​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ប្រឈម​នឹង​ការ​តវ៉ា​ពេញ​ដោយ​កំហឹង​នៅ​​ក្នុង​ទីក្រុង​ឡុង​ដ៍​ចក្រ​ភព​អង់គ្លេស​

69

​អង់គ្លេស៖ ក្រុម​អ្នក​តវ៉ា​ពោ​ពេញ​ដោយ​កំហឹង​រាប់​រយ​នាក់ បានស្វាគមន៍​លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា ​ណារិន​ដ្រា មូ​ឌី នៅ​ពេល​ដែល​លោកបាន​ទៅដល់ក្នុង​ទីក្រុងឡុង​ដ៍កាលពីថ្ងៃពុធ ដោយតវ៉ាជុំវិញ​ការ​កើន​ឡើង​នៃ​អំពើ​ហិង្សាផ្លូវ​ភេទ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ រួម​ទាំងអំពើចាប់​រំ​លោភ​ដ៏​សាហាវ​ព្រៃផ្សៃ ២​ករណី​ដាច់ដោយឡែក​ពី​គ្នា​។

​ដោយ​កាន់​បដា​សរសេរ​ថា​ ​”Modi go home”​ និងយើងប្រកាន់ជំហរ​ប្រឆាំងរបៀបវារៈ​នៃ​ភាព​ស្អប់ខ្ពើម និង​លោភលន់​របស់​លោក ​មូ​ឌី ពួកគេបានប្រមូលផ្ដុំ​គ្នា​នៅ​ខាងក្រៅ​វិមាន Downing Street និង​សភា ខណៈ​លោក មូ​ឌី​ បាន​អញ្ជើញដល់ចក្រភព​អង់គ្លេស ​សម្រាប់​កិច្ចពិភាក្សា​ជាមួយលោក​ស្រី​នាយករដ្ឋមន្ត្រី​ ធា​រ៉េ​សា​មេ។ ​អំពើ​ហិង្សា​ផ្លូវ​ភេទ និង​ស្រីគឺជា​បញ្ហាចោទ​ដ៏​ក្ដៅ​គគុក ក្នុង​រឿង​នយោបាយនៅប្រទេស​ឥណ្ឌា​ ជាទី​ដែលការ​តវ៉ាតែង​ផ្ទុះ​ឡើងជា​ទៀងទាត់ ពាក់ព័ន្ធ​នឹងអំពើ​ហិង្សា​លើ​ស្រី និង​ការ​បរាជ័យ​មិន​អាច​ការពារ​ពួកគេ​បាន​។ ភាគ​ច្រើន​នៃ​អ្នក​តវ៉ា​ទាំងនោះ​បាន​និយាយ​ថា ពួកគេ​ចង់​ក្រោកឈរ​ដោយ​កម្លាំងសាមគ្គី ជាមួយ​ជនរងគ្រោះ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដែលកំពុង​តវ៉ា​ដូចគ្នា​ប្រឆាំង​ករណី​រំលោភ នា​ពេល​ចុងក្រោយ​បំផុត​នេះ។

មន្ត្រី​នគរបាល និង​អ្នកនយោបាយ​មួយ​រូប កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេតក្នុង​ករណី​រំលោភ​សម្លាប់​ ដាច់​ដោយ​ឡែក​ពី​គ្នា​ចំនួន​ ២​ករណី។ លោក មូ​ឌី បាន​ថ្លែង​ពាក់ព័ន្ធ​នឹង​ការ​ផ្ទុះ​កំហឹង​ ជុំវិញ​ករណី​រំលោភទាំង​នោះកាលពី​សប្ដាហ៍​មុន ដោយ​សន្យា​ថា​នឹង​ផ្ដន្ទាទោស​ចំពោះ​ជន​ប្រព្រឹត្តិ​ ដើម្បី​ស្វែងរក​យុត្តិធម៌ជូន​ជនរងគ្រោះ។​ ​ជាមួយគ្នា​នោះក៏​មានក្រុម​អ្នកគាំទ្រ​លោក មូ​ឌី​ មួយ​ចំនួនបាន​ប្រមូល​ផ្ដុំ​គ្នា​ផង​ដែរនៅ​ខាងក្រៅ​វិហារ Westminster Abbey ​ដោយ​ស្រែក​ថា​ យើង​ស្រឡាញ់លោក មូ​ឌី យើង​ស្វាគមន៍​លោក​ មូ​ឌី​ និងពាក្យ​ថាលោក មូ​ឌី ជា​អ្នក​ជួយ​សង្គ្រោះ​ប្រទេស​ឥណ្ឌា៕
អត្ថបទ៖ សុខ​មាន