លោក​ ត្រាំ ​នឹង​ប្រកាសសេចក្ដី​សម្រេចចិត្ត​លើ​អនាគត​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នៅ​ថ្ងៃ​អង្គារ​ទី​៨ ខែ​​ឧសភា​នេះ​

232

អាមេរិក៖ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ថ្លែង​ថា​ លោក​នឹង​ប្រកាសសេចក្ដីសម្រេចចិត្តលើ​អនាគត ​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នៅ​ថ្ងៃ​អង្គារ​ទី៨ ខែ​​ឧសភា​នេះ ខណៈ​ប្រទេស​មហា​អំណាច​អឺរ៉ុប​ដាក់​សម្ពាធ​ លើ​ទីក្រុង​វ៉ាស៊ីនតោន​ឲ្យ​រក្សាទុក​កិច្ចព្រមព្រៀងឆ្នាំ​២០១៥។

លោក ត្រាំ បាន​គំរាម​ដក​ខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នេះ​ ដែល​បាន​ផ្ដល់​ឱ្យ​ប្រទេស​អ៊ីរ៉ង់​នូវ​ការ​ដោះ​លែង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ ជា​ថ្នូរ​នឹង​ការ​កម្រិត​សមត្ថភាព​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​របស់​ខ្លួន ​ប្រសិនបើ​ប្រទេសហត្ថលេខី​អឺរ៉ុប​​មិន​កែសម្រួល​នូវ​អ្វី​ ដែល​លោក ត្រាំ បាន​ហៅថាជា​ការ​ចន្លោះ​ប្រហោង​នោះ។​ លោក​ ត្រាំ មាន​ពេលវេលា​រហូតដល់​ថ្ងៃ​ទី​១២ ខែ​ឧសភា​ដើម្បី​សម្រេច​ថា​ តើ​នឹង​ត្រូវ​ដាក់ទណ្ឌកម្ម​ពី​អាមេរិក​ឡើងវិញលើ​អ៊ីរ៉ង់ ឬ​យ៉ាងណា​ដែល​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិច្ចព្រមព្រៀង​នេះ​។​

​គួរ​រម្លឹក​ថា កាលពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​កន្លងទៅប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន រ៉ូ​ហា​នី បាន​ព្រមាន​សហរដ្ឋអាមេរិក​ថា បើ​សិន​លោក Donald Trump លុប​ចោល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរឆ្នាំ​២០១៥ នោះ អាមេរិក​នឹង​ស្ដាយក្រោយ​និង​កំហុស​ប្រវត្តិសាស្ត្រ​៕
អត្ថបទ៖ សុខ​មាន