លោក Moon Jae-In ថ្លែង​ថា​ កូរ៉េខាងជើង​ព្យាយាម​រំសាយ​ចោល​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង​

172

កូរ៉េខាងត្បូង៖ ប្រធានាធិបតី​កូរ៉េខាងត្បូងលោក Moon Jae-In បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ​ថា ប្រទេស​កូរ៉េខាងជើង​បាន​បង្ហាញការ​តាំង​ចិត្ត​របស់​ខ្លួន ដើម្បី​រំសាយអាវុធ​នុយក្លេអ៊ែរចោល​ទាំងស្រុងនៅ​លើ​ឧបទ្វីប​កូរ៉េ និង​មិន​មាន​លក្ខខណ្ឌណាមួយ​ឡើយ​ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោននៅតែប្រយ័ត្នប្រយែង និងបាន​សន្យារក្សាសម្ពាធ​ជា​អតិបរមាលើទីក្រុង​ព្យុងយ៉ាង​។​

​ប្រធានាធិបតី​កូរ៉េខាងត្បូងលោក Moon Jae-in បាន​និយាយ​ថា កិច្ចព្រមព្រៀងនានា​ស្ដីពីការរំសាយ​ចោល​អាវុធ​នុយក្លេអ៊ែរ ដោយ​បង្កើត​ឲ្យ​មានរបប​សន្តិភាព និងប្រក្រតី​ភាព​នៃទំនាក់ទំនង​រវាង​កូរ៉េ​ទាំង​២ ហើយសហរដ្ឋអាមេរិកគួរតែ​មិន​លំបាកទេ​ ក្នុងការ​ឈាន​ទៅដល់កិច្ចប្រជុំ​កំពូលកូរ៉េខាងជើង-កូរ៉េខាងត្បូង ដែល​នឹង​ធ្វើឡើងនៅ​សប្ដាហ៍​ក្រោយ និងជំនួប​កំពូល​នា​ពេល​ក្រោម​មកទៀត​ ដែល​គ្រោងនឹង​ធ្វើ​ឡើង​រវាងមេដឹកនាំ​កូរ៉េខាងជើង លោក គីម​ ជុង​អ៊ុន ​និងប្រធានាធិបតី​អាមេរិក Donald Trump។​

​លោក Moon បាន​ថ្លែងអំឡុងពិសា​អាហារ​ថ្ងៃត្រង់​ ជាមួយក្រុម​នាយក​ប្រតិបត្តិជាន់ខ្ពស់ ក្រុមហ៊ុនសារព័ត៌មាន​មួយ​ចំនួន​របស់កូរ៉េថា ខ្ញុំ​គិត​ថា ការរំសាយអាវុធ​នុយក្លេអ៊ែរពុំ​មាន​អត្ថន័យ​ខុស​ប្លែក​គ្នា​ទេ សម្រាប់កូរ៉េខាងត្បូង និងកូរ៉េខាងជើង​នោះ​ទេ។ កូរ៉េខាងជើងកំពុងបង្ហាញ​ឆន្ទៈចង់រំសាយអាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុង៕

អត្ថបទ៖ សុខ​មាន​