ក្រុម​បាល់បោះ​ Real Madrid យក​ឈ្នះ Panathinaikos ៨៩-៨២ វគ្គ Play-off នៅ Euroleague

603

បាល់បោះ៖ ក្រុម​បាល់បោះ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អេ​ស្ប៉ា​ញ Real Madrid បាន​ស្វែងរក​ជ័យជំនះ​ដើម្បី​តាម​ស្មើ ១-១ ជាមួយ​ក្រុម​ក្រិ​ក Panathinaikos ក្នុង​វគ្គ Play-off ក្រប​ខណ្ឌ Euroleague ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។

​ការប្រកួត​នៅ​មជ្ឈមណ្ឌល​កីឡា​អូឡាំពិក ​ដែល​ស្ថិតនៅ​ទីក្រុង​អា​តែ​ន​ប្រទេស​ក្រិ​ក ក្រុម​ម្ចាស់ផ្ទះ​ឯកសណ្ឋាន​ពណ៌​បៃតង ​មានប្រៀប​ជាង​ក្រុម​ភ្ញៀវពី​ការ​បោះ​យក​ពិន្ទុ​របស់ Mike Jame នឹង​បន្ត​ការនាំ​មុខ​ដល់ ២១-១៦ ក្នុង​ហ្គេម​ទី​មួយ​។ ចូល​ដល់​ហ្គេម​ទី​ពីរ Real Madrid ដែល​មាន​ឯកសណ្ឋាន​ពណ៌​ស ​បាន​រើ​បម្រាស់​ពី​ការ​ដាក់​សំពាធ​នេះ​វិញ ពេល Jaycee Carroll បោះ​យក​បី​ពិន្ទុ​តាម​ស្មើ ២១-២១ ​នឹង​បន្ត​ដេញ​តាម​ពិន្ទុ​គ្នា​រហូត​។ ក្តី​សង្ឃឹម​ឈ្នះ​របស់​ក្រុម Panathinaikos គឺ​មាន​ច្រើន​ដោយសារ​បាន​ឈ្នះ​ម្ដង​រួចហើយ​ក្នុង​វគ្គ Play-off នេះ ប៉ុន្តែ​បែរជា​ភ្លាត់​នៅ​ចុង​វគ្គ​ទៅវិញ ដោយ​ទុក​ឱកាស​ឲ្យ​ក្រុម Real Madrid រក​ពិន្ទុ​តាម​ស្មើនឹង​យកឈ្នះ​វិញ​ដោយ​លទ្ធផល ៨២-៨៩​។

​​តាមរយៈ​ជ័យជំនះ​នេះ Real Madrid នឹង Panathinaikos កំពុង​ស្ថិត​នៅ​ក្នុង Game Tie ១-១ ក្នុង​ចំណោម ​៥​ប្រកួត​នៃ​វគ្គ Play-off នេះ​។ ប្រកួត​បន្ទាប់ Real Madrid នឹង​ធ្វើជា​ម្ចាស់ផ្ទះ​វិញ​ម្តង ក្នុង​ការ​ប្រកួត​ហ្គេម​ទី​៣​ នឹង​ទី​៤​ នៅ​សប្ដាហ៍​ក្រោយ​៕

​អត្ថ​ប​ទ៖ ឈិ​ត រតនា