មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មេធាវី ប្រកាស​ប្រឡង​សិស្ស​រៀន​វិជ្ជាជីវ​មេធាវី ឆ្នាំ​២០១៨-២០១៩

332

ភ្នំពេញ៖ ក្រោយ​ទទួល​បាន​សេចក្ដីសម្រេច​របស់​គណៈ​មេធាវី​ក​កម្ពុជា មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មេធាវី បានប្រកាស​ពី​កាលបរិច្ឆេទ​ក្នុង​ការ​ប្រឡង​ជ្រើសរើស​សិស្ស​ចូលរៀន​វិជ្ជាជីវៈ​មេធាវី ជំនា​ន់ទី​១៦ សម្រាប់​ឆ្នាំ​សិក្សា​ឆ្នាំ​២០១៨២០១៩ ខណៈ​ការប្រកួត​ប្រឡង​វិញ្ញាសា​ដំបូង គ្រោង​រៀបចំ​នា​ចុងខែ​មេសា​។​

យោងតាម​សេចក្ដីជូនដំណឹង​របស់​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មេធាវី បាន​ឲ្យ​ដឹង​ថា ការប្រឡង​ជ្រើសរើស​សិស្ស​មេធាវី​ជំនា​ន់ទី​១៦ មាន​ពីរ​វិញ្ញាសា​។ វិញ្ញាសា​ទី​១ គឺ​ប្រឡង​សរសេរ ដែល​គ្រោង​ប្រឡង​នា​ថ្ងៃទី​២៩ ខែមេសា និង​វិញ្ញាសា​ផ្ទាល់មាត់ ដែល​គ្រោង​ប្រឡង​នា​ថ្ងៃទី​១១ រហូតដល់​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៨​ខាងមុខ​។

ឯកឧត្តម សួន វិសាល ប្រធាន​គណៈមេធាវី​កម្ពុជា ធ្លាប់មាន​ប្រសាសន៍ថា វិជ្ជាជីវៈ​មេធាវី គឺជា​វិជ្ជាជីវៈ​សេរី និង​ឯករាជ្យ​ដោយ​មិន​ស្ថិតក្រោម​ឥទ្ធិពល និន្នាការ​នយោបាយ ឬ​សាសនា ឡើយ​។ វិជ្ជាជីវៈ​មេធាវី មាន​តួនាទី​បម្រើ​សេវាកម្ម​ច្បាប់​ជូន​ដល់​សាធារណៈជន​ក្នុង​គោលដៅ​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់​ដែលជា​ការពង្រឹង​នូវ​យុត្តិធម៌​សង្គម​។

គួរ​បញ្ជាក់​ថា ការ​ប្រឡង​ជ្រើសរើស​សិស្ស​រៀន​វិជ្ជាជីវៈ​មេធាវី​នេះ គឺ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ក្នុង​សង្គម ដើម្បី​បង្កើន​ចំនួន​មេធាវី​ក្នុង​ការពារ​ក្ដី​ជូន​ជនជាប់ចោទ និង​ការពារ​ផលប្រយោជន៍​ក្នុង​រឿងក្ដី​រដ្ឋប្បវេណី​បានល្អ​ប្រសើរ​ដល់​ប្រជាពលរដ្ឋ​។ សង្គម​បើ​មាន​មេធាវី​គ្រប់គ្រាន់ និង​ចំណេះដឹង​វិជ្ជាជីវៈ​ខ្ពស់ នោះ​នឹង​ធានា​បាន​នូវ​ការផ្ដល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​កាន់តែ​ល្អប្រសើរ​ឡើង​ថែម​កម្រិត​ទៀត​៕