ច​បាន​ពង្រាយ ​រថយន្ត​ពន្លត់​អគ្គិភ័យ ​ចំនួន​៣​គ្រឿង​ បាញ់​អោយ​ប្រជាពលរដ្ឋ​ងូត ​និង​រាំ​លេង​សប្បាយ​មុខ​សាលាខេត្ត​។​

តាម​ការ​ឲ្យ​ដឹង​របស់​អាជ្ញាធរ ​ខេត្តកោះកុង ​គឺថា​កោះកុង​សង្ក្រាន្ត ​ត្រូវ​បាន​រៀបចំឡើង​ក្នុង​ទិសដៅ​បង្កើត​បរិយាកាស​សាមគ្គីភាព​សប្បាយរីករាយ ផ្តល់​ឱកាស​ឲ្យ​ក្រុម​យុវជន​ ក៏ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន​ បាន​ស្វែងយល់ ​និង​ផ្សព្វផ្សាយ​ពី​វប្បធម៌ អរិយធម៌​ខ្មែរ ​ព្រមទាំង​ទាក់ទាញ​ភ្ញៀវជាតិ ​និង​អន្តរជាតិ​៕