​អ៊ីរ៉ង់​ច្រានចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ថ្មី ខណៈ​បារាំង​សន្យា​ថា ​នឹង​មិន​ឲ្យ​អ៊ីរ៉ង់​មាន​អាវុធ​បរមាណូ​ជា​រៀង​រហូត

83

អ៊ីរ៉ង់៖ ប្រធានាធិបតី​អ៊ីរ៉ង់លោក Hassan Rouhani បាន​ច្រានចោលក្ដី​សង្ឃឹម​ណាមួយ នៃការ​បង្កើតកិច្ច​ព្រម​ព្រៀងអាវុធ​នុយក្លេអ៊ែរ​ឡើង ជាមួយមហាអំណាច​ពិភពលោកកាលពីថ្ងៃ​ពុធ​ ខណៈ​ដែល​ស​មា​ភាគី​បារាំងរបស់​លោក​ សន្យា​ចំពោះ​តំណាងរាស្ត្រ​អាមេរិក​ថា អ្វីៗ​នឹងត្រូវ​ធ្វើ​ដើម្បី​បញ្ឈប់សកម្មភាព ផលិត​អាវុធ​អាតូមិចរបស់​អ៊ីរ៉ង់។​

​​ក្នុង​វិធី​ខុស​ប្លែក​គ្នា​របស់​ពួកគេ សហភាព​អឺរ៉ុប, អ៊ីរ៉ង់ និង​រុស្ស៊ី កំពុង​ស្វែងរកការ​បញ្ចុះបញ្ចូល​ប្រធានាធិបតី​អាមេរិក Donald Trump កុំ​ឲ្យ​បោះបង់ចោលកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ដែល​បាន​បញ្ឈប់​កម្មវិធីអាវុធ​បរមាណូ ជា​ថ្នូរ​នឹង​ការ​ដក​ទណ្ឌកម្ម​នានា​។ ​លោក ត្រាំ បាន​ហៅ​កិច្ច​ព្រមព្រៀង​ដែល​មាន​ស្រាប់​ថា ជា​រឿង​មិន​សម​ហេតុផល និង​គួរ​ឲ្យ​អស់សំណើច ព្រោះ​ការ​រឹតត្បិតរបស់​ខ្លួន​ចាប់ផ្ដើម​អស់​សុពលភាព​ក្នុង​ឆ្នាំ២០២៥។​

​ប៉ុន្តែ​ថ្លែង​ទៅកាន់សភា​អាមេរិកនៅ​ថ្ងៃ​ចុងក្រោយ ​នៃដំណើរ​ទស្សនកិច្ច​រយៈពេល ​៣​ថ្ងៃ​របស់​លោកមកកាន់​ទីក្រុងវ៉ាស៊ីនតោន លោកប្រធានាធិបតីបារាំង​ អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​និយាយ​ថា អ៊ីរ៉ង់នឹង​មិនមានអាវុធ​នុយក្លេអ៊ែរ​ណាមួយ​ឡើយ ពេលនេះ​ក៏​គ្មាន, ​៥​ឆ្នាំ​ទៀត​ក៏​គ្មាន, ១០​ឆ្នាំ​ទៀត​ក៏​គ្មាន​គឺ​គ្មាន​ជា​រៀង​រហូត៕
អត្ថបទ៖ សុខ​មាន