ប្រធាន​សមាគម​នារី​ក​ម្ពុ​ជា​ដើម្បី​សន្ដិភាព និង​អភិវឌ្ឍន៍​ប្រកាស​ទទួលស្គាល់​សមាជិក ​៤៣០​នាក់ ក្នុងស្រុក​ល្វាឯម

62

កណ្ដាល៖ ប្រធាន​សមាគមនារី​ក​ម្ពុ​ជាដើម្បី​សន្ដិភាព និង​អភិវឌ្ឍន៍ ប្រកាស​ទទួល ស្គាល់​ប្រធាន អនុប្រធាន សមាជិក សមាគម ៤៣០ នាក់ មកពី​១៥​ឃុំ ស្រុក​ល្វាឯម ខេត្ដ​កណ្ដាល។​

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​សមាគមនារី​កម្ពុជា ដើម្បីសន្ដិភាព និង​អភិវឌ្ឍន៍ មានប្រសាសន៍​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​នៅ ថ្ងៃទី ១៩ មេសា ឆ្នាំ​២០១៨​នេះ​ថា ក្នុង​វិស័យ​ការងារ ភូមិ ឃុំ ស្រុក ពិតជា​បាន​ចូលរួមចំណែក​ដ៏​សំខាន់ លើ​ការងារ​អភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចសង្គម និង​ការងារ​អភិវឌ្ឍន៍​សមត្ថភាព​ស្ដ្រី បានយ៉ាង​ល្អប្រសើរ។

​លោកជំទាវ​បន្តថា ថ្វីត្បិតតែ​វិស័យ ការងារ ភូមិ ឃុំ ស្រុក មានការ​រីកចម្រើន​ក្តី ក៏ប៉ុន្តែ​ស្ត្រី ជា​ថ្នាក់ដឹកនាំ​នៅតែ​ជួប បញ្ហា​ប្រឈម​នៅឡើយ ដូច​ជាការ​មាក់ងាយ​ពី​បុរស ពី​អ្នក​មានអំណាច​តាម​ការបោក​បញ្ឆោត ការរើសអើង ភាពក្រីក្រ និង​សុខភាព​ទន់ខ្សោយ​ជាដើម​។

លោកជំទាវ ម៉ែន សំអន បាន​បញ្ជាក់ថា បច្ចុប្បន្ន​ការងារស្ដ្រី ក្នុង​វិស័យ នយោបាយ និង​កិច្ចការងារ ភូមិ ឃុំ ស្រុក ខេត្ដ គឺ​បាន​ដើរតួនាទី​ដ៏​សំខាន់ ព្រោះ​នារី បាន​បំពេញ និង​បញ្ជ្រាប ទៅដល់​ស្ដ្រី​បង្កើន​សមត្ថភាព ដែល​កំពុង​បម្រើ​ការងារ ក្នុង​វិស័យ សហគមន៍ ភូមិ ឃុំ ពិសេស​នៅ​មូលដ្ឋាន ដោយ​ភ្ជាប់ នូវ​ខ្លឹមសារ គ្រោះថ្នាក់ អំពី​ការរំលោភបំពាន​ផ្លូវភេទ អំពើ​ហិង្សា​លើ​ស្ត្រី​ការ​ជួញដូរ​ផ្លូវភេទ ការបោក​បញ្ឆោត ការរើសអើង ភាពក្រីក្រ និង​សុខភាព​ទាំងអស់នេះ គឺ​ដោយសារ​មូលហេតុ មួយចំនួន​ដូចជា កង្វះ​ការយល់ដឹង​ពី​តម្លៃ​របស់​ស្ត្រី ការ​រើស អើ​ង​របស់​មនុស្ស​ខ្លះ​ក្នុងសង្គម ។

ព្រោះថា ស្ដ្រី​ជា​ឆ្អឹងខ្នង នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ។ តម្លៃ​របស់​ស្ត្រី​ខ្មែរ ក្នុង​គ្រួសារ ក្នុងសង្គម និង​ប្រទេសជាតិ ដែល​តម្រូវ​ឲ្យ យើង​រួម គ្នា​ប្រឹង ប្រែង​ចាត់វិធានការ​រក​ដំណោះស្រាយ ឲ្យ​បាន​ទាន់ ពេលវេលា តាម​គ្រប់​រូបភាព​។​

លោកជំទាវ​បន្ដថា បញ្ហា​ទាំងអស់នេះ រាជរដ្ឋាភិបាល កម្ពុជា ដែលមាន សម្ដេច​តេ​ជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ដ្រី កំពុង​ដាក់ ចេញ​នូវ​វិធានការ​ជាក់លាក់​មួយចំនួន​ដើម្បី​លើកកម្ពស់​សមភាព​យេនឌ័រ ដូចជា ការតែងតាំង​ស្ដ្រី​ជា អភិបាលរង រាជធានី​ខេត្ដ ក្រុង ស្រុក​ខណ្ឌ ការតែងតាំង ឲ្យ​មាន​ស្ដ្រី​ជា​ថ្នាក់ ដឹកនាំ ក្នុង​ថ្នាក់ភូមិ​ឃុំ​ស្រុក​គ្រប់​កម្រិត ការតែងតាំង និង​បង្កើន​ឲ្យ​មាន​ស្ដ្រី​ជា​ថ្នាក់ដឹកនាំ ក្នុង​សេចក្ដីសម្រេច នៅតាមស្ថាប័ន និង អង្គភាព​នានា៕​