យន្តហោះ​ចម្បាំង​អ៊ីរ៉ាក់​​​បើក​ការ​វាយប្រហារ​​តាម​អាកាស​លើ​ទីតាំង​​ក្រុម​រដ្ឋ​អ៊ីស្លាម​​នៅ​ក្នុង​ប្រទេស​ស៊ីរី​

108

អ៊ីរ៉ាក់៖ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​​ អ៊ីរ៉ាក់​បាន​​វាយប្រហារ​​​តាម​អាកាស​ជា​ច្រើន​លើក ​ទៅ​លើ​ទីតាំង​​​ក្រុម​រដ្ឋ​អ៊ីស្លាម​​នៅ​ក្នុង​ប្រទេស​ស៊ីរី មួយ​សប្ដាហ៍​បន្ទាប់​​ពី​លោក​នាយករដ្ឋមន្ត្រី​ Haider al Abadi បាន​និយាយ​ថា ប្រទេស​របស់​លោក​នឹង​​ការពារ​ខ្លួន​​ឯង​​ ពី​ការ​គំរាម​កំហែង​​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​នៅ​តាម​ព្រំដែន។

​វីដេអូ​​បាន​ចេញ​ផ្សាយ​​ដោយ​ក្រសួង​ការពារ​ជាតិ​អ៊ីរ៉ាក់​ បាន​បង្ហាញ​​​អគារ​មួយ​​មាន​​កម្ពស់​​ ២​ជាន់​​​ត្រូវ​គេ​ជឿ​ថា ​បាន​​ប្រើប្រាស់​​ដោយ​ពួក​​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម ​​រង​ការ​វាយប្រហារ​​​បាន​​ផ្ទុះ​ឡើង​​ និង​មាន​​ផ្សែង​​ខ្មៅ​ទ្រោល​ឡើង​នៅ​ទី​នោះ។ ​យន្តហោះ​ចម្បាំង​​អ៊ីរ៉ាក់​ប្រភេទ​ F-16 បាន​ហោះ​ហើរ​​ឆ្លង​កាត់​ព្រំដែន​​​ទៅ​ក្នុង​ប្រទេស​ស៊ីរី ធ្វើ​ការ​វាយប្រហារ​តាម​អាកាស បន្ទាប់​ពី​មាន​ការ​​​សម្របសម្រួល​​ជាមួយ​រដ្ឋាភិបាល​​លោក អាសាត ​ប្រធានាធិបតី​ស៊ីរី នេះ​បើ​យោង​តាម​​ការ​ឲ្យ​ដឹង​របស់​​អ្នក​នាំ​ពាក្យ​​យោធា​អ៊ីរ៉ាក់។

កាល​ពី​​ដើម​ខែ​នេះ​​លោក អាបាឌី បាន​មាន​​ប្រសាសន៍​ថា អ៊ីរ៉ាក់ នឹង​ចាត់​វិធានការ​ចាំបាច់​​​គ្រប់​យ៉ាង​ បើ​សិន​ជា​​ពួក​គេ​​គំរាម​កំហែង​​ទៅ​ដល់​សន្តិសុខ​អ៊ីរ៉ាក់ ហើយ​លោក​​មាន​​ប្រសាសន៍​បែប​នេះ​​ដោយ​សំដៅ ​​ទៅ​លើ​ក្រុម​​សកម្ម​ប្រយុទ្ធ​ជីហាត​ ដែល​ទើប​តែ​​បាន​វាយប្រហារ​​អស់​រយៈ​ពេល ៣​ឆ្នាំ​កន្លង​មក​ហើយ​​ លើ​ទឹក​ដី​អ៊ីរ៉ាក់​​ចំនួន​មួយ​​ភាគ​បី៕​​

អត្ថបទ៖ រិទ្ធី