អាម៉េរិក​បន្ត​ផ្តល់​ការ​អនុគ្រោះ​ពន្ធ ដល់​ប្រទេស​អភិវឌ្ឍ​តិចតួច​ឡើងវិញ​

1193

ភ្នំពេញ៖ សហរដ្ឋអាមេរិក​បាន​បន្ត​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​ដល់​ប្រទេស​អភិវឌ្ឍ​តិចតួច​ឡើងវិញ​កាលពី​ថ្ងៃ​២២ មេសា ក្រោយពី​ប្រទេស​នេះ​បាន​ត្រួតពិនិត្យ​ឡើងវិញ​លើ​ការ​ផ្តល់​ការអនុគ្រោះ​ពន្ធ GSP ដល់​បណ្តាល​ប្រទេស ដែលមាន​ការអភិវឌ្ឍ​តិចតួច​ដូចជា​ប្រទេស​កម្ពុជា​ជាដើម​។​

ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​នៅ​ថ្ងៃ​២៣ មេសា ដោយ​បញ្ជាក់​ថា កាលពី​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ​២០១៨ ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump បាន​ចុះហត្ថលេខា​លើ​ច្បាប់​ស្តីពី H.R 1625, The Consolidated Appropriation Act 2018 ដើម្បី​បន្ត​ឡើងវិញ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ដោយ​ភ្ជាប់ ជាមួយ​ការធ្វើ​ប្រតិកម្ម​ពីថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៨ ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ។​

សេចក្តីជូនដំណឹង​ដដែល​បន្តថា ការបន្ត​ឡើងវិញ​នៃ​ការផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ​នេះ បាន​ចូល​ជា​ធរមាន កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៨​។ ចំពោះ​អ្នក​ដែល​បាន​នាំ​ចូលទៅ​សហរដ្ឋអាមេរិក​ចាប់ពី​ថ្ងៃទី​០១ មករា ឆ្នាំ​២០១៨ អាច​ស្នើសុំ​ដក​ប្រាក់​ពន្ធ​ដែល​បង់​រួច​វិញ​បាន តាម​ការជូនដំណឹងរ​បស់​តំណាង​ពាណិជ្ជកម្ម​សហ រដ្ឋ​អាមេរិក ហៅ​កាត់ USTR​។​

យោងតាម​ការណែនាំ​រប​ស់​អង្គភាព​គយ និង​ការពារ​ព្រំដែន​សហរដ្ឋអាមេរិក គឺ U.S. Customs and Border Protection ហៅ​កាត់ CBP បាន​បញ្ជាក់ថា រាល់​ពាណិជ្ជករ​ទាំងអស់​ដែល​ប្រើ Special Program Indicator SPI កូដ “A” គឺ All Developing Beneficiary Countries នោះ នឹងត្រូវ​ទទួលបាន​ប្រាក់​ពន្ធ​ដែល​បាន​បង់​ត្រឡ ប់​មកវិញ ដោយ​ស្វ័យប្រវត្តិ​។

ដោយឡែក​ចំពោះ​ពាណិជ្ជករ​ដែល​នាំ​ផលិតផល​ចូលទៅ​កាន់​សហរដ្ឋអាមេរិក ដែល​មិន​ប្រើ SPI កូដ “A” អាច​ស្នើរ​សុំ​ប្រាក់​ពន្ធ​មកវិញ​បាន​តាមរយៈ US Customs and Border Protection (CBP) ដោយ​ត្រូវដាក់​ពា​ក្ស​ស្នើរ​សុំ​ដោយ​ខ្លួនឯង​អោយបាន​មុន​ថ្ងៃ​១៩ កញ្ញា ឆ្នាំ​២០១៨​។​

តួលេខ​របស់​ការិយាល័យ​ស្ថិតិ​សហរដ្ឋអាមេរិក​កាលពី​ខែកក្កដា ឆ្នាំ​២០១៧ បង្ហាញឱ្យឃើញថា ការនាំ​ចូល ទៅ​អាមេរិក​ក្រោម​ក្របខណ្ឌ​ការអនុគ្រោះ​ពន្ធ GSP មាន​ទំហំ​ទឹកប្រាក់​ជាង​១៨​ពាន់​លាន​ដុល្លារ​។ ចំណែក ការនាំចេញ​ផលិតផល​ស្បែកជើង និង​កាបូប​របស់​កម្ពុជា​ក្រោម​ក្របខណ្ឌ​ការអនុគ្រោះ​ពន្ធ​នេះ ទៅកាន់​សហ រដ្ឋ​អាមេរិក មាន​ទំហំ​ទឹកប្រាក់​ជាង​១៦០​លាន​ដុល្លារ​៕