សម្តេច​តេ​ជោ ​បញ្ជា​មិន​ឱ្យ​សាងសង់​សំណង់​អគារ​ខ្ពស់ៗ​ជាង​ដើមឈើ​នៅតាម​បណ្តា​កោះ​នោះទេ​

1005

ព្រះសីហនុ៖ អញ្ជើញ​ថ្លែង​ពី​ពិធី​សម្ពោធ​សណ្ឋាគារ​ផ្កាយ​ប្រាំ ដឺ​រ៉ូ​យា​ល់ សេន កោះរុង នៅ​ថ្ងៃទី​២៣​ខែមេសា​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឯកភាព​ជាមួយនឹង​អនុសាសន៍ របស់​ប្រធាន​ក្រុមហ៊ុន​ដឺ​រ៉ុ​យា​ល់​សែន​កោះរុង​ដែល​សំណូមពរ សុំ​កុំឱ្យ​មានការ​សាងសង់​សំណង់​អគារ​ខ្ពស់ៗ​ជាង​ដើមឈើ នៅតាម​បណ្តា​ឆ្នេរ​និង​កោះ​នានា ។​

សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា ការហាម​យ៉ាង​ដូច្នេះ​គឺ​ដើម្បី​ឲ្យបណ្តា​ឆ្នេរ​និង​កោះ​នានា រក្សា​បរិស្ថាន​នៃ​កោះ​ធម្មជាតិ ។ ការដែល​ប្រមុខ​រាជរដ្ឋាភិបាល បាន​ឯកភាព ជាមួយនឹង​អនុសាសន៍​បែបនេះ ដោយសារ​បណ្តា​ឆ្នេរ មួយចំនួន​ត្រូវបាន​គេ​មើលឃើញ​មានការ​សាងសង់​សំណង់​អគារ​ខ្ពស់ៗ​រាប់​សិន​ជាន់ រួចជាស្រេច​ទៅហើយ​។

លោកនាយក​ក្រុមហ៊ុន​ដឺ​រ៉ូ​យា​ល់​សេន កោះរុង បញ្ជាក់ថា បណ្តា​រមណីយដ្ឋាន​ភាគ​ច្រើន នៅក្នុង​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កែប និង​នៅ​បណ្តា​កោះ​មួយចំនួន ត្រូវបាន​សាងសង់​លើ​ឆ្នេរ​ខ្សាច់ ភាគច្រើន​គឺមាន​ចំងាយ​តិចជាង ១០​ម៉ែត្រ គិតពី​បន្ទាត់​ខ្សែទឹក​ឡើង​ខ្ពស់ ។

ដោយឡែក​ចំពោះ​សណ្ឋាគារ​ផ្កាយ​ប្រាំ​រ៉ូយ៉ាល់​សេន កោះរុង គឺ​បាន​អនុវត្ត​សាងសង់​ដោយ​រក្សាទុក​ចំណី​ឆ្នេរ​មាន​គម្លាត​ប្រវែង ៥០​ម៉ែត្រ ពី​បន្ទាត់​ខ្សែទឹក​ឡើង​ខ្ពស់ ស្របតាម​ការកំណត់រ​បស់​រាជរដ្ឋាភិបាល ដែល​គម្លាត​ដ៏​វែង​នេះ​ហាក់ដូចជា​ខាតបង់​ដី​និង​ថវិកា ក៏ប៉ុន្តែ​ផ្ទុយទៅវិញ គម្លាត​ចំណី​ឆ្នេរ​ខាងលើនេះ នឹង​បង្កើត​ឲ្យ​មាន​បរិយាកាស​ទីធ្លា​ឆ្នេរ​ខ្សាច់​ដ៏​ធំ​ទូលាយ​ស្រស់បំព្រង​សំរាប់​ឲ្យ​សាធារណជន​ប្រើប្រាស់​ដូចជា​ការលេង​កីឡា និង​ការកំសាន្ត​លំហែរ​កាយ​ជាដើម​។

អាស្រ័យហេតុនេះ លោក​ក៏បាន​ស្នើសុំ​អាជ្ញាធរ​កម្ពុជា​មេត្តា​បន្ត​ជួយ​ពង្រឹង​ការអនុវត្ត ស្តង់ដា​បែបនេះ​ដល់​រមណីយដ្ឋាន ដែល​នឹងត្រូវ​សាងសង់​នៅតាម​ឆ្នេរសមុទ្រ​ជា​បន្តបន្ទាប់​អោយ​គោរព​តាម​ស្តង់ដា​នេះ ដែលជា​ប្រយោជន៍​សំរាប់​ទេសចរ​ជាតិ​និង​អន្តរជាតិ​មក​កំសាន្ត​លំហែរ​កាយ​នៅលើ​ឆ្នេរ​ដ៏​មានគុណ​៕