សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ មាន​វត្ត​មាននៅ​ខេត្ត​ព្រះសីហនុ​ ជាមួយ​ទុន​វិនិយោគ​៤០​លាន​ដុល្លារ​អាមេរិក​

60

ព្រះសីហនុ ​៖ សណ្ឋាគារ​ដ៏​ទំនើប​មួយ​ចាប់​ផ្តើម​សាងសង់​ឡើង​នៅ​ទឹកដី​ខេត្ត​ព្រះសីហនុ​ ដែល​ជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ The Royal Sands Koh Rong ​ចំណាយ​ទឹកប្រាក់​សាងសង់​អស់​ប្រមាណ​ជា​៤០​លាន​ដុល្លារ​ក្នុង​ដំណាក់កាល​ទី​១​។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃទី​ ២៣​ ខែមេសា​ឆ្នាំ​២០១៨​នេះ​អញ្ជើញ​សម្ពោធ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​របស់​ក្រុមហ៊ុន​ « The Royal Sands Koh Rong »​ នៅ​ខេត្ត​ព្រះសីហនុ ដោយ​សម្តេច​ បានចាត់ទុក​ថា​ ការ​បង្កើត​ឲ្យ​មាន​ជា​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ នៅលើ​កោះរ៉ុង​ គឺជា​ការ​បង្ហាញ​អំពី​សក្ដានុពល​ នៃ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​ និង​ការអភិវឌ្ឍន៍​នៃ​សេវាកម្ម​ទេសចរណ៍​នៅ​លើ​ទឹកដី​ប៉ែក​និរតី​នៃ​តំបន់​សមុទ្រ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។

សម្តេច​តេ​ជោ ​បាន​បន្តទៀតថា ​កម្ពុជា​គ្មាន​វិបត្តិ​នយោបាយ​ណាមួយ​កើតឡើង​ទេ ​គឺ​កម្ពុជា​កំពុង​បន្ត​លើផ្លូវ​អភិវឌ្ឍន៍ ​ហើយ​វត្តមាន​របស់​សម្តេច​នៅលើ​កោះរ៉ុង​ គឺជា​ការ​ចាប់ផ្តើម​មួយ​ដែល​សម្តេច​នឹង​បន្ត​វត្តមាន​នៅ​តាម​បណ្តា​កោះ​ផ្សេងទៀត ដែល​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍន៍ ​ហើយ​សម្រាប់​សំណង់​លើ​កោះ​មិន​ត្រូវ​សាងសង់​ឲ្យ​ខ្ពស់​ជាង​ដើមឈើ​នោះទេ ។

សម្រាប់​សណ្ឋាគារ​ដ៏​ទំនើប​ខាងលើនេះ​ ជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​The Royal Sands Koh Rong នេះ​បាន​ចំណាយ​ទឹកប្រាក់​សាងសង់​អស់​ប្រមាណ​ជា​៤០ ​លាន​ដុល្លារ​អាមេរិក ក្នុង​ដំណាក់កាល​ទី​១ ហើយ​សាងសង់​ជា​លក្ខណៈ​ជា​វីឡា​ចំនួន ៦៧​ខ្នង​ ស្មើនឹង​១៤៨ ​បន្ទប់ ​ដែល​រាល់​វីឡា​នីមួយៗ​មាន​អាង​ហែល​ទឹក​ចំនួន​១ ​ផងដែរ​។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់ទុកថា ​ការបង្កើតអោយមាន​ជា​សណ្ឋាគារ​នៅទីនេះ​ គឺជា​ការ​បង្ហាញ​អំពី​សក្ដានុពល​ នៃ​វិស័យ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​ និង​ការអភិវឌ្ឍន៍​នៃ​សេវាកម្ម​ទេសចរណ៍ ​នៅលើ​ទឹកដី​ប៉ែក​និរតី​នៃ​តំបន់​សមុទ្រ​នេះ ​អោយ​កាន់តែ​ល្អប្រសើរ​ឡើង​បន្ថែម​ទៀត​៕