Chelsea គោល​ចរ​ជួប Manchester United នៅ FA Cup វគ្គ​ផ្ដាច់ព្រ័ត្រ ​ក្រោយ​យក​ឈ្នះ Southampton 2-0

2734

បាល់ទាត់៖ ​ពិតជា​អស្ចារ្យ​បំផុត​ នៅ​ពេល​ដែល​កីឡាករ​ខ្សែប្រយុទ្ធ​ដែល​បាន​ទិញ​ពី​កាំភ្លើង​ធំ Arsenal សញ្ជាតិ​បារាំង Olivier Giroud បាន​អូស​ញាក់​ដាច់​កីឡាករ ៥នាក់​បូករួម​ទាំង​អ្នកចាំទី​ដើម​តង់​ទី២ នាទី​ទី៤៦ ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អ​ដើម្បី​បើក​ការ​នាំ​មុខ​មុន 1-0 ទៅលើ​ក្រុម Southampton។

​​នេះ​ជា​ការ​ប្រកួត​នៅ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ FA Cup ដែល​ធ្វើឡើង​នៅ​ក្នុង​កីឡដ្ឋាន Wembley ខណៈ​ការប្រកួត​នៅ​ក្នុង​វគ្គ​ទី​១ ក្រុម​ទាំងពីរ​គឺ​គ្មាន​គ្រាប់​ស៊ុត​បញ្ចូល​ទី​ឡើយ​ដោយ​រក្សា 0-0 ស្រប​ពេល​ដែល​បើក​ការប្រកួត​មិន​ទាន់​បាន​ប៉ុន្មាន​វិនាទី​ផង​នោះ​ កីឡាករ Olivier Giroud រក​បាន​មួយ​គ្រាប់​ក្រោយ​បញ្ជូន​ពី Eden Hazard មុន​ពេល​ដែល​កីឡាករ Alvaro Morata អុក​មួយ​ក្បាល​បញ្ចូល​ទី​បាន​យ៉ាង​ល្អ​ ធ្វើ​ឲ្យ​អ្នកចាំទី Southampton គឺ Alex McCarthy មិន​អាច​ជួយសង្គ្រោះ​បាន​ឡើយ​នៅ​នាទី​ទី៨២។

​​ដូច្នេះ​ឆ្លងតាម​រយៈ​ជ័យជំនះ​នេះ​ធ្វើ​ឲ្យ​ជើងឯក ៧សម័យ Chelsea ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជួប​បិសាច​ក្រហម Manchester Untied ថ្ងៃ​ទី​១៩ ខែ​ឧសភា​នៅ Wembley។​ ​រំលឹក​ថា Chelsea បាន​ឡើង​ទៅ​ផ្ដាច់ព្រ័ត្រ​ឆ្នាំ​ទី​២ ​ផ្ទួនៗ​គ្នា ដោយ​ឆ្នាំទៅ​ខកខាន​ជ័យជំនះ​ដោយ​ចាញ់ 2-1 ក្រោម​ថ្វីដៃ​កាំភ្លើង​ធំ Arsenal៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ