ភ្ញៀវ​ជាតិ​ទៅលេង​សង្ក្រាន្ត​និង​រមណីយដ្ឋាន ​ខេត្តបន្ទាយមានជ័យ​ កើនឡើង​

98

បន្ទាយមានជ័យ ៖ ​ នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​នេះ ប្រជាពលរដ្ឋ​ជាច្រើន បាន​ចំណាយ​ពេល ​និង​ថវិកា​ធ្វើដំណើរ​កម្សាន្ត​ទៅកាន់​តំបន់ រមណីយដ្ឋាន​នានា​ ជាជាង​ការ​សម្រាក​លេង​កម្សាន្ត​តែ​ក្នុង​តំបន់​របស់​ខ្លួន ​ដែល​នេះ ​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា​ ពី មួយឆ្នាំ​ទៅមួយ​ឆ្នាំ​ប្រជាពលរដ្ឋ មានការ​រីកចម្រើន​ខាង​ផ្នែក​សេដ្ឋកិច្ច ​ដោយសារ​ប្រទេសជាតិ​មាន​សុខ​សន្តិភាព ​ស្ថិរភាព​ នយោបាយ ​និង​ការ​រីកលូតលាស់​សេដ្ឋកិច្ចជាតិ​ផងដែរ​។

ភ្ញៀវ​ជាតិ​បាន​ចូលរួម​លេង​កម្សាន្ត​សង្ក្រាន្ត និង​រមណីយដ្ឋាន​នៅ​ខេត្តបន្ទាយមានជ័យ ​មានការ​កើន​ឡើង​បើ​ប្រៀប ធៀប​នឹង​ឆ្នាំមុន​។ ប៉ុន្តែ​នៅ​ប្រាសាទបន្ទាយឆ្មារ ​ដែល​រៀបចំ​សង្ក្រាន្ត​ធំដុំ​ជាង​មុន បែរជា​ភ្ញៀវ​ថយចុះ​ទៅវិញ ​។ ចំណែក​តាម​វត្ត អារាម​នានា ​ក៏​ហាក់​មាន​សភាព​ស្ងាត់​ភ្ញៀវ​ជាង​ឆ្នាំ​ណា​ទាំងអស់​។

លោក ឈឿន សេរី​វុ​ធ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ ​បាន​ឲ្យ​ដឹងថា​ ក្នុង​កំឡុង​ពិធីបុណ្យ​ចូលឆ្នាំ ខ្មែរ​នេះ ខេត្ត​ទទួល​បាន​ភ្ញៀវ​ជាង​១៦​ម៉ឺន​នាក់ គឺ​កើន​ជាង​១០​ភាគរយ ​ធៀប​នឹង​ឆ្នាំមុន​។ តែ​ភ្ញៀវ​បរទេស ​បាន​ថយចុះ​។

លោក​ បាន​បញ្ជាក់ថា ក្នុង​ចំនួន​នោះ ភ្ញៀវ​បាន​ចូលរួម​លេង​កម្សាន្ត​ច្រើនជាងគេ​នៅ​ទីតាំង​សង្ក្រាន្ត​បន្ទាយមានជ័យ ​កណ្តាល​ក្រុង​សិរីសោភ័ណ ដែល​បានរៀបចំ​សង្ក្រាន្ត​បី​ឆ្នាំ​មកហើយ​ បន្ទាប់មក​នៅ​ទីតាំង​សង្ក្រាន្ត​ប៉ោយប៉ែត ដែល​បាន រៀបចំ​ធំដុំ​លើកដំបូង​។ ចំណែក​នៅ​រមណីយដ្ឋាន​អាងទឹក​ត្រពាំងថ្ម ​ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក មាន​ភ្ញៀវ​ទៅ​កម្សាន្ត ប្រមាណ​៣​ម៉ឺន​នាក់​ គឺ​កើនឡើង​តិចតួច ប្រៀបធៀប​នឹង​ឆ្នាំមុន​។ ក្រៅពីនោះ គឺ​ភ្ញៀវ​ទៅ​កម្សាន្ត​តាម​ទី​រមណីយដ្ឋាន​កែច្នៃ​ ដូចជា​សួន​ស្នេហ៍​ជនបទ​ ទៅ​តំបន់ភ្នំ និង​ល្អាង តាម​ទី​មានទឹក ​និង​វត្ត​អារាម ខ្លះ​ផងដែរ​។

លោក ស្រេង សុផល អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​ បាន​ឲ្យ​ដឹង​ដែរ​ថា សង្ក្រាន្ត បន្ទាយមានជ័យ ឆ្នាំនេះ មាន​សកម្ម​ភាពជា​បន្ថែ​ម​លើ​ព្រឹត្តិការណ៍​ឆ្នាំ​ចាស់ ដូចជា ការប្រកួត​កីឡាប្រដាល់​ល្បុ​ក​ត្តោ ​ល្បែង​ប្រជាប្រិយ មានការ​រាំ​មហា​សាមគ្គី​តាម​ចង្វាក់​របាំ​ប្រពៃណីជាតិ​ ដែល​ប្រើប្រាស់​យុវជន យុវនារី ចំនួន​២​ពាន់​៥៦២ ​នាក់ ដែល​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន សប្បាយរីករាយ ​និង​ជោគជ័យ​។ ឯ​សង្ក្រាន្ត​បន្ទាយឆ្មារ មាន​ពណ៌​ជា​ទិដ្ឋភាព​ និង ទេសភាព​ប្រាង្គ​ប្រាសាទ​បុរាណ សហគមន៍​ពលរដ្ឋ​អតីត​ក្រុង​បុរាណសម័យ​កសាង​ប្រាសាទ​ថ្ម​ចុងក្រោយ នៃ​សម័យ​អង្គ​រ និង​ជីវភាព​ស្រុកស្រែ​ចម្ការ ​។ ចំណែក​នៅ​ទីតាំង​សង្ក្រាន្ត​ប៉ោយប៉ែត មាន​ទស្សនីយភាព កម្ម​វ​ធី នៃ​ព្រឹត្តិការណ៍​បែប​បុរាណ សម័យ​ទំនើប​លាយ​ចម្រុះ​គ្នា​៕