ការ​​ប៉ះ​ទង្គិច​​ដោយ​ហិង្សា​បាន​​​ផ្ទុះ​ឡើង​អំឡុង​ពេល​បាតុកម្ម​នៅ​ក្នុង​ទីក្រុង​ប៉ារីស

1146

បារាំង៖ ការ​ប៉ះ​ទង្គិច​​ដោយ​ហិង្សា​បាន​ផ្ទុះ​ឡើង​​រវាង​​អ្នក​តវ៉ា​ និង​កង​កម្លាំង​នគរបាល​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ម្សិលមិញ អំឡុង​ពេល​​មាន​​បាតុកម្ម​មួយ​នៅ​ទីក្រុង​​ប៉ារីស​​ ដែល​រៀប​ចំ​​ឡើង​ដោយ​​សហភាព​​ពាណិជ្ជកម្ម​ដ៏​សំខាន់​​ ដើម្បី​បង្កើន​ការ​​ប្រឆាំង​ចំពោះ​កំណែ​ទម្រង់​​របស់​លោក អេមម៉ានូអែល ម៉ាក្រុង​ ប្រធានាធិបតី​បារាំង។

​កម្មករ​ផ្លូវ​ដែក​​បាន​ធ្វើ​​កូដកម្ម​អស់​រយៈ​ពេល ៨​ថ្ងៃ​នៅ​ក្នុង​ខែ​នេះ​​ ហើយ​ CGT កំពុង​សង្ឃឹម​បង្រួបបង្រួម​ក្រុម​បុគ្គលិក​ ដែល​​បាន​​ខឹង​សម្បារ​​អំពី​វិជ្ជា​ជីវៈ​ខុស​​ៗ​គ្នា​ ក្នុង​អ្វី​ដែល​គេ​ហៅ​ថាជា​ការ​បង្រួបបង្រួម​នៃ​ការ​តស៊ូ។ ​ប៉ុន្តែ​​ការ​តវ៉ា​​នៅ​ទីក្រុង​​ប៉ារីស​ត្រូវ​បាន​​ប្រឈម​តទល់​ ដោយ​ការ​ប៉ះ​ទង្គិច​​រវាង​ក្រុម​អ្នក​​តវ៉ា​បាន​​ស្រែក និង​គប់​ដុំ​ថ្ម និង​ដប​ទៅ​លើ​​ក្រុម​អាជ្ញាធរ​ ដែល​បណ្ដាល​ឲ្យ​នគរបាល​​​វាយ​តបត​ទៅ​​លើ​ពួក​គេ​វិញ​ និង​បាន​បាញ់​​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ទៅ​ក្នុង​ហ្វូង​​អ្នក​តវ៉ា​​ទាំង​នោះ។

យោង​តាម​​នគរបាល​​ឲ្យ​ដឹង​ថា ​មនុស្ស ២​នាក់​ត្រូវ​បាន​​ចាប់​ខ្លួន​ ហើយ​ក្រុម​មន្ត្រី ៧​នាក់​បាន​​រង​របួស​ស្រាល។ ​ការ​តវ៉ា​​ត្រូវ​បាន​​ហែហម​ដោយ​ក្រុម​មនុស្ស​ផ្សេង​ៗ​​ទៀត​​នៅ​ពាស​ពេញ​​ប្រទេស ក្នុង​នោះ​មាន​រួម​​ទាំង​​នៅ​ទីក្រុង​​ណាន់តេ​ភាគ​ខាង​លិច​ប្រទេស​បារាំង​ផង​ដែរ៕​​

អត្ថបទ៖ រិទ្ធី