ចិន​ចាប់ផ្ដើម​ព្រួយបារម្ភ​ថា ​កូរ៉េខាងជើង​អាច​នឹង​ក្លាយ​ជា​ប្រទេស​សម្ព័ន្ធមិត្ត​ថ្មី​របស់​អាមេរិក​

7423

​ចិន៖ ប្រទេស​ចិន និង​កូរ៉េខាងជើងមាន​អំនួត​ចំពោះ​សម្ព័ន្ធមិត្ត​ បង្កើត​បាន​ជា​ថ្លុក​ឈាម​របស់​ពួកគេ​។ ទាហាន​ចិន​ ១៣​ម៉ឺន​នាក់ ដែល​រួមបញ្ចូល​ទាំង​កូនប្រុស​បង្កើត​របស់​មេ​ដឹកនាំ​ ម៉ៅ សេទុង បាន​ស្លាប់​ក្នុង​ការ​ការពារ​កូរ៉េខាងជើងអំឡុង​សង្គ្រាម​កូរ៉េ​ ប៉ុន្តែ​ទំនាក់ទំនង​មួយ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ប៉ុន្មាន​នោះ​ទេ​។

​ស្រប​ពេល​ដែល​ទីក្រុង​ព្យុងយ៉ាង​ពឹងផ្អែក​លើ​ទីក្រុង​ប៉េកាំង​ សម្រាប់​ការ​គាំពារ​ផ្នែក​ការទូត និង​ពាណិជ្ជកម្ម​នោះ ក្រុម​អ្នក​ជំនាញបាន​និយាយ​ថា របប​កូរ៉េខាងជើង​តែងតែ​អាក់​អន់​ស្រពន់​ចិត្ត ​ក្នុង​ការ​ដើរតួ​ជា​ប្អូន​តូច​របស់​បងធំ​ចិន​។​ ស្រប​ពេល​ដែល​មេដឹកនាំ​កូរ៉េខាងជើង លោក​ គីម ជុង​អ៊ុន ធ្វើ​ឲ្យ​ខ្លួនឯង​លេចធ្លោ​លើ​ឆាក​អន្តរជាតិ និង​ត្រៀម​ចូលរួម​ជំនួប​កំពូល​ ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក ​មូ​ន ចេ​អ៊ី​ន និង​ប្រធានាធិបតី​សហរដ្ឋ​អា​មេរិក​លោក ​ដូ​ណា​ល់ ត្រាំ​ នោះ ទីក្រុង​ប៉េកាំងមាន​ក្ដី​កង្វល់​ថា ទីក្រុង​ព្យុងយ៉ាងកំពុង​រំកិល​ចេញពី​គន្លង​របស់​ខ្លួន និង​ចាប់ផ្ដើម​រស់រាន​ដោយ​ខ្លួនឯង​។​ ខណៈ​ដែល​សំពាធ​សេដ្ឋកិច្ច​ចិន​ បាន​ក្លាយ​ជា​ចំណុច​សំខាន់​ក្នុង​ការ​នាំ​ឲ្យ​លោក ​គីម វិល​រក​តុ​ចរចា​នោះ ទីក្រុង​ប៉េកាំង​មានការ​ព្រួយបារម្ភ​ថា បច្ចុប្បន្ន​លោក​ គីម អាច​យល់ព្រម​នឹង​កិច្ចព្រមព្រៀង​មួយ​ ដែល​នឹង​ធ្វើ​ឲ្យ​ប្រទេស​របស់​គាត់​ខិត​កាន់តែ​ជិត​នឹង​គូ​សត្រូវ​ចាស់ និង​ឃ្លាត​កាន់តែ​ឆ្ងាយ​ពី​ប្រទេស​សម្ព័ន្ធមិត្ត​របស់​ខ្លួន ​ដែល​ធ្លាប់​ស៊ូ​អត់​ស៊ូ​ឃ្លាន​ជាមួយគ្នា​នោះ​។

​លោក​ តុង ចាវ គឺជា​អ្នក​ជំនាញ​គោលនយោបាយ​នុយក្លេអ៊ែរ​ នៅ​ឯ​មជ្ឈមណ្ឌល​គោលនយោបាយ​សកល Tsinghua Carnegie ស្ថិត​នៅ​ក្នុង​ទីក្រុង​ប៉េកាំងបាន​និយាយ​ថា មាន​នូវ​ក្តី​កង្វល់​ខ្លាំង​បំផុត​មួយ​នៅ​ក្នុង​សហគមន៍​ចិន​ថា សហរដ្ឋអាមេរិក​នឹង​ព្រម​ទទួលយក​ ប្រទេស​សមត្ថភាព​នុយក្លេអ៊ែរ​កូរ៉េខាងជើង ជា​ប្រទេស​សម្ព័ន្ធ​ថ្មី​របស់​ពួកគេ ឬ​យ៉ាងហោចណាស់​ក៏​ជា​ប្រទេស​មិត្តភាព​នោះ​ដែរ​៕
អត្ថបទ៖ សារ៉ាត់