ជនជាតិ​ព្នង​ភូមិ​ពូ​លូ​ង ​ចង់បាន​អាង​ស្តុក​ទឹកធំ​មួយ​ដើម្បី​បំពេញ​តម្រូវ​ការ​ប្រើប្រាស់

51

មណ្ឌលគិរី ៖ ​ទឹក ​គឺមាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ជីវិត​រស់នៅ​របស់​មនុស្ស សត្វ និង​រុក្ខជាតិ​។ មនុស្ស សត្វ និង​រុក្ខជាតិ អាច រស់​បាន​អាស្រ័យ​ទឹក​។ ​ប្រជាពលរដ្ឋ​ជនជាតិភាគតិច​ព្នង​នៅ​ក្នុង​ភូមិ​ពូ​លូ​ង​ ខេត្តមណ្ឌលគិរី កំពុង​តែ​មាន​បញ្ហា​ប្រឈម​នឹង កង្វះ​ទឹក​ប្រើប្រាស់​រាល់ថ្ងៃនេះ​ ដែល​ពួកគេ​សុំ​អន្តរាគមន៍ ​កសាង​អាង​ស្តុក​ទឹកធំ​មួយ​។

ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​ព្នង ក្នុងភូមិ​ពូ​លូ​ង ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ​បាន​នឹង​កំពុង​អាស្រ័យ​ ប្រភពទឹក​អណ្ដូង​បុរាណ​មួយកន្លែង ​ដោយ​អណ្ដូង​មួយ​នេះ បាន​ផ្ដល់​ទឹក​គ្រប់​រដូវ​កាល​។ ​ប៉ុន្តែ​ប្រជាពលរដ្ឋ ដែល​ពឹងផ្អែក លើ​ប្រភពទឹក​នេះ បច្ចុប្បន្ន កំពុង​ជួប​ការ​លំបាក ​ព្រោះ​នៅ​ពេល​មាន​មនុស្ស​ច្រើន​ប្រើប្រាស់​ទឹក​អណ្ដូង​នេះ ក្នុង​ពេល​តែមួយ នឹងធ្វើ​ឲ្យ​ទឹក​នោះ​រីង​ ផ្ដល់​ទឹក​មិន​គ្រប់គ្រាន់​តាម​តម្រូវការ​។ ​ប្រជាពលរដ្ឋ​ជា​ជនជាតិភាគតិច​ព្នង ភូមិ​ពូ​លូ​ង ​បាន​សំណូមពរ ដល់​សប្បុរសជន​ ជាពិសេស​អាជ្ញាធរខេត្ត ​ជួយ​កសាង​អាង​ស្តុក​ទឹកធំ​មួយ ​ដែល​អាច​រក្សា​ទឹកបាន​ច្រើនជាង​នេះ ដើម្បី​ផ្តល់ ​ទឹក​ដល់​ពួកគេ​បាន​ប្រើប្រាស់​គ្រប់គ្រាន់​។

ជនជាតិដើម​ភាគតិច​ព្នង​ភូមិ​ពូ​លូ​ង បាន​ប្រាប់​BTV​កាលពីថ្ងៃទី​១៩ ខែមេសា ​ម្សិលមិញ​ថា អណ្ដូងទឹក​បុរាណ​មួយ​នេះ ដែលមាន ប្រភព​ទឹក​មិនចេះ​រីងស្ងួត​នោះ គឺ​មាន​អាយុកាល​រាប់សិប​ឆ្នាំ​មកហើយ​។ អណ្តូង​នេះ​ ជា​ទឹក​ច្រប់​ក្បាល​អូរ​ច្បារ ​ដែល​កន្លង​ មក​ក៏​ធ្លាប់​មាន​សប្បុរសជន​ជួយ​ជា​ថវិកា​ចាក់សាប និង​រៀប​មាត់​អណ្ដូង​ឲ្យ​ងាយស្រួល​ប្រើប្រាស់​ដែរ​ ប៉ុន្តែ​ទោះជា​យ៉ាងណា អណ្ដូង​នេះ នៅតែ​មិន​អាច​ផ្គត់ផ្គង់​ទឹក​គ្រប់គ្រាន់​ ខណៈដែល​ពលរដ្ឋ​ក្នុងភូមិ​បាន​ប្រមូល​ផ្ដុំគ្នា​ប្រើប្រាស់​ទឹក​នេះ​ច្រើន ក្នុង ពេល​តែមួយ ​ព្រោះ​ត្រូវ​រង់ចាំ​ទឹក​នេះ​ជ្រាប​ចេញម​ក​ម្ដង​បន្តិចៗ​រហូត​មាន​ទឹក​ច្រើន ទើប​អាច​ដង​ប្រើ​បាន​។

អ្នកភូមិ​ពូ​លូ​ង បាន​ឲ្យ​ដឹង​ទៀតថា តែ​នៅ​ពេលយប់ ដែល​ពុំមាន​អ្នកប្រើប្រាស់​ អណ្ដូងទឹក​នេះ នឹង​មាន​ទឹក​ជ្រាប ចេញ​រហូត​ពេញមាត់​អណ្ដូង ហៀរ​ចេញ​មក​ខាងក្រៅ​ចោល ហើយ​ប្រសិនបើ​មាន​អាង​ស្តុក​ទឹកធំ​មួយ ​នឹង​អាច​រក្សា​ទឹក​ទាំង នោះ​បាន​ច្រើន​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​គ្រប់គ្រាន់​មិន​ខាន​។

មេភូមិ​ពូ​លូ​ង លោក ឡុង ប៉ុក ដែល​ជា​ជនជាតិភាគតិច​ព្នង​មួយរូប​ដែរនោះ ​បាន​ឲ្យ​ដឹងថា​ ពលរដ្ឋ ដែល​អាស្រ័យ ទឹក​អណ្ដូង​មួយ​នេះ សព្វថ្ងៃ មាន​ចំនួន​៦០​គ្រួសារ ស្ទើរតែ​ពាក់កណ្ដាល​ភូមិ​ពូ​លូ​ង​ទៅហើយ​។ ពួកគេ បាន​ព្យាយាម​ជីក អណ្ដូងទឹក​នៅ​កន្លែង​ផ្សេង​ដែរ តែ​មិន​ចេញ​ទឹក​នោះទេ​។ បច្ចុប្បន្ន ទឹក​នេះ ​មិន​អាច​ផ្គត់ផ្គង់​គ្រប់​តម្រូវការ​ប្រើប្រាស់រ​បស់​ ប្រជាពលរដ្ឋ​នោះទេ ​ព្រោះថា​ មាន​ប្រជាពលរដ្ឋ​ច្រើន​នាក់​ណាស់ ដែល​ពឹងផ្អែក​ទឹក​អណ្ដូង​នេះ​។

លោក​ បាន​បញ្ជាក់​ថា​ ប្រសិនបើ​មាន​អាង​ស្តុក​ទឹកធំ​មួយ ​នឹង​អាច​ផ្ដល់​ទឹក​ឲ្យ​ប្រជាពលរដ្ឋ​បាន​ប្រើ​ប្រាស់​បាន​សម ​ល្មម​ជាង​នេះ ​ព្រមទាំង​អាច​ជួយ​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​នេះ​បាន​មួយ​កម្រិត​ទៀតផង ព្រោះ​ពួកគេ​នឹងមាន ​ទឹក​ស្រោចស្រព​បន្លែបង្ការ ដើម្បី​ជា​ថ្នូរ​នឹង​ការលក់ដូរ​បាន​ខ្លះ​។

អណ្ដូងទឹក ដែល​អ្នកភូមិ​ពូ​លូ​ង កំពុង​ប្រើប្រាស់​នេះ គឺជា​អណ្ដូង​បុរាណ​របស់​បងប្អូន​ជនជាតិ​ព្នង សេសសល់​ពី ​ដូនតា ហើយ​ទីតាំង​នេះ ក៏​ជាទី​កន្លែង​សក្ការៈ​សម្រាប់​ជនជាតិ​ព្នង​គោរព​បូជា សែន​ព្រេន​តាម​ប្រពៃណី​រៀង​រាល់ឆ្នាំ​ផងដែរ​៕