វិទ្យាស្ថាន​ស៊ី​អ៊ី​អូ​ផ្តើម​ធ្វើ​កិច្ចសហប្រតិបត្តិការ​លើក​កម្ពស់​វិស័យ​មូល​ប​ត្រ​នៅ​កម្ពុជា​

203

ភ្នំពេញ៖ ថ្មីៗ​នេះ វិទ្យាស្ថាន​ស៊ី​អ៊ី​អូ​និង​CEO Master Club ចាប់​ផ្តើមធ្វើ​កិច្ចសហប្រតិបត្តិការ​លើក​កម្ពស់​វិស័យ​មូល​ប​ត្រ​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ចជាតិ​។​

សម្រាប់ ឯកឧត្តម​ស៊ូ​សុជាតិ​អគ្គនាយក​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​បាន​ថ្លែងថា​ទីផ្សារ​មូល​ប​ត្រ​គឺ​ប្រភព​ដ៏​សំខាន់​មួយ​ដែល​អាចជួយ​ដល់​សហគ្រិន​ក្នុងស្រុក​ឱ្យ​ប្រមូល​ដើមទុន​បន្ថែម​សម្រាប់​ពង្រីក​អាជីវកម្ម​របស់ខ្លួន​ព្រម​ជាមួយគ្នានេះ​ក្រៅពី​ការទទួលបាន​ទុន​បន្ថែម​ម្ចាស់​ក្រុមហ៊ុន​សហគ្រាស​នឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍​ជាច្រើន​។​

ឯកឧត្តម​បាន​បន្ថែមទៀតថា ការរៀបចំ​ក្រុមហ៊ុន​ដែលមាន​ស្តង់ដារ​ខ្ពស់​និង​មានការ​អភិវឌ្ឍ​ផែនការអាជីវកម្ម​មួយ​ដែលមាន​ច្បាស់លាស់​មុត​ស្រួច​ប្រព័ន្ធ​នៃ​ការគ្រប់គ្រង​ស្របតាម​បទដ្ឋាន​អភិបាល​សាជីវកម្ម​កិច្ច​ជាតិ​និង​អន្តរជាតិ​អនុលោម​ទៅតាម​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ដែលមាន​ធរមាន​នៅ​កម្ពុជា​។​

សម្រាប់លោក ​អោម ​សេង​បូរ៉ា ​ស្ថាបនិក​និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​វិទ្យាស្ថាន​ស៊ី​អ៊ី​អូ​និង​CEO Master Club បាន​ថ្លែង​ឲ្យ​ដឹងថា វិទ្យាស្ថាន​ស៊ី​អ៊ី​អូ​និង​CEO Master Club បានរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​សេដ្ឋកិច្ចជាតិ​តាមរយៈ​ការបណ្ដុះបណ្ដាល​សហគ្រិន​ឲ្យ​យល់ដឹង​និង​ត្រៀមខ្លួន​ទាញយក​ប្រយោជន​ពី​វិស័យ​មូល​ប​ត្រ​ខណៈដែល​សហគ្រិន​កម្ពុ​ជា​កំពុង​ដើរតួនាទី​សំខាន់​ក្នុង​បង្កើត​ការងារ​និង​បង់ពន្ធ​ជូន​រដ្ឋ​។​

លោក​បាន​ថ្លែង​បន្តទៀតថា​តាមរយៈ​អនុស្សរណៈ​ដែល​បានធ្វើ​កន្លងមក​វិទ្យាស្ថាន​ស៊ី​អ៊ី​អូ​និង​CEO Master Club នឹង​ពង្រីក​ការបណ្ដុះបណ្ដាល​របស់ខ្លួន​បន្ថែមទៀត​ទៅលើ​ចំណេះដឹង​ខាង​ផ្នែក​វិស័យ​មូល​ប​ត្រ​នៅ​កម្ពុជា​ជូន​ទៅដល់​សមាជិកគ្រួសា​រ CEO Master Club ចំនួន​៥៧០​នាក់​ដែលមាន​អាជីវកម្ម​ជាង​១០០០​ក្រុមហ៊ុន​។​

រាជរដ្ឋាភិបាល​បានអនុម័ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៦ ២០២៥​ដោយ​ក្នុងនោះ​សង្កត់ធ្ងន់​ទៅលើ​គោលនយោបាយ​ជំរុញ​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​ជា​សាធារណៈ​របស់​ក្រុមហ៊ុន​សហគ្រាស​កម្ពុជា​ដោយ​ដាក់ចេញ​នូវ​គោលនយោបាយ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ក្នុង​វិស័យ​មូល​ប​ត្រ​សម្រាប់​ក្រុមហ៊ុន​បោះផ្សាយ​លក់​មូល​ប​ត្រ​ជា​សាធារណៈ​។​

គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​នឹង​ផ្ដល់​វាគ្មិន​ក្នុងការ​បណ្ដុះបណ្ដាល​អំពី​ច្បាប់​និង​បទ​ប្បញ្ញត្តិ​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​មូល​ប​ត្រ​ក៏ដូចជា​បទពិសោធន​អនុវត្ត​នានា​ដល់​សិក្ខាកាម​និស្សិត​វិទ្យាស្ថាន​ស៊ី​អ៊ី​អូ​។​ជាពិសេស សម្របសម្រួល​ផ្ដល់​វាគ្មិន​ក្នុងការ​បណ្ដុះបណ្ដាល​អំពី​អភិបាលកិច្ច​សាជីវកម្ម​និង​ការប្រើប្រាស់​បញ្ជី​ការ​គណនេយ្យ​និង​ការសម្របសម្រួល​ការចុះ​កម្មសិក្សា​នៅតាម​ក្រុមហ៊ុន​និង​ស្ថាប័ន​ជាដើម​៕