អ៊ីរ៉ង់​អះ​អាង​ថា បើ​អាមេរិក​ដើរចេញ​នោះ​នឹង​លែង​មាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ទៀតហើយ

688

​អ៊ីរ៉ង់៖ នៅ​ក្នុង​បទសម្ភាសន៍​ជា​លើកដំបូង ​ដោយ​អ្នកតំណាង​មកពី​រដ្ឋាភិបាល​អ៊ីរ៉ង់ ចាប់​តាំង​ពី​មាន​ការ​វាយ​ប្រ​ហារ​​ដោយ​ពាក្យ​សម្ដី​ របស់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​ បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ លើ​កិច្ចព្រមព្រៀង​នុយ​ក្លេអ៊ែរ​អ៊ីរ៉ង់ ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់​ប្រចាំ​នៅ​ចក្រភព​អង់គ្លេសបាន​និយាយ​ប្រាប់ CNN​ ថា បើសិនជា​សហរដ្ឋអាមេរិក​ដក​ខ្លួន​ចេញពី​កិច្ចព្រមព្រៀង នោះ​មានន័យថា​ស្មើនឹង​ការ​គ្មាន​កិច្ច​ព្រមព្រៀង​នៅ​សេសសល់​ទៀត​ទេ​។​​លោក ​ហា​មី​ដ បា​អេ​ឌី​ណេ​ចា​ដ ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់​បាន​និយាយ​ថា ការ​ពិត​ណាស់​ថា ​អ៊ីរ៉ង់​នឹង​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​វិលត្រឡប់ ​ទៅ​រក​ភាព​អន្ធកា​ល​របស់​ខ្លួន​វិញ​។​ លោក​បន្ត​ថា វា​នឹង​ក្លាយ​ជា​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម វា​នឹង​ផ្ដល់​និយមន័យ​ឡើងវិញ​លើ​កិច្ច​សហប្រតិបត្តិការ​របស់​យើង​ ជាមួយ​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ ​(IAEA) និង​សកម្មភាព​មួយ​ចំនួន​ទៀត​ដែល​ស្ថិត​ក្រោម​ការពិចារណា​។​ សូម​បញ្ជាក់​ថា ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ​ដូ​ណា​ល់ ត្រាំ ប្រឈម​នឹង​ឱសានវាទ​ថ្ងៃ​ទី​១២ ខែ​ឧសភា​ខាងមុខនេះ ដើម្បី​សម្រេច​ចិត្ត​ថា​ តើ​អាមេរិក​គួរតែ​បន្ត​ដាក់ទណ្ឌកម្ម​អ៊ីរ៉ង់ ឬមួយ​ត្រូវ​នៅ​បន្ត​ជាមួយ​កិច្ចព្រមព្រៀង​មួយ​នេះ​។

​លោក ​ម៉ៃ ផ​ម​ផ្យូ រដ្ឋមន្ត្រីការបរទេស​ថ្មី​របស់​អាមេរិក បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា រដ្ឋបាល​លោក ​ត្រាំ នឹង​សម្រេចចិត្ត​លើ​ជំហាន​បន្ទាប់ ​សម្រាប់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។​ លោក ​ត្រាំ​ ធ្លាប់​បាន​លើក​ឡើង​ថា កិច្ច​ព្រមព្រៀង​មួយ​នេះ​ត្រូវ​ការចរចា​ឡើងវិញ​។ សូម្បីតែ​ប្រធានាធិបតី​បារាំង លោក​ អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង ដែល​​ជា​អ្នកការពារ​កិច្ចព្រមព្រៀង​មួយ​នេះ ក៏បាន​និយាយ​នៅ​ក្នុង​ទីក្រុង​ស៊ីដនីប្រទេស​អូស្ត្រាលី​កាលពី​ថ្ងៃ​ពុធ​ថា វា​នៅ​មិនទាន់​គ្រប់គ្រាន់​នោះ​ទេ​៕
អត្ថបទ៖ សារ៉ាត់