Mohamed Salah ​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ជាងគេ​របស់​អង់គ្លេស PFA ក្រោយ​ជាន់​ទឹកដី​អង់គ្លេស​លើក​ទី២

61

បាល់ទាត់៖ ​សមាជិក​ដ៏​សំខាន់​របស់​ក្រុម​ហង្ស​ក្រហម Liverpool នា​រដូវ​កាល​នេះ Mohamed Salah ទីបំផុត​បាន​ប្រជែង​យកឈ្នះ​ពានរង្វាន់ PFA Player of the Year ខណៈ​ដែល​ក្លឹប​ជើងឯក​ឆ្នាំនេះ Manchester City ពី​កីឡាករ Leroy Sane បាន​ដណ្ដើម​យក​ពាន​កីឡាករ​វ័យក្មេង​ល្អ​បំផុត​ ដែល​ប្រកាស​ឡើង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។​​​កីឡាករ​អន្តរជាតិ​អេ​ហ្ស៊ី​ប​រូប​នេះ​ បាន​ផ្ដួល​គូប្រជែង​របស់​ខ្លួន​ដូចជា​កីឡាករ Kevin de Bruyne, David de Gea, Harry Kane, Leroy Sane រួម​ជាមួយ​នឹង David Silva ជាដើម​ផង​ដែរ។​ ​បុរស​វ័យ ២៥​ឆ្នាំ​រូប​នេះ​ថ្លែង​ក្រោយ​ឈ្នះ​ពាន​ធំ​ផ្ទាល់ខ្លួន​លើកដំបូង​ថា គេ​មាន​អារម្មណ៍​រីករាយ​ក្រៃលែង អ្នកដឹង​ទេ​ខ្ញុំ​ហ្វឹក​ហាត់​ខ្លាំង ហើយ​អ្វី​ដែល​តប​មកវិញ​គឺ​ភាព​ជោគជ័យ​ នឹង​ការ​ទទួល​បាន​ពាន​នេះ ជាមួយ​នឹង​ការ​បោះឆ្នោត​គាំទ្រ​ពី​សំណាក់​កីឡាករ​ទាំងអស់ ២០​ក្រុម​នៅ​ក្នុង​លី​ហ្គ។ លើកដំបូង​កាល​បង្ហាញ​ខ្លួន​ជាមួយ Chelsea ហាក់​មិន​សូវ​មាន​អ្នក​ឲ្យ​តំលៃ​ឡើយ​នៅ​ទឹកដី​អង់គ្លេស ប៉ុន្តែ​គេ​បាន​ព្យាយាម​នឹង​ប្រឹងប្រែង​ ដើម្បី​យកឈ្នះ​ចិត្ត​អ្នកគាំទ្រ​នៅ​ទី​នេះ។

​​បច្ចុប្បន្ន​នេះ Salah ដែល​ជា​មនុស្ស​ម្នាក់​ ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អេ​ហ្ស៊ី​ប​ឡើង​ទៅ​លេង World Cup ជិត ៣០ឆ្នាំ​លើកដំបូង​រូប​នេះ​ បាន​ស៊ុត​បញ្ចូល​ទី ​៣១​គ្រាប់​ហើយ​នៅ Premier League នា​រដូវ​កាល​ដំបូង​ជាមួយ Liverpool ហើយក៏​នឹង​អាច​បំបែក​កំណត់ត្រា ​អ្នក​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​ផង​ដែរ​នៅ​ទីនេះ​ក្នុង ៣៨ប្រកួត ខណៈ​ដែល​គេ​ស៊ុត​សរុប​បាន ៣៤គ្រាប់​ក្នុង ៤២ប្រកួត។​ ​គួរ​បញ្ជាក់​ថា Leroy Sane ខកខាន​ឱកាស​ដណ្ដើម​ពាន​កិត្តិ​សយ​ដ៏​ធំ​មួយ​នេះ ប៉ុន្តែ​គេ​បាន​យកឈ្នះ​ពាន​កីឡាករ​ក្មេង​លេង​ល្អ​ជាងគេ​នាំមុខ Harry Kane, Ederson Moraes, Marcus Rashford, Ryan Sessegnon នឹង​មិត្ត​រួម​ក្រុម Raheem Sterling ផង​ដែរ៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ