Marc Marquez ដណ្ដើម​ជ័យជំនះ​ក្នុង​ការ​ប្រកួត​នៅ​សហរដ្ឋអាមេរិក ខណៈ Crutchlow ខ្ទាត​ចេញ​ទីលាន​ប្រកួត​

444

ប្រណាំង​ម៉ូតូ៖ ​បេក្ខភាព​ម្ចាស់​ការពារ​តំណែង​ជើងឯក MotoGP ពិភពលោក Marc Marquez ពិតជា​ធ្វើ​បាន​ល្អ​ណាស់​ក្នុង​ការ​ប្រកួត​ទីលាន​ទី៣ នៃ​រដូវ​កាល​ប្រណាំង​ឆ្នាំ២០១៨ នេះ Motorcycle Grand Prix of the Americas កាលពី​ថ្ងៃអាទិត្យ​ម្សិល​ម៉ិ​ញ។​​​នេះ​ជា​ជ័យជំនះ​លើកដំបូង​នា​រដូវ​កាល​នេះ​របស់​កីឡាករ​វ័យ ២៥ឆ្នាំ Marquez ក្រោយ​ចេញដំណើរ​ត្រឹម​លំដាប់​លេខ​រៀង​ទី៤ ប៉ុណ្ណោះ ក្រោយ​ត្រូវ​គណៈកម្មការ​ពិន័យ​រូបគេ​កាត់បន្ថយ ៣លំដាប់​លេខ​រៀង ប៉ុន្តែ​គេ​បាន​បង្ហាញ​ពី​បច្ចេកទេស​គួរ​ឲ្យ​កត់សំគាល់ ដោយ​បាន​វា​ជែង​ជាមួយ​នឹង​កីឡាករ​សញ្ជាតិ​អ៊ីតាលី​របស់​ក្រុម Suzuki Andrea Iannone ដែល​បញ្ចប់​នៅ​ទីនេះ​លំដាប់​ទី៣ នឹង​កីឡាករ​មិត្ត​រួម​ជាតិ​អេ​ស្ប៉ា​ញ Maverick Vinales របស់​ក្រុម Yamaha លេខ២ ផង​ដែរ។​ ​អ្វី​ដែល​គួរ​ឲ្យ​សោកស្ដាយ​នោះ​គឺថា​ កីឡាករ​ដែល​ឈ្នះ​នៅ​ទីលាន​ប្រទេស​អា​ហ្ស​ង់​ទិន​កាល ២​សប្ដាហ៍​មុន Cal Crutchlow មក​ពី​អង់គ្លេស​នៃ​ក្រុម​ផលិត Honda បាន​ខ្ទាត​ចេញ​ពី​ការប្រកួត ​ក្រោយ​រអិល​ចេញពី​ផ្លូវ​ដែល​បង្ខំ​ឲ្យ​គេ​បោះ​បង់​។

​​ឆ្លង​តាមរយៈ​ជ័យជំនះ​នេះ​គឺថា Marquez ដណ្តើមបាន​ជ័យជំនះ​នៅ​អាមេរិក​នេះ​ជា​លើក​ទី​១០ ក្នុង​អាជីព​ និង​រំកិល​ខ្លួន​ឡើង​មក​ឈរ​លេខ​២ ក្នុង​តារាង​ជើងឯក​មាន ៤៥​ពិន្ទុ​ដេញ​ពីក្រោយ​ត្រឹម ១​ពិន្ទុ​ដោយ Andrea Dovizioso របស់​ក្រុម Ducati ដែល​បញ្ចប់​នៅ​ទី​នេះ​លេខ៥។​ ​ដោយឡែក​ឯ​ការ​ប្រកួត​ទីលាន​ទី៤ ក្នុង​រដូវ​កាល​ប្រណាំង​ឆ្នាំ២០១៨ នេះ​នឹង​បន្ត​ធ្វើ​ឡើង​នៅ​ទឹកដី​អេ​ស្ប៉ា​ញ Gran Premio Red Bull de Espana ទីក្រុង Jerez ថ្ងៃ​ទី​០៦ ខែ​ឧសភា៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ