សម្តេច​តេ​ជោ ​ចាត់​ទុក​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ គឺជា​យន្ត​ការដែល​ធ្វើ​ឲ្យ​កម្ពុជា ​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ​នៅ​ឆ្នាំ​២០៣០

294

ភ្នំពេញ ៖ ​​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ចាត់​ទុក​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​គឺជា​យន្ត​ការដែល​ធ្វើ​ឲ្យ​កម្ពុជា ​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ​នៅ​ឆ្នាំ​២០៣០​ និង​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ ២០៥០​។

ក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​យុទ្ធសាស្ត្រ នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​ឆ្នាំ​២០១៨ ​ដល់​ឆ្នាំ​២០២៥ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ​ភូ​គី​ត្រា​ភ្នំពេញ ​នៅ​ថ្ងៃទី​២០​ខែមេសា​នេះ ​សម្តេច​អគ្គមហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​មានប្រសាសន៍ថា ​កម្មវិធី​កំណែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ​ជា​កម្មវិធី​កែទម្រង់​រយៈពេល​វែង ដែល​មាន​ចក្ខុវិស័យ​ប្រកបដោយ​មហិច្ឆតា និង ​ប្រាកដនិយម​គឺ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​កម្ពុជា​ឆ្ពោះទៅ ​ ស្តង់ដារ​អន្តរជាតិ​ដែល​ការ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​នេះ​គឺជា ​ការផ្លាស់ប្ដូរ​ប្រព័ន្ធ​ហិរញ្ញវត្ថុ ​ដែល​មាន​លក្ខណៈ​បែប​មជ្ឈការ ​ឆ្ពោះ​ទៅ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​បែប​វិមជ្ឈការ​។

សម្តេច​តេ​ជោ ​បន្តថា ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ គឺជា​យន្តការ ​និង​ជា​ឧបករណ៍​មិន​អាច​ខ្វះ​បាន មិន​ត្រឹមតែ​ក្នុង​ការ​សម្រេច​បាន​គោលដៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ការ​ខិតខំ​ដើម្បី​សម្រេច​បាន​នូវ ចក្ខុវិស័យ​នៃ​ការ​ប្រែក្លាយ​កម្ពុជា ​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ មាន​ចំណូល​ខ្ពស់ ​នៅ​ឆ្នាំ​២០៥០​ផងដែរ​។

សម្តេច​តេ​ជោ បន្ថែមថា ​ការរៀបចំ​ថវិកា​ប្រចាំឆ្នាំ​ ក៏ត្រូវ​បាន​កែលម្អ​កាន់តែ​ប្រសើរ ដោយ​ធានា​បាន​នូវ​ការ​វិភាជន៍​ ឥណទាន​ថវិកា​សមស្រប​សម្រាប់​អនុវត្តន៍​កម្មវិធី​ជា​អាទិភាព​របស់​រាជរដ្ឋាភិបាល​ ហើយ​ថវិកា​ក៏ត្រូវ​បាន​ផ្ដល់​ទៅដល់​ដៃ​អ្នក​អនុវត្ត​ផ្ទាល់​នៅ​តាម​ក្រសួង​ស្ថាប័ន​ទាំង​ថ្នាក់​ជាតិ​និង​ថ្នាក់ក្រោម​ជាតិ ។

សម្តេច​តេ​ជោ ​រំពឹងថា ​នៅពេលដែល​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ដំណើរ​ការ​បាន​ពេញលេញ ​ការគ្រប់គ្រង​ការ​ចំណាយ​ថវិកា​រដ្ឋ​នឹង​កាន់​តែមាន​ប្រសិទ្ធិភាព និង​កាន់តែ​ល្អប្រសើរ​៕