ទូត​ទួរគី​ជំរុញ​ឲ្យ​មាន​ជើងហោះហើរ​ត្រង់​មកកាន់​ប្រទេស​កម្ពុជា​

468

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត​ទួរគីប្រចាំ​កម្ពុជា ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​១៩ ​ខែមេសា​នេះ​ថា ក្នុង​អាណត្តិ​ការងារ​នៅ​កម្ពុជា​នឹង​ជំរុញ​ឲ្យ​មាន​ជើង​ហោះហើរ​ត្រង់​មក​កម្ពុជា​ឲ្យ​ទាល់តែ​បាន​ដើម្បី​ផ្លាស់ប្ដូរ​ចរន្ត​ភ្ញៀវទេសចរ​ពីគ្នា​ទៅវិញទៅមក​។​

ឯកឧត្តម ថោង ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែង​កាលពី​ថ្ងៃទី​១៩​ ខែមេសា​នេះ​ថា លោកជំទាវ អេ​យ​ដា អុង​លូ​ ក្នុងជំនួប​ពិភាក្សា​នេះ​ធ្វើឡើង​នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៨ ភាគី​កម្ពុជា​បានស្នើ​ឲ្យ​ភាគី​តួ​ក​គី​ពិនិត្យ​លទ្ធភាព​ក្នុងការ​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា រួមមាន​ការ​វិនិយោគ​លើ​ការបង្កើត​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ទេសចរណ៍​នឹង​ជំរុញ​ឲ្យ​មាន​ជើងហោះហើរ​ត្រង់​ផងដែរ​។​

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា និង​តួ​ក​គី​ក៏​នឹង​ខិតខំ​ឲ្យ​មានការ​ចុះហត្ថលេខា​លើ​អនុស្សារណ​នៃ​ការយោគយល់​គ្នា អំពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​នៅ​ខែតុលា ឆ្នាំ​២០១៨ ខាងមុខនេះ ក្នុងនោះ​ក៏​នឹងមាន​ជុំរុញ​ការវិនិយោគ​ការបណ្តុះបណ្តាល និង​ការហោះហើរ​ត្រង់​ពី​ទួរគី​មកកាន់​កម្ពុជា​។​

ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​បញ្ជាក់ថា ក្រៅពី​តំបន់​ទេសចរណ៍​ជាច្រើន​កម្ពុជា​នៅមាន​ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក​និង​ប្រាសាទ​ជាច្រើន​កន្លែង​ផ្សេង​ទៀតហើយ​ក្រៅពីនេះ​មាន​តំបន់​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​និង​តំបន់​អេកូ​ទេសចរណ៍​ព្រៃកោងកាង តំបន់​អា​រ៉ែ​ង និង​ភូមិភាគ​គ​ឦសាន​ជាដើម​។​

សម្រាប់ លោក ហូរ វណ្ឌី អគ្គលេខាធិការ​សម្ព័ន្ធ​ទេសចរ​ជាតិ​កម្ពុជា​បាន​ថ្លែងថា តាម​ការពិត​ការជំរុញ​ពី​ភាគី​ទូក​គី​ជាការ​ផ្តល់ព័ត៌មាន​មួយ​ដល់​កម្ពុជា​ផងដែរ ហើយ​បើសិន​ជាមាន​ជើងហោះហើរ​ត្រង់​ពិតមែន​រឹតតែ​ល្អប្រសើរ​សម្រាប់​វិស័យ​អាកាសចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​វិស័យ​ឯកជន​សូម​ស្វាគមន៍​ដំណឹង​នេះ​បើសិនជា​ក្លាយជា​ការពិត​មែន​នោះ​។​

លោក​បាន​បន្ថែមទៀត ទន្ទឹម​និង​ការមកដល់​ជើងហោះហើរ​ថ្មី​កម្ពុជា​ក៏ត្រូវ​តែ​រៀបចំ​សេវាកម្ម​ទេសចរ​ឲ្យ​បានល្អ​ប្រសើរ​ទាំង​គុណភាព សន្តិ​សុ​ខ សេវាកម្ម​ល្អ និង​បដិសណ្ឋារកិច្ច​ដល់​ភ្ញៀវ​ក៏ដូចជា​ការរៀបចំ​កន្លែង​កម្សាន្ត​បែប​ទាក់ទាញ​ឲ្យ​បាន​ច្រើន​ដើម្បី​បម្រើ​ទទួលយក​ទេសចរ​ពី​ក្រៅប្រទេស​ថែ​ម្តង​។​

បច្ចុប្បន្ននេះ​ ជើងហោះហើរ​ត្រង់​ដែល​ប្រទេស​តួ​ក​គី​កំពុង​ហោះហើរ​នេះ មាន​ចំនួន ១១៩​ប្រទេស​ឆ្ពោះទៅកាន់​ទីក្រុង​ប្រមាណ ២៥០​ទីក្រុង ក្នុងនោះ​នៅ​តំបន់​អាស៊ាន មាន​ប្រទេស​ថៃ​សិង្ហបុរី ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន និង​ឥណ្ឌូណេស៊ី​៕