ឯកឧត្ដម​ ហ៊ុន ម៉ា​ណែ​ត​ ថ្លែង​ថា បច្ចុប្បន្ន​ពលរដ្ឋ​បាន​ចាប់អារម្មណ៍ និង​ផ្តល់​តម្លៃ​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​

534

ភ្នំពេញ៖ ឯកឧត្ដម ​ហ៊ុន ម៉ា​ណែ​ត លើក​ឡើងថា ជា​មោទនភាព​ណាស់ ចំពោះ​កងយោធពល​ខេមរភូមិន្ទ ព្រោះ​បច្ចុប្បន្ន ប្រជាពលរដ្ឋ​បាន​ចាប់អារម្មណ៍ និង​ឲ្យ​តម្លៃ​ខ្ពស់​ចំពោះ​កងកម្លាំងប្រដាប់អាវុធ​។

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កាលពី​សម័យ​សង្គ្រាម ទាហាន​ត្រូវ​បាន​គេ​ចាប់​បង្ខំ​ឱ្យចូល​បម្រើកងទ័ព ដោយ​មិនមាន​ការឯកភាព​ពីសា​មី​ខ្លួន​។ ប៉ុន្តែ ​បើ​គេ​ក្រឡេកមើល​បច្ចុប្បន្នភាព​វិញ យុវជន​ជាច្រើន​បាន​ស្ម័គ្រចិត្ត​ចូលរួម​យ៉ាង​ពេញចិត្ត​ជាមួយនឹង​វិស័យ​យោធា ដែលជា​ខឿន​ការពារជាតិ​យ៉ាងសំខាន់​។ ឯកឧត្តម​ថ្លែង​ដូច្នោះ អំឡុងពេល អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល និង​ចុះសាកសួរ​សុខទុក្ខ អង្គភាព​សម្ព័ន្ធ​មេត្រីភាព នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ កាលពី​ថ្ងៃទី ២២ មេសា ក្រុងភ្នំពេញ​។

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បន្តថា សមរភូមិ​ក្រោយ​ជួយ​ដល់​សម​ភូមិ​មុខ​ដើម្បីឱ្យ​សមរភូមិ​មុខ​ជួយ​ត្រឡប់មក ជួយ​សមរភូមិ​ក្រោយ​វិញ​។ ការបង្កើត​យន្ត​ការចង​សម្ព័ន្ធមេត្រីភាព ដើម្បី​ផ្ដល់ឱកាស​ឱ្យ​សមរភូមិ​ក្រោយ ដែល​សប្បុរសជន​នានា​ជួយ​ទៅដល់​កងទ័ព​ក្នុងការ​ការពារ​បូរណភាព​ទឹកដី និង​ជួយ​ការពារ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​។

កាលពីពេល​កន្លងទៅ​សម្ព័ន្ធមេត្រីភាព បាន​ជួយ​ជាច្រើន​ទៅលើ​វិស័យ​កងទ័ព ដែល​នេះ​គឺជា​គំនិត​នៃ​ការចែករំលែក ក្នុងការ​ជួយឧបត្ថម្ភ​គាំទ្រ​ទៅលើ​ផ្នែក​កងទ័ព​បន្ថែម​លើ​គោល​របប នៃ​កងយោធពល​ខេមរភូមិន្ទ​។​

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍​បន្ថែមថា គណបក្សប្រឆាំង​យល់ថា កងទ័ព កម្លាំងប្រដាប់អាវុធ​គឺជា​កងទ័ព​របស់ គណបក្ស​ប្រជាជន​កម្ពុជា តាមពិត​កង​ព័​ទ គឺជា​របស់​រដ្ឋាភិបាល​។

គណបក្សប្រឆាំង​ធ្លាប់​ស្រែកថា​រាជរដ្ឋាភិបាល​មិនបាន​យកចិត្តទុកដាក់​លើ​កង​ទ័ព មិនបាន​គិតគូរ​ពី​ជីវភាព​របស់​កងទ័ព ប៉ុន្តែ​កាលពី​បក្ស​ប្រ​ឆាំ​មាន​សំលេង​នៅក្នុង​សភា បក្សប្រឆាំង​មិនដែល​បាន​បោះឆ្នោត​គាំទ្រ តម្លើង​ប្រាក់​បៀវត្ស​ឱ្យ​កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រីរាជការ​នោះឡើយ​។

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា ប្រជាពលរដ្ឋ និង​កងទ័ព មិនត្រូវ​ស្តាប់ ការឃោសនា​ន​នា របស់​គណបក្សប្រឆាំង​នោះឡើយ​។ ព្រោះ​បក្សប្រឆាំង​តែងតែ​ព្យាយាម​ប្រើ​មធ្យោបាយ​បំផុសបំផុល​ឲ្យ​ប្រជាពលរដ្ឋ​ក្រោក​ឡើង​បះបោ​ប្រឆាំងនឹង​រដ្ឋាភិបាល អូសទាញ​កម្លាំងប្រដាប់អាវុធ​ឲ្យ​ចូលក្នុង​ចលនា​ប្រឆាំង​រាជរដ្ឋាភិបាល​។ ការឃោសនា​របស់​បក្ស​ប្រឆាំង​បែបនេះ គឺ​បណ្តាល​សង្គមជាតិ​មាន​គ្រោះថ្នាក់ និង​បណ្តាលឱ្យមាន​សង្គ្រាម​ផ្ទៃក្នុង​៕