ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា​សម្តែង​ការ​ត្រេកអរ​ខ្លាំង​ចំពោះ​កិច្ច​សន្ទនា​រវាង​ថ្នាក់ដឹកនាំ​កំពូល​ឧបទ្វីប​កូរ៉េ​ ជាថ្មី​ម្តងទៀត​

56

ភ្នំពេញ ៖ ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​សម្តែង​ការ​ត្រេកអរ​យ៉ាងខ្លាំង​ចំពោះ​កិច្ច​សន្ទនា​រវាង​ថ្នាក់ដឹកនាំ​កំពូល ​នៃ​ឧបទ្វីប​កូរ៉េ ​ដែល​នឹង​ប្រព្រឹត្តិ ​ទៅនា​ថ្ងៃទី​២៧ ​ខែមេសា ឆ្នាំ​២០១៨​នេះ​នៅ​ព្រំដែន​នៃ​ប្រទេស​កូរ៉េខាងជើង​និង​ខាងត្បូង​។

ថ្លែង​នៅក្នុង​កិច្ច​ជំនួប​ជាមួយ​លោក Oh Nak -young ​ឯកអគ្គរាជទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុ​ជានា​រសៀល​ ថ្ងៃទី​២៥ ​ខែមេសា ឆ្នាំ​២០១៨​នេះ ​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់​បាន​លើក ​ឡើង​ថា កម្ពុជា​ពិតជា​ត្រេកអរ​យ៉ាង​ខ្លាំង​ដោយ​បាន​ឃើញ​បងប្អូន​គួរ​សត្រូវ​នៃ​ប្រទេស​ទាំងពីរ ​ស្វែងរក​ការ​ចរចារ​គ្នា​ដោយ​សន្តិវិធី​ និង​ប្រកបដោយ​សុឆន្ទៈ​បំផុត​នោះ​។

សម្តេច​ពិជ័យ​សេនា​ បាន​សង្កត់​ធ្ងន់​ថា​«​ក្នុងនាម​ខ្ញុំ​តំណាង​ឲ្យ​កងទ័ព​កម្ពុជា​ទាំងមូល​មាន សេចក្តី​ត្រេកអរ​យ៉ាងខ្លាំង​ហើយក៏​ជា​សុឆន្ទៈ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ​ ដែល​ចង់​ឲ្យ​ប្រទេស​ក្នុង​តំបន់​ក៏ដូចជា​ពិភពលោក​មាន​សុខ​សន្តិភាព​នោះ​»​។​ សម្តេច ​បាន​បន្ថែមទៀត​ថា​ ការ​ជួបពិភាក្សាគ្នា​រវាង​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​កូរ៉េ​ទាំងពីរ​នេះ​នឹង​ទទួល​បាន​ជោគជ័យ​ធំ បំផុត​ដែល​កម្ពុជា​ក៏ដូចជា​ពិភពលោក​ចង់បាន​។

សូម​រំលឹកថា​ លោក គីម ជុង​អ៊ុន ប្រមុខរដ្ឋ​កូរ៉េខាងជើង និង​លោក ម៉ូ​ន​ ជិ​អ៊ុន ​ប្រធានាធិបតី​កូរ៉េខាងត្បូង​នឹង​ជួប​ពិភាក្សា​គ្នា​នៅ​តំបន់​ព្រំដែន​ប្រទេស​ទាំងពីរ ​ដែល​មាន​ឈ្មោះថា ប៉ាន់ មុន​ចុំ​ដើម្បី​ស្វែងរក​សន្តិភាព​នៃ​ប្រទេស​ទាំងពីរ​និង​លុបចោល​ការផលិត​អាវុធ​នុយ​ក្លេ​អែ​ និង​គ្រាប់​មី​ស៊ី​ល​។ កិច្ច​ជំនួប​នេះ​ត្រូវ​បាន​កម្ពុជា​ក៏ដូចជា​ពិភពលោក​សម្តែង​ការ​ត្រេកអរ​យ៉ាងខ្លាំង​ដោយ​រំពឹងថា​នឹង​ទទួល​បាន​ជោគជ័យ​ផងដែរ​។

ទាក់ទង​នឹង​កិច្ច​ជំនួប​ចរចា​នេះ លោក​Oh Nak -young ​ឯកអគ្គរាជទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​បាន​សម្តែង​ អំណរ​អគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​គាំទ្រ​ប្រកប ​ដោយ​សុឆន្ទៈ​នោះ​។

លោក​ Oh Nak –young​ បាន​បន្ថែមថា កម្ពុជា​គឺជា​មិត្ត​ដ៏​ល្អ​របស់​កូរ៉េខាងត្បូង​ហើយ​កូរ៉េ នឹង​បន្ត​ជួយ​កម្ពុជា​ជានិច្ច និង​រំពឹងថា​ ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ ទៀតផង​ដែរ​។

លោក​Oh Nak –young​ បាន​បន្ថែមថា ​កងទ័ព​កូរ៉េ​និង​កងទ័ព​កម្ពុជា​បានសម្រេច​បង្កើត អនុព័ន្ធយោធា​ក៏​ដើម្បី​ចង់​ផ្លាស់ប្ដូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក ហើយ​ការ​បង្កើត​នេះ ​ក៏​បញ្ជាក់​នូវ​ភាពជា​ដៃគូរ​ដ៏​ល្អ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​៕