ពលរដ្ឋ​ក្រុង​តូ​ក្យូ​បង្ហាញ​ប្រតិកម្ម​ផ្សេងៗ​គ្នា​ចំពោះ​សេចក្ដីថ្លែងការណ៍​ផ្អាក​ការ​បាញ់​សាក​ល្បង​នុយក្លេអ៊ែរ​ និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​

57

ជប៉ុន៖ ​ប្រជាពលរដ្ឋក្នុង​ទីក្រុង​តូ​ក្យូប្រទេស​ជប៉ុន បង្ហាញប្រតិកម្ម​ផ្សេងៗ​គ្នាកាលពីថ្ងៃ​សៅរ៍កន្លងទៅ ចំពោះ​សេចក្ដីថ្លែងការណ៍​របស់​កូរ៉េខាងជើង​ដែល​ថា ខ្លួន​នឹង​ផ្អាក​ការ​បាញ់សាកល្បងនុយក្លេអ៊ែរ​ និងមី​ស៊ី​ល។

​​សារព័ត៌មាន​កូរ៉េខាងជើងបាន​និយាយ​ថា ខ្លួន​នឹង​ផ្អាក​ការ​បាញ់​សាកល្បងនុយក្លេអ៊ែរ និង​មី​ស៊ី​លប្រកបដោយ​ប្រសិទ្ធភាព​ភ្លាមៗ និងបិទកន្លែង​បាញ់​សាកល្បងនុយក្លេអ៊ែរ ដើម្បី​ស្វែងរកការលូតលាស់​ផ្នែក​សេដ្ឋកិច្ច និង​សន្តិភាព​នៅឧបទ្វីប​កូរ៉េ​ មុន​ជំនួប​កំពូល​ជាមួយ​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក ​ដែល​នឹង​ប្រព្រឹត្តិ​ទៅតាម​ការ​គម្រោង​ទុក​។​ ​ពលរដ្ឋ​ទីក្រុង​តូ​ក្យូ​វ័យ ​២៧​ឆ្នាំ​នាង សា​យូ​រី ណា​កាតា បាន​និយាយ​ថា​ នាង​មិន​ជឿ​សេចក្ដី​ថ្លែង​ការណ៍​របស់កូរ៉េខាងជើង​ទេ​។​ ចំណែកបុរស​វ័យ ៦១​ឆ្នាំ​ម្នាក់ទៀតគឺ​លោក វា​តា​រូ ហា​តា លើក​ឡើង​ថា លោក​ស្វាគមន៍សេចក្ដីថ្លែងការណ៍​នេះ ហើយសង្ឃឹម​ថា​នឹងឆ្ពោះទៅ​ការ​នាំ​សន្តិភាព​មក​ក្នុង​តំបន់​អាស៊ី​ឦសាន​។

​លោកនាយ​ក​រដ្ឋមន្ត្រី​ជប៉ុន ហ្ស៊ី​ន ​ហ្សូ​អា​បេ បាន​ថ្លែង​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ថា ប្រទេស​ជប៉ុន​ស្វាគមន៍​សេចក្ដី​ថ្លែង​ការណ៍​រប​ស់​កូរ៉េខាងជើង ជា​សកម្មភាព​ឆ្ពោះ​ទៅ​រក​គោលដៅ ប៉ុន្តែ​ថា នេះត្រូវតែនាំ​ទៅ​រក​ការរំសាយ​ចោល​អាវុធ​នុយក្លេអ៊ែរ​ដ៏​ពិតប្រាកដ​៕
អត្ថបទ៖ សុខ​មាន