ក្រុម​សកម្មជន​កូរ៉េខាងត្បូង​ស្វាគមន៍​កិច្ច​ប្រជុំ​កំពូល​អន្តរ​កូរ៉េ ខណៈ​មាន​អ្នក​តវ៉ា​មួយ​ចំនួន​​​ប្រឆាំង​នឹង​កិច្ច​ប្រជុំ​កំពូល​នេះ​

493

កូរ៉េ​ខាង​ត្បូង៖ ​ក្រុម​សកម្មជន​កូរ៉េខាងត្បូងបាន​ប្រមូល​ផ្ដុំ​គ្នា នៅ​កណ្ដាល​ទីក្រុងសេ​អ៊ូ​លកាលពីថ្ងៃ​ពុធ​ម្សិលមិញ ដើម្បី​ស្វាគមន៍កិច្ចប្រជុំ​កំពូល​អន្តរ​កូរ៉េ ដែល​នឹង​ធ្វើឡើងនៅ​ថ្ងៃស្អែកនេះ ជា​ជំនួប​លើកដំបូងក្នុងរយៈពេល ១ទសវត្សរ៍កន្លង​មក​នេះ។​​​សមាជិក​ក្រុម​ពលរដ្ឋ​រាប់​សិប​នាក់បាន​រាំ និង​ស្រែក​ពាក្យស្លោក ខណៈក្រុម​សកម្មជនមួយ​ចំនួន​ត្រូវ​គេ​មើល​ឃើញ កំពុង​ពាក់​មុខរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in​ និងមេដឹកនាំ​កូរ៉េខាងជើងលោក Kim Jong Un។ ក្រុម​ប្រជាពលរដ្ឋដឹកនាំ​ដោយលោក គីម ចាង វ៉ាន បាន​និយាយ​ថា ពួកគេ​រីករាយ​ណាស់​ដែល​បាន​លឺ​របៀបវារៈ​នៃកិច្ចប្រជុំ​កំពូល ​រួម​ទាំងការ​បញ្ចប់​ជា​ផ្លូវការ​នូវ​ភាព​អមិត្ត​ ដែល​តាម​ពាក្យ​បច្ចេកទេសថា ប្រទេស​ទាំង​២​ នៅ​តែ​មាន​សង្គ្រាម​នឹង​គ្នា​នៅឡើយ ដែល​បាន​បន្ត​តាំងពីសង្គ្រាម​កូរ៉េ​ឆ្នាំ1950-53​ បញ្ចប់​ដោយ​មាន​ត្រឹមតែ​បទ​ឈប់​បាញ់តែ​គ្មាន​សន្ធិសញ្ញា។​ នៅ​ម្ខាង​ទៀត​នៃ​ផ្លូវអ្នក​តវ៉ា​ ៦នាក់បាន​ប្រមូល​ផ្ដុំ​គ្នាប្រឆាំងកិច្ច​ប្រជុំ​កំពូល​ ដោយ​ច្រានចោលជំនួប​កំពូល ​ដែល​នឹង​ចូល​មក​ដល់ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ ដែលពួកគេ​បាន​អះ​អាង​ថាជា​ការ​ចរចា​គ្មាន​ន័យ​ខ្លឹមសារ​។ ​មេដឹកនាំ​ការ​តវ៉ា​នេះ​អ្នកស្រី​ ជូន ​អុក​ស៊ុន បាន​និយាយ​ថា ពួកគេ​មិន​ជឿ​ថា កូរ៉េខាងជើង​នឹង​រំសាយ​ចោល​អាវុធនុយក្លេអ៊ែរនោះ​ទេ​។

​​​លោក មូ​ន ​និង​លោក គីម ​នឹង​អង្គុយ​ទល់មុខ​គ្នានៅភូមិ​ស្ងប់សឹក​ ផាន​មុន​ជុំ​ នៅ​ថ្ងៃសុក្រ​ស្អែក​នេះ ដើម្បីពិភាក្សា​បញ្ហាដែល​កំពុងប្រឈម​ខ្លាំង រួមមានកម្មវិធី​អាវុធនុយក្លេអ៊ែររបស់​កូរ៉េខាងជើង។ ​ចំណែក​កូរ៉េខាងជើង​វិញបាន​បញ្ជាក់​កាលពី​ថ្ងៃ​សៅរ៍​ ទី២១ ខែមេសាថា ​ខ្លួន​នឹង​ផ្អាក​ការ​បាញ់​សាកល្បងមី​ស៊ី​ល​ និង​នុយក្លេអ៊ែរ ព្រមទាំង​បិទ​កន្លែង​បាញ់​សាកល្បងនុយក្លេអ៊ែរ​របស់​ខ្លួនផង​ដែរ ជំនួស​មកវិញ​នូវ​ការស្វែងរកការលូតលាស់​ផ្នែក​សេដ្ឋកិច្ច និងសន្តិភាព៕
អត្ថបទ៖ សុខ​មាន