កងទ័ពកម្ពុជា​នឹង​ធ្វើ​សម​យុទ្ធ​បាញ់​គ្រាប់​ពិត​ទ្រង់​ទ្រាយ​ធំ​នៅ​ពាក់​កណ្ដាល​ខែ​ឧសភា​ខាងមុខនេះ

14793

ភ្នំពេញ៖ ប្រសិន​បើ​គ្មាន​ការ​ប្រែ​ប្រួលទេ កងទ័ព​កម្ពុជា​នឹង​ធ្វើ​សម​យុទ្ធ​បាញ់​គ្រាប់​ពិត​ដោយ​ទ្រង់ទ្រាយ​ធំ​បំផុត​នៅ​ពាក់​កណ្ដាល​ខែ​ឧសភា​ខាង​មុខ​នេះ នៅ​ស្រុក​ជុំគីរី ខេត្ត​កំពត​ដោយ​ប្រើប្រាស់​អាវុធ​ធនធ្ងន់​រាប់សិបគ្រឿងដូចជាBM21៤១និង៤២កាណុង។

យោង​តាម​មន្ត្រី​យោធា​មួយ​រួប​នៃ​ក្រសួងការពារជាតិ​ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ ​បាន​ថ្លែងប្រាប់​​នា​ល្ងាច​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៨​នេះ​ថា សម​យុទ្ធ​បាញ់​គ្រាប់​ពិត​នេះ​នឹង​ប្រើប្រាស់​អាវុធ​ធន​ធ្ងន់​ដូចជា BM21​ជាង​២០​គ្រឿង រថពាសដែក និង​រថក្រោះ​រាប់​សិប គ្រឿង​ទៀត រួម​ទាំង​ឧទ្ធម្ភាគចក្រ ​និង​អាវុធ​ធន​ស្រាល​មួយ​ចំនួន​ទៀត​ផង​ដែរ​។​

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ការ​សម​យុទ្ធ​បាញ់​គ្រាប់​ពិត​នេះ ​គឺ​មិន​មែន​ជា​ការ​គំរាមកំហែង ដល់​ប្រទេស​ណា​ឬ​បុគ្គល​ណា​នោះទេ គឺធ្វើឡើង​ដើម្បី​បង្កើន​សមត្ថភាព​របស់​កងយោធពល​ខេមរភូមិន្ទ ដែល​បានធ្វើការ​ហ្វឹកហាត់​នាពេល​កន្លងមក និង​ជាប្រចាំ​នៅ​តាម​ភូមិភាគ​របស់ខ្លួន​ជាដើម​៕​