ក្រុម​អ្នក​តវ៉ា​ទាមទារ​ឲ្យ​ចាប់ខ្លួន​ក្រុម​មន្ត្រី​ដែល​បាន​បាញ់សម្លាប់​បុរស​ស្បែក​ខ្មៅ Stephon Clark

254

អាមេរិក៖ ក្រុម​អ្នក​តវ៉ាបាន​ដើរ​ក្បួនសំដៅទៅកាន់ ការិយាល័យ​មេធាវីសង្កាត់របស់​ទីក្រុង Sacramento ​សហរដ្ឋអាមេរិកកាលពី​ថ្ងៃ​ព្រហស្បតិ៍ ទាមទារ​យុត្តិធម៌​ក្នុង​ករណី​បាញ់សម្លាប់បុរស​ស្បែក​ខ្មៅ Stephon Clark។​

​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយក្នុងស្រុកនិយាយថា ក្រុម​អ្នក​តវ៉ាបានដាក់​ញត្តិ​មួយ​ច្បាប់​ ដែល​មាន​ហត្ថលេខា​ពី​មនុស្ស​ចំនួន​ ១​សែន​នាក់ទៅកាន់​ការិយាល័យ​រប​ស់លោកស្រីមេធាវី Anne Marie Schubert។ ញត្តិ​នោះបាន​ទាមទារ​ឲ្យ​ចាប់ខ្លួនក្រុម​មន្ត្រី ដែល​បាន​បាញ់សម្លាប់​បុរស​គ្មាន​អាវុធ​ក្នុង​ដៃ ជនជាតិ​អាហ្វ្រិក​សញ្ញា​ត​អាមេរិកវ័យ​ ២២​ឆ្នាំកាលពី​ថ្ងៃទី​១៨ ខែ​មីនាកន្លង​ទៅ​នេះ។

​Clark ជា​ឪពុក​មាន​កូន ​២​នាក់ត្រូវ​បាន​បាញ់សម្លាប់ ​ក្នុងទីធ្លា​ក្រោយ​ផ្ទះ​យាយ​តា​របស់​គេ ដោយនគរបាលជា​ការ​ឆ្លើយតប​ទៅ​នឹង​របាយការណ៍​មួយ​ដែល​ថា មានមនុស្ស​កំពុង​វាយ​បំបែក​បង្អួច។​ នគរ​បាន​បាន​និយាយ​ថា មន្ត្រី​ដែល​បាន​បាញ់ Clark រហូតដល់​ទៅ​ ២០​គ្រាប់ បារម្ភ​ខ្លាច​ថាគេ​កាន់​អាវុធ​ក្នុង​ដៃ ប៉ុន្តែក្រោយមក​ត្រូវបានគេ​រកឃើញថា គេ​កំពុង​កាន់​ទូរស័ព្ទ​ក្នុង​ដៃ​៕

អត្ថបទ៖ សុខ​មាន