ពលរដ្ឋ​លើក​ឡើង​ថា ឡានក្រុង​សាធារណៈ​មាន​ប្រយោជន៍​ច្រើន​សម្រាប់​ការ​ធ្វើដំណើរ​

99

ភ្នំពេញ៖ ​ស្រប​ពេល​រដ្ឋាភិបាល បាន​ដាក់​ពង្រាយ​ឡានក្រុង​សាធារណៈ រត់​ជាច្រើន​ខ្សែ​ក្នុង​រាជធានី​ភ្នំពេញ ប្រជាពលរដ្ឋ ទាំង​សិស្ស​និស្សិត អ្នកធ្វើការ និង​អ្នករកស៊ី​ពេញចិត្ត ចំពោះ​ការផ្ដល់ជូន​នូវ​សេវា​កម្មនេះ​។ ហើយ​ពលរដ្ឋ ក៏​គាំទ្រ​ចំពោះ​ការដាក់ឱ្យ​ដំណើរការ​ឱ្យធ្វើ​ដំណើរ​តាមផ្លូវ​ទឹក និង​ផ្លូវ​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ​ផងដែរ​។​

កំពុងធ្វើដំណើរ​តាម​ឡានក្រុង​សាធារណៈ កញ្ញា លឿន ឈុន​សុភា​រ័ត្ន លើកឡើងថា គាត់​ធ្វើដំណើរ​តាម​ឡានក្រុង​សាធារណៈ​ជា​រៀងរាល់ថ្ងៃ​។ ព្រោះ​បានផ្ដល់​ភាពងាយស្រួល មាន​សុវត្ថិភាព និង​ស្របពេល​សិក្សា​របស់​កញ្ញា​ផងដែរ​។

ស្រដៀង​គ្នា​នេះដែរ និស្សិត​នៃ​សកល​វិទ្យាល័យ​វិទ្យាសាស្ត្រ សុខាភិបាល លើកឡើងថា ការធ្វើដំណើរ​តាម​ឡានក្រុង​ស​ធារ​ណៈ បាន​ជួយ​កាត់បន្ថយ​ការ ចំណាយ​ថវិកា​រលើ​ការធ្វើដំណើរ និង​ធានាបាន​សុវត្ថិភាព​ល្អប្រសើរ​។ កញ្ញា​បន្តថា ការខិតខំ​ដាក់​បន្ថែម​សេវាកម្ម​ដឹកជញ្ជូន​សាធារណៈ​ជូន​ប្រជាជន ពិតជា​មាន​សារៈ​ខាន់ ហើយ​អាចជួយ​កាត់បន្ថយ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ភ្នំពេញ​។​

ទោះបីជា​ការធ្វើដំណើរ​តាម​ឡានក្រុង​សាធារណៈ ផ្ដល់​ភាព​ចំណេញ​លើ​ការចំណាយ និង​សុវត្ថិភាព​ក្ដី ពលរដ្ឋ​ផ្សេងទៀត គឺ លោក ឈ្មោះ សុវណ្ណ មូលី លើកឡើងថា ពេលខ្លះ​មាន​បញ្ហាយឺតយ៉ាវ និង​ការរៀបចំ​ចំណត​មិនទាន់​បានល្អ​គ្រប់គ្រាន់​នោះទេ​។ លោក​បន្តថា រដ្ឋាភិបាល គួរ​ការបង្កើត​ចំណត ដែលមាន​សុវត្ថិភាព បន្ថែមទៀត ដើម្បី​ធានា​សុវត្ថិភាព ដល់​ពលរដ្ឋ​។

ទន្ទឹមនឹង ការឱ្យ​ដំណើរការ មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ តាម​ផ្លូវគោក​ជាច្រើន​ខ្សែ ក្នុង​រាជធានី​ភ្នំពេញ រដ្ឋាភិបាល​បានដាក់​ឱ្យ​ដំណើរការ​ផងដែរ នូវ​កាណូត​ល្បឿន​លឿន​រត់តាម​ផ្លូវទឹក​ពី​ទីក្រុង​តាខ្មៅ ដល់​ព្រែក​ភ្នៅ​រាជធានី​ភ្នំពេញ​។

ចំពោះ​ផ្លូវដែក​វិញ រា​ដ្ឋា​ភិ​បាល​បានការ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវ​រថភ្លើង​រត់​ពី​ចំណុច ស្ថានីយ៍​រថភ្លើង​ទៅ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ ដើម្បី​សម្រួលការ​កកស្ទះ​ចរាចរណ៍ និង​កាត់បន្ថយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ធានាបាន​នូវ​សុវត្ថិភាព និង​ការចំណាយ​លើ​ការធ្វើដំណើរ​កាន់តែ​តិច​៕