អគ្គមេបញ្ជាការ​រង​ខ​.​ភ​.​ម ពិនិត្យ​ទីលាន​លំ​ហាត់​បាញ់​គ្រាប់​ពិត នៅ​ស្រុក​ជុំ​គិរី ខេត្ត​កំពត​

1069

កំពត៖ លំ​ហាត់​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​ឆ្នាំ​២០១៨​របស់​កង​យុទ្ធ​ពល​ខេមរភូមិន្ទ ដែលមាន​លក្ខណៈ​ទ្រុងទ្រាយ​ធំ​នឹង​ចាប់ផ្តើម​នាពេលខាងមុខ​នេះ នៅក្នុង​ភូមិសាស្ត្រ​តំបន់ភ្នំ ស្រុក​ជុំ​គិរី ខេត្តកំពត​។ អគ្គ​មេបញ្ជាការរង កង​យុទ្ធ​ពល​ខេមរភូមិន្ទ នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៨​នេះ​បាន​ចុះទៅពិនិត្យ​ទីលាន​លំ​ហាត់​បាញ់​គ្រាប់​ពិត​នេះ​ដើម្បី​រៀបចំ​។​

ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង និង​ជានា​យក​ទី​ចា​ត់​ការហ្វឹកហ្វឺន អគ្គបញ្ជាការ​នៃ កង​យុទ្ធ​ពល​ខេមរភូមិន្ទ​បាន​ឲ្យ​ដឹងថា លំ​ហាត់​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត ឆ្នាំ​២០១៨ របស់ ខ​.​ភ​.​ម នឹងត្រូវ​ធ្វើឡើង​នាពេលខាងមុខ សំដៅ​លើកកម្ពស់​ពង្រឹង​សមត្ថភាព ខ​.​ភ​.​ម លើក​កិច្ច​ការពារជាតិ​មាតុភូមិ និង​ប្រជាជន​។​

ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ បញ្ជាក់ថា លំ​ហាត់​ហ្វឹកហ្វឺន​នេះ គឺជា​ការងារ​ដ៏​មាន​សារៈសំខាន់​សម្រាប់​ការអភិវឌ្ឍ​សមត្ថភាព​យោធិន ដែលជា​ជ្រុង​អាទិភាព​មួយ នៃ​ការកែទម្រង់​កងកម្លាំង​ប្រដាប់អាវុធ​របស់​ក​ម្ពុ​ជា នាពេល​អនាគត​។

ឯកឧត្តម បាន​បន្តថា ក្នុង​យុទ្ធសាស្ត្រ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុនសែន ជា​នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បានដាក់​ផែនការ​កែទម្រង់​កងយោធពល​ខេមរភូមិន្ទ សំដៅ​ធ្វើ​ទំនើបកម្ម និង​បង្កើន​សមត្ថភាព​វិជ្ជាជីវៈ​ដល់​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដើម្បី​ធានា​កិច្ចការពារ​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​អធិបតេយ្យភាព​ជាតិ បូរណភាព​ទឹកដី សន្តិភាព សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម​នៅ​កម្ពុជា​។​

ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ បាន​បញ្ជាក់ថា កង​យោធ​ព​ខេមរភូមិន្ទ បាន​អភិវឌ្ឍ​ធនធានមនុស្ស តាមរយៈ​កា​រប​ង្កើ​គុណភាព​ហ្វឹកហ្វឺន និង​បណ្តុះបណ្តាល​យោធិន​អាជីព ក្នុង​គោលដៅ​កសាង​ជួរ​កងកម្លាំងប្រដាប់អាវុធ​វ័យក្មេង សម្រាប់​បន្តវេន​នាពេល​អនាគត ដែលជា​កត្តា​គន្លឹះ ដ៏​សំខាន់​មួយ ដើម្បី​បង្កើន​ផលិតភាព និង​ប្រសិទ្ធភាព​ការងារ ធានា​ជោគជ័យ និង​និរន្ត​ភាព​ក្នុងការ​កែទម្រង់​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​៕