ប្រមុខ​រដ្ឋាភិបាល​ អះអាង​ថា ​តម្លៃ​អចលនទ្រព្យ​មិន​ធ្លាក់ចុះ​ទេ​នៅមុន​ការបោះឆ្នោត​

102

ភ្នំពេញ ៖ ​​ស្របពេល​ការបោះឆ្នោត​ជិត​ឈាន​មកដល់​ ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា ​បាន​អះ​អាង​ថា ​តម្លៃ​អចលនទ្រព្យ​មិន​មាន​ការ​ធ្លាក់ចុះ​ទេ ​នៅមុន​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ​នា​ខែ កក្កដា ខាងមុខនេះ​។

សម្តេច​តេ​ជោ​ ហ៊ុន សែន​ បាន​មានប្រសាសន៍​ក្នុង​ពេល​ចូលរួម​ពិធី​សំណេះសំណាល ​និង​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣២ ​ទិវា​ពលកម្ម​អន្តរជាតិ​១ ឧសភា កាលពី​ថ្ងៃទី​២២ ខែ មេសា ​ម្សិលមិញ​នេះ​ថា ​តម្លៃ​អចលនទ្រព្យ​នៅមុន​ការបោះឆ្នោត ​មិន​ធ្លាក់​ថ្លៃ​ទេ ​បើ​ប្រៀបធៀប​ទៅ​នឹង​ការបោះឆ្នោត​អាណត្តិ​មុនៗ​ ដែល​តម្លៃ​អចលនទ្រព្យ​មានការ​ធ្លាក់​ចុះ​។

សម្តេច​ បាន​វាយតម្លៃ​អំពី​ស្ថានការណ៍​នៅ​កម្ពុជា​បច្ចុប្បន្ន ​អំពី​ស្ថានភាព​អចលនទ្រព្យ បើ​យោង​តាម​អ្វី​ដែល​កើតមាន​ពីមុន ​ជាពិសេស​មុន​ការបោះឆ្នោត​ម្តងៗ ​ផ្នែក​អចលនទ្រព្យ​ទាំង​ដីធ្លី ​និង​ផ្ទះសម្បែង​គឺ​មិន​ឡើងថ្លៃ​នោះទេ ​ហាក់​រង់ចាំ​សភាពការណ៍​បោះឆ្នោត​ចេញ​លទ្ធផល​សិន​។

សម្តេច​តេ​ជោ ​ហ៊ុន សែន​ បាន​បន្តថា “ បន្ទាប់មក​នៅ​ក្រោយ​ការបោះឆ្នោត​រួច​ ដោយ​ដឹ​ង​ថា​គណបក្ស​ប្រជាជន​ឈ្នះឆ្នោត ​ទើប​ដីធ្លី​បាន​ចាប់ផ្តើម​ឡើងថ្លៃ​”​។

អគ្គនាយិកា​ក្រុមហ៊ុន​AMATAX Property Service​ អ្នកស្រី ​តាំង ​ហួរ​ បាន​យល់ស្រប​នឹង​ការ​លើកឡើង​របស់​សម្តេច ​ដោយ​បាន​ថ្លែងថា ​មិន​ត្រឹមតែ​មិន​ធ្លាក់​ចុះថ្លៃ​នោះទេ​ ផ្ទុយទៅវិញ​សកម្មភាព​ទិញ​លក់​អចលនទ្រព្យ​បាន​កើន​ឡើង​ផងដែរ ​ធៀប​នឹង​ការបោះឆ្នោត​អាណត្តិ​មុនៗ​ ពិសេស​នៅ​ខេត្ត​ព្រះសីហនុ ​តម្លៃ​អចលនទ្រព្យ និង​ការទិញ​លក់​បាន​កើន​ឡើង​យ៉ាងខ្លាំង​។

អ្នកស្រី ​បាន​បន្តថា “​ប្រជាជន​លែង​ខ្វល់​ពី​រឿង​នយោបាយ​ហើយ ពួកគេ​គិត​ពី​ការ​វិនិយោគ​របស់​ពួកគេ​ដើម្បី​រក​ផល​ចំណេញ​ ព្រោះ​ពួកគេ​ដឹងថា ​កម្ពុជា​នៅតែ​រក្សា​បាន​សន្តិភាព​ និង​ស្ថិរភាព​នយោបាយ​”៕