ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា​សម្តែង​ការ​ត្រេកអរ​ខ្លាំង​ចំពោះ​កិច្ច​សន្ទនា​រវាង​ថ្នាក់ដឹកនាំ​កំពូល​ឧបទ្វីប​កូរ៉េ​

398

ភ្នំពេញ៖ ជាថ្មី​ម្តងទៀត​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​សម្តែង​ការ​ត្រេកអរ​យ៉ាងខ្លាំង​ចំពោះ​កិច្ចសន្ទនា​រវាង​ថ្នាក់ដឹកនាំ​កំពូល នៃ​ឧបទ្វីប​កូរ៉េ​ដែល​នឹង​ប្រព្រឹត្តិ ទៅនា​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨​នេះ​នៅ​ព្រំដែន​នៃ​ប្រទេស​កូរ៉េខាងជើង​និង​ខាងត្បូង​។​

ថ្លែង​នៅក្នុង​កិច្ច​ជំនួប​ជាមួយ​លោក Oh Nak-young ឯកអគ្គរាជទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា នា​រសៀល​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៨​នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​លើកឡើងថា កម្ពុជា​ពិតជា​ត្រេកអរ​យ៉ាងខ្លាំង​ដោយ​បានឃើញ​បងប្អូន​គួរ​សត្រូវ​នៃ​ប្រទេស​ទាំងពីរ ស្វែងរក​ការចរចារ​គ្នា​ដោយ​សន្តិវិធី និង​ប្រកបដោយ​សុ​ឆ​ន្ទះ​បំផុត​នោះ​។​

សម្តេច​ពិជ័យ​សេនា​បាន​សង្កត់ធ្ងន់ថា «​ក្នុងនាម​ខ្ញុំ​តំណាង​ឲ្យ​កងទ័ព​កម្ពុជា​ទាំងមូល​មាន សេចក្តីត្រេកអរ​យ៉ាងខ្លាំង​ហើយក៏​ជា​សុ​ឆ​ន្ទះ​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​ផងដែរ ដែល​ចង់​ឲ្យ​ប្រទេស​ក្នុង​តំបន់​ក៏ដូចជា​ពិភពលោក​មាន​សុខសន្តិភាព​នោះ​»​។ សម្តេច​បាន​បន្ថែមទៀត​ថា ការជួបពិភាក្សាគ្នា​រវាង​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​កូរ៉េ​ទាំងពីរ​នេះ​នឹង​ទទួលបាន​ជោគជ័យ​ធំ បំផុត​ដែល​កម្ពុជា​ក៏ដូចជា​ពិភពលោក​ចង់បាន​។​

សូម​រំលឹកថា លោក គីម ជុង​អ៊ុន ប្រមុខរដ្ឋ​កូរ៉េខាងជើង និង​លោក ម៉ូ​ន ជិ​អ៊ុន​ប្រធានាធិបតី​កូរ៉េខាងត្បូង នឹង​ជួប​ពិភាក្សាគ្នា​នៅ​តំបន់​ព្រំដែន​ប្រទេស​ទាំងពីរ ដែលមាន​ឈ្មោះថា ប៉ាន់ មុន​ចុំ​ដើម្បី​ស្វែងរក​សន្តិភាព​នៃ​ប្រទេស​ទាំងពីរ និង​លុបចោល​ការផលិត​អាវុធ​នុយ​ក្លេ​អែ និង​គ្រាប់​មី​ស៊ី​ល​។ កិច្ច​ជំនួប​នេះ​ត្រូវបាន​កម្ពុជា​ក៏ដូចជា​ពិភពលោក​សម្តែង​ការ​ត្រេកអរ​យ៉ាងខ្លាំង​ដោយ​រំពឹងថា​នឹង​ទទួលបាន​ជោគជ័យ​ផងដែរ​។​

ទាក់ទង​នឹង​កិច្ច​ជំនួប​ចរចារ​នេះ លោក​Oh Nak -young ឯកអគ្គរាជទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​បាន​សម្តែង​អំណរ​អគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​គាំទ្រ​ប្រកប ដោយ​សុ​ឆ​ន្ទះ​នោះ​។

លោក Oh Nak – young បាន​បន្ថែមថា កម្ពុជា​គឺជា​មិត្ត​ដ៏​ល្អ​របស់​កូរ៉េខាងត្បូង​ហើយ​កូរ៉េ នឹង​បន្ត​ជួយ​កម្ពុជា​ជានិច្ច និង​រំពឹងថា ទំនាក់ទំនង​រវាង់​ប្រទេស​ទាំងពីរ​កាន់តែ​ស៊ីជម្រៅ​បន្ថែម ទៀតផង​ដែរ​។​

លោក Oh Nak–young បាន​បន្ថែមថា​កងទ័ព​កូរ៉េ​និង​កងទ័ព​កម្ពុជា​បានសម្រេច​បង្កើត អនុព័ន្ធយោធា​ក៏ ដើម្បី​ចង់​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក ហើយ​ការបង្កើត​នេះ​ក៏​បញ្ជាក់​នូវ​ភាពជា​ដៃគូរ​ដ៏​ល្អ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​៕