​Nadal ឡើង​វគ្គ 8នាក់​ចុងក្រោយ Monte Carlo Masters ជួប Dominic Thiem ដែល​ទម្លាក់ Djokovic

328
កីឡាករ Rafael Nadal

​តេន្នីស៖ ​កីឡាករ​វាយ​កូន​បាល់​លេខ​មួយ​ពិភពលោក Rafael Nadal បាន​បន្ត​ដំណើរ​ឈាន​ទៅ​វគ្គ 8នាក់​ចុងក្រោយ​នៃ​ការប្រកួត​កម្មវិធី Monte Carlo Masters ក្រោយ​យកឈ្នះ​កីឡាករ​រុស្ស៊ី Karen Kachanov​។

កីឡាករ Dominic Thiem

​​Nadal ដែល​ត្រូវការ​ឈ្នះ​ជើងឯក​នៅ​ទីនេះ ដើម្បី​ឈរ​លេខ​មួយ​ពីលើ Roger Fededer ក្នុង​តារាង​ចំណាត់ថ្នាក់ ពិភពលោក​នោះ បាន​បន្ត​ដំណើរ​យ៉ាង​ល្អ​ក្នុង​ការ​ស្វែង​រក​ពាន Monte Carlo Masters លើក​ទី11 ក្នុង​អាជីព​តាមរយៈជ័យជំនះ​មិន​លំបាក 6-3, 6-2​។ ​វគ្គ 8នាក់​ចុងក្រោយ កីឡាករ​អេ​ស្ប៉ា​ញ​រូប​នេះ​នឹង​បន្ត​ជួប​ជាមួយ​កីឡាករ​អូទ្រីស Dominic Thiem ដែល​ខ្លួន​ធ្លាប់​ចាញ់​ពីរ​លើក​ឆ្នាំមុន​។ ​Dominic Thiem មុននឹង​ឡើង​ទៅ​ជួប Rafael Nadal នោះ គឺ​បាន​យកឈ្នះ​អតីត​កីឡាករ​លំដាប់​លេខ ​១ពិភពលោក Novak Djokovic​។

កីឡាករ Novak Djokovic​

​​កីឡាករ​ស៊ែ​ប​ដែល​បច្ចុប្បន្ន​ឈរ​លេខ13 ពិភពលោក ចាប់ផ្ដើម​ការប្រកួត​ដោយ​យកឈ្នះ​សិត​ដំបូង​តានតឹង 7-6(7-2)​។ ​តែ​កីឡាករ​លំដាប់​លេខ7 ពិភពលោក Dominic Thiem ឆ្លើយតប​វិញ​ដោយ​យកឈ្នះ​ពីរ​សិត​ផ្ទួនៗ 6-2, 6-3 ចំណាយ​ពេល​ជិត​ពីរ​ម៉ោង​កន្លះ​ទើប​ដឹង​ចាញ់​ឈ្នះ​។ ​កីឡាករ​ផ្សេងទៀត​ដែល​ឡើង​វគ្គ 8នាក់​ចុងក្រោយ​មាន​ដូចជា Alexander Zverev ឡើង​ទៅ​ជួប​ជាមួយ​កីឡាករបារាំង Richard Gasquet៕
​អត្ថបទ​៖​នាង សុភា​វុ​ធ